តា​អាចារ្យវត្ត​អាយុ​77​ឆ្នាំ រំលោភ​ក្មេង​ស្រី​អាយុ​9​ឆ្នាំ ចង​.​ក​ស្លាប់​ក្នុង​បន្ទប់​ឃុំខ្លួន

តា​អាចារ្យវត្ត​អាយុ​77​ឆ្នាំ រំលោភ​ក្មេង​ស្រី​អាយុ​9​ឆ្នាំ ចង​.​ក​ស្លាប់​ក្នុង​បន្ទប់​ឃុំខ្លួន

ខេត្តកំពត ៖ តា​អាចារ្យវត្ត​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចាប់​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ រំលោភ​សេពសន្ថវៈ​នៅ​បន្ទប់ទឹក​ក្នុង​វត្ត។ ដោយសារតែ​ក្តី​អាម៉ាស់ តា​អាចារ្យ​រូប​នេះ​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​ឃុំខ្លួន មុន​ពេល​នាំ​ខ្លួន​ទៅ​តុលាការ។
ការ​ចាប់រំលោភ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ តុលា កន្លង​មក នៅ​វត្ត​មួយ ស្ថិត​ក្នុង​ឃុំ​សំឡាញ់ ស្រុក​អង្គរ​ជ័យ ។ តា​អាចារ្យ​ជាប់ចោទ​រូប​នេះ​ឈ្មោះ រ័​ត្ន ថន អាយុ​៧៧​ឆ្នាំ ។

តាម​ការ​សាកសួរ ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក នាង​បាន​យក​ចង្ហាន់​ទៅ​វត្ត ជាមួយ​ជីដូន ។ ពេល​ទៅ​ដល់​វត្ត​បាន​ប្រហែល​កន្លះ​ម៉ោង ជីដូន​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ឱ្យ​នាង​ចាំ​យក​ចានស្រាក់ ពេល​លោក​ឆាន់​ហើយ ។ ក្មេង​ស្រី​រង​គ្រោះ បន្ត​ថា ពេល​លោក​ឆាន់​រួច តា​អាចារ្យ រ័​ត្ន ថន​បាន​ហៅ​នាង​ថា «​ចៅ​ទៅ​ជាមួយ​តា​» តែ​នាង​ឆ្លើយ​ថា មិន​ទៅ​ទេ ។ រំពេច​នោះ តា​ថន ក៏​មក​អូស​ដៃ​នាង​ចូល​ក្នុង​បន្ទប់ទឹក រួច​ចាប់រំលោភ​សេពសន្ថវៈ​មក​លើ​ខ្លួន រហូត​បាន​សម្រេច ។ ក្រោយ​រំលោភ​រួច តា​ថន បាន​គំរាម​មិន​ឱ្យ​និយាយ​ប្រាប់​នរណា​ទេ រហូត​ដល់​ថ្ងៃ​ទី​៤ តុលា ទើប​នាង​ហ៊ាន​ប្រាប់​ជីដូន ពី​រឿង​តា​ថន​ចាប់​នាង​រំលោភ ។

អាចារ្យ​ថន ដែល​ជាប់ចោទ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២ តុលា វេលា​ម៉ោង​១១​ព្រឹក គាត់​បាន​ឃាត់​ចៅស្រី​របស់​យាយ​ម្នាក់ ឱ្យ​ចាំ​យក​អី​ទៅ​ហូប ។ ក្រោយមក​ខ្លួន​បាន​ដើរ​ចូល​បន្ទប់ទឹក ក្មេង​ស្រី​នោះ​ក៏​ដើរ​ចូល​តាម​ក្រោយ​ដែរ ខ្លួន​និយាយ​​ថា មក​ធ្វើ​អី ? តា​ងូតទឹក ហើយ​គាត់​ក៏​បិទទ្វារ​បន្ទប់ទឹក នៅ​ជាមួយ​ក្មេង​ស្រី​នោះ តែ​ពីរ​នាក់ ។ តា​ថន​សារភាព​ថា ពេល​នោះ​បាន​យកដៃ​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​នោះ ។ ពេល​លេង​រួច ក៏​ងូតទឹក ហើយ​ចេញពី​បន្ទប់​ទឹក និង​ជូន​ក្មេង​នោះ​ទៅ​ផ្ទះ មិន​បាន​ចាប់រំលោភ​សេពសន្ថវៈ​នោះ​ទេ ។

តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់ អាយុ​៥៩​ឆ្នាំ ជា​ជីដូន​ក្មេង​ស្រី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២ តុលា គាត់​និង​ចៅស្រី ជិះ​កង់​ឌុ​ប​គ្នា​ចេញពីផ្ទះ​យក​ចង្ហាន់​ទៅ​វត្ត ។ ពេល​ទៅ​ដល់​វត្ត គាត់​ក៏​បាន​ចាប់​ចង្ហាន់​ដាក់​ចាន សម្រាប់​ព្រះសង្ឃ​ឆាន់​ថ្ងៃត្រង់ ។ ពេល​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​រួចរាល់ គាត់​ក៏​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​មុន ។ ឯ​ចៅស្រី​ត្រូវ​តា​ថន​ឃាត់​ឱ្យ​នៅ​វត្ត ចាំ​លោក​ឆាន់​រួច ចាំ​ឱ្យទៅ គ្រាន់​បាន​ម្ហូប​បង្អែម​ខ្លះ​យក​ទៅ​ផ្ទះ​វិញ ។

ទោះបី​តា​ថន បាន​ប្រកែក​ពី​ការ​ចាប់រំលោភ​ក្មេង​ស្រី​ក្តី តែ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត ។ ប៉ុន្តែ​ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ គឺ​នៅ​ចន្លោះ​ម៉ោង​៨​និង​៣០​នាទី ទៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៨ តុលា នៅ​ពេល​ដែល​សមត្ថកិច្ច រៀបចំ​សំណុំរឿង​ឯកសារ ត្រូវ​បញ្ជូន​ទៅ​តុលាការ ក៏​ប្រគល់​ខោអាវ​ឱ្យ​តា​ថន ស្លៀកពាក់​ក្នុង​បន្ទប់​ឃុំឃាំង ។ ឆ្លៀតពេល សមត្ថកិច្ច​ចូល​ទៅ​យក​ឯកសារ​តែ​មួយ​ប៉​ព្រិច​ភ្នែក ពេល​សមត្ថកិច្ច​ចូល​មក​នាំ​ខ្លួន ស្រាប់តែ​ឃើញ​តា​ថន យក​ខោ​ខ្លួនឯង​ចង​.​ក​ធ្វើ​អត្តឃាតស្លាប់​បាត់​ទៅ​ហើយ ៕​

ផ្តល់​សិទ្ធ​ដោយ ៖ កោះសន្តិភាព