វិចារណកថាៈ ត្រួតពិនិត្យគុណភាព ចំណីអាហារ ក្នុងរដូវភ្ជុំបិណ្ឌ ជាបញ្ហាដ៏សំខាន់

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះសមត្ថកិច្ចកាំកុងត្រូលនៅខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ ជាដើមបានចាត់វិធានការត្រួតពិនិត្យគុណភាពទំនិញ ជាពិសេសគ្រឿងឧបភោគបរិភោគនៅលើទីផ្សារ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរដែលជាអ្នកទទួលទាន ។ ដោយហេតុថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះប្រជាពលរដ្ឋ ខ្មែរនៅទូទាំងប្រទេសដែលកាន់ព្រះពុទ្ធសាសនាត្រូវការម្ហូបចំណីយ៉ាងច្រើន ដើម្បីទទួលទានជួបជុំក្រុមគ្រួសារ និងយក ទៅវត្តប្រគេនព្រះសង្ឃ ។ ដូច្នេះប្រសិនបើពួកគាត់ទិញចំគ្រឿងឧបភោគបរិភោគដែលមានផ្ទុកសារធាតុគីមី ខូចគុណ ភាព និងផុតកាលកំណត់ប្រើប្រាស់ គឺអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាង ធ្ងន់ធ្ងរជាមិនខាន ។ ដូច្នេះការដែលសមត្ថ កិច្ចកាំកុងត្រូលយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាពទំនិញ ជាពិសេស គ្រឿងឧបភោគបរិភោគ ដែលអាជីវករដាក់លក់នៅតាមទីផ្សារគឺជាបញ្ហាដ៏សំខាន់ ដើម្បីចៀសវាងផល ប៉ះពាល់ដែលកើតឡើង ។

ថ្មីៗនេះព្រះសង្ឃជាច្រើនអង្គ និងពុទ្ធបរិស័ទជាច្រើននាក់ក្នុងវត្តមួយនៃស្រុកជីក្រែង ខេត្តសៀមរាបបានពុល កាហ្វេដែលម្ចាស់ទានបានឆុងប្រគេនព្រះសង្ឃឆាន់ និងឆុងជូនពុទ្ធបរិស័ទចំណុះជើងវត្តពិសា ។ បើទោះបីករណី ពុល កាហេ្វនោះមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងណាក៏ដោយ ក៏ស្ថានភាពនៃការ សង្រ្គោះក្នុង មន្ទីរពេទ្យគឺជាបញ្ហាដែលតម្រូវឲ្យប្រជាពលរដ្ឋទូទៅត្រូវប្រុងប្រយ័ត្នគ្រប់ៗគ្នា ។ អ្វីដែលគួរឲ្យកត់ សម្គាល់នោះគឺមន្រ្តីជំ នាញបានរកឃើញថា កាហេ្វដែលម្ចាស់ទានឆុងនោះហួសកាលកំណត់ ប្រើប្រាស់ជាច្រើន ខែ ហេតុនេះហើយទើបធ្វើឲ្យ ប៉ះពាល់ដល់សុខភាពព្រះសង្ឃ និងពុទ្ធបរិស័ទ ។ ជាងនេះទៅទៀត នៅក្នុងខេត្ត សៀមរាប មានករណីពុលនំបុ័ងដាក់ សាច់ជាបន្តបន្ទាប់ ដែលជាកត្តាជំរុញឲ្យមន្រ្តីកាំកុងត្រូល ក្នុងខេត្តនេះចាត់ វិធានការ ត្រួតពិនិត្យគុណភាពទំនិញ ជាពិសេសគ្រឿងឧបភោគបរិភោគនៅលើទីផ្សារជាប្រចាំ ។

ការយកចិត្តទុកដាក់របស់សមត្ថកិច្ចកាំកុងត្រូលតាមបណ្តាខេត្តនានាក្នុងការត្រួតពិនិត្យគុណភាពទំនិញ គ្រឿង ឧបភោគបរិភោគ គ្រឿងសមុទ្រ បន្លែបង្ការ ត្រី សាច់ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះត្រូវបានប្រជាពលរដ្ឋទូទៅគាំទ្រយ៉ាង ពេញទំហឹង ព្រោះឈ្មួញខ្លះដែលគិតគូរតែផលប្រយោជន៍ផ្ទាល់ខ្លួនបាននាំចូលទំនិញខូចគុណភាព ឬទំនិញមានផ្ទុក សារធាតុគីមីពីប្រទេសជិតខាងមកចែកចាយក្នុងប្រទេសកម្ពុជាស្រេចតែអំពើចិត្ត ។ ជាការពិតរយៈពេលប៉ុន្មានខែកន្លង ទៅនេះនៅតាមច្រកអន្តរជាតិចាំយាម ខេត្តកោះកុង ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន និងច្រកអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ និងច្រករបៀងមួយចំនួន ឈ្មួញខិលខូចបាននាំចូលមាន់រស់ ជ្រូកក្រហម សាច់មាន់ ឆ្អឹងមាន់ និង ប្រហិតខូចគុណភាពមកចែកចាយពេញទីផ្សារក្នុងប្រទេសកម្ពុជា ។ ប្រការនេះមន្រ្តីជំនាញនៃស្ថាប័នពាក់ព័ន្ធមិនត្រូវ មើលរំលងតទៅទៀតទេ ព្រោះការនាំចូលប្រភេទគ្រឿងឧបភោគបរិភោគដូចរៀបរាប់ខាងលើនេះគឺជាចេតនាបំផ្លាញ សុខភាពរបស់អ្នកទទួលទានយ៉ាងកំរោលតែម្តង ។

ប្រជាពលរដ្ឋបានស្តីបន្ទោសទៅលើសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកអន្តរជាតិ ច្រកព្រំដែន និងច្រករបៀងមួយ ចំនួនដែលធ្វេសប្រហែស ហើយបណ្តោយឲ្យឈ្មួញខិលខូចនាំចូលទំនិញខូចគុណភាព គ្រឿងឧបភោគបរិភោគដែល មានផ្ទុកសារធាតុគីមី និងជ្រូកក្រហម មាន់រស់ជាដើមមកលក់ចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ដោយហេតុថា ប្រសិនបើសមត្ថកិច្ចនៃច្រកព្រំដែនយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាពទំនិញឲ្យបានត្រឹមត្រូវនោះគឺឈ្មួញខិលខូចមិន អាចនាំយកទំនិញខូចគុណភាព ផុតកាលកំណត់ប្រើប្រាស់ និងមានផ្ទុកសារធាតុគីមីមកចែកចាយក្នុងទីផ្សារប្រទេស កម្ពុជាបានទេ ។ ជាងនេះទៅទៀតសមត្ថកិច្ចកាំកុងត្រូលតាមបណ្តាខេត្តនានាជាពិសេសនៅក្នុងរាជធានីភ្នំពេញមិនពិ បាកត្រួតពិនិត្យគុណភាពទំនិញ គ្រឿងឧបភោគបរិភោគនៅលើទៅផ្សារឡើយ ។ មានន័យថា បើសមត្ថកិច្ចតាមច្រក អន្តរជាតិ ច្រកព្រំដែន និងច្រករបៀងបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវគឺឈ្មួញខិលខូចមិនអាចនាំចូលទំនិញខូច គុណភាព និងមានផ្ទុកសារធាតុគីមីមកបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរបានទេ ។

  សរុបសេចក្តីមក ការដែលសមត្ថកិច្ចកាំកុងត្រូលតាមបណ្តាខេត្តនានាយកចិត្តទុកដាក់ពិនិត្យគុណភាពទំនិញ ជាពិសេសគ្រឿងឧបភោគបរិភោគ បន្លែត្រីសាច់ និងផ្លែឈើនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌគឺជាបញ្ហាដ៏សំខាន់ដើម្បីចៀសវាង ផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ ។ ដោយហេតុថា បច្ចុប្បន្ននេះមានគ្រឿងឧបភោគបរិភោគភាគច្រើនដែល ដាក់លក់នៅលើទីផ្សារត្រូវបានឈ្មួញនាំចូលពីប្រទេសជិតខាង ដូចជាថៃ និងវៀតណាមជាដើម ។ ឈ្មួញខ្លះដើម្បីផល ចំណេញរបស់ខ្លួន ពួកគេបានប្រើប្រាស់ជាតិគីមីទៅលើត្រីសាច់ បន្លែ ផ្លែឈើ ឲ្យនៅស្រស់បានយូរដែលជាហេតុធ្វើឲ្យ ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកទទួលទាន ។ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការត្រួតពិនិត្យឲ្យបាន ដិតដល់ទៅលើគុណភាពទំនិញជាពិសេសគ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។ ការយកចិត្តទុកដាក់របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមត្ថកិច្ចជំនាញក្នុងការ ត្រួតពិនិត្យគុណភាពទំនិញ ជាបញ្ហាដ៏សំខាន់ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ ៕