សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីព្រំដែន និងការផ្ទៀងផ្ទាត់ផែនទី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី

ភ្នំពេញ ៖ អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពី ឯកសារសេចក្តីថ្លែងការណ៍ និងការអធិប្បាយរបស់សម្តេចតេជោ ដើម្បីផ្តល់ការបំភ្លឺ ជូនដល់ជនរួមជាតិកម្ពុជា ស្តីពីផែនទីព្រំដែនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចែកដល់សមាជិក សមាជិការក្នុងអង្គប្រជុំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯកសារនេះ មិនត្រឹមតែជាព្រឹត្តិការណ៍នៃការផ្ទៀងផ្ទាត់ផែនទីផ្លូវការ និងអធិបតេយ្យរបស់កម្ពុជា ដែលរាជរដ្ឋាភិបាល សភាជាតិ និងព្រះមហាក្សត្រ បានអនុម័តគាំទ្រ នៃការប្រើប្រាស់ផែនទីនេះទេ ក៏ប៉ុន្តែការផ្ទៀងផ្ទាត់ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការរៀនសូត្រឡើងវិញ នូវប្រវត្តិសាស្ត្រទឹកដីរបស់ខ្លួន ជាពិសេសភាពស្អាតស្អំ និងមធ្យ័ត ប្រកបដោយការទទួលខុសត្រូវ ខ្ពស់របស់ CPP ក្នុងកិច្ចរក្សាការពារឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់កម្ពុជា ដែលប្រាស់ចាកពីការប្រឌិតភូតភរ ចោទប្រកាន់ថា CPP និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកាត់ដី ឬលក់ទៅឲ្យប្រទេសវៀតណាម ៕

សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីព្រំដែន និងការផ្ទៀងផ្ទាត់ផែនទី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី