​កូនប្រុស​ម្នាក់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឈ្នះ​ពាន Gusi Peace Prize នៅ​ហ្វីលីពីន​

ភ្នំពេញ: លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​តំណាងរាស្ត្រប្រចាំខេត្ត​កំពង់ស្ពឺ និង​ជា​កូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ស្ថិតក្នុង​ចំណោម​ឥស្សរជនចំនួន ១៩ នាក់ លើ​ពិភពលោក ទទួល​ពានរង្វាន់ The Gusi Peace Prize ពី​មូលនិធិ Gusi Peace Prize ដែលមាន​មូលដ្ឋាននៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

​ពានរង្វាន់ Gusi Peace Prize ត្រូវបាន​បង្កើតឡើង ដោយ​លោក Barry Gusi ក្នុង​គោលបំណង​ឧទ្ទិស ដល់​ឪពុក​របស់លោក គឺ លោក Gemeniano Javier Gusi អតីតយុទ្ធជន នា​សម័យ​សង្គ្រាមលោក លើក​ទី​ពីរ ដែល​បាន​តស៊ូរ​ប្រយុទ្ធប្រឆាំង​ជប៉ុន ហើយ​ក្រោយមក បាន​ក្លាយជា​អ្នកនយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស​។ ចាប់ពី​ឆ្នាំ​២០០២​មក ពានរង្វាន់​ដែល​ចែកចេញជា​ច្រើន​ផ្នែក​នេះ ត្រូវបាន​ប្រគល់​ជន​ដល់​ឥស្សរជន និង​ស្ថាប័ន ដែល​ធ្វើ​ការងារ លើ​ការពង្រឹង​សន្តិភាព និង​ការពង្រីក​សកម្មភាព​ផ្សេងៗ​។ ពិធី​ចែក​រង្វាន់ ត្រូវ​បានកំណត់​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ សប្តាហ៍​ទី​៤ នៃ​ខែវិច្ឆិកា នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

​ក្នុង​រយៈពេល ១៣ ឆ្នាំ កន្លងមកនេះ លោក ហ៊ុន ម៉ា​នី គឺជា​ឥស្សរជន​ទីមួយ របស់​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។ សម្រាប់​ឆ្នាំ​២០១៥​នេះ លោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំខេត្ត​កំពង់ស្ពឺ ស្ថិតក្នុង​ចំណោម ឥស្សរជន​ចំនួន ១៨ នាក់​លើ ពិភពលោក ដែល​ឈ្នះ​ពាន Gusi Peace Prize​។ លោក ហ៊ុន ម៉ា​នី ឈ្នះ​លើ​ផ្នែក Youth leadership and Humanitarianism and Advocate of Cultural Heritage ហើយ​លោក​ក៏​ជា​ជ័យលាភី ដែល​ក្មេង​ជាងគេ​ផងដែរ​។​

​ជ័យលាភី​១៨​នាក់ ផ្សេងទៀត មាន​មកពី​អូទ្រីស អូស្ត្រាលី បង់​ក្លា​ដែ​ស បេឡា​រុស ចិន អាល្លឺម៉ង់ ជប៉ុន កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន ហូ​ឡង់ ហ្វីលីពីន ព័រ​ទុយ​ហ្គា​ល់ កាតា រុស្ស៊ី អ៊ុយ​ក្រែ​ន ហ្ស៊​ក​ហ្ស៊ី ឆែក និង​សហរដ្ឋអាមេរិក​។ ជ័យលាភី​ភាគច្រើន សុទ្ធតែជា​បណ្ឌិត ហើយ​ក្នុងនោះ​ផងដែរ​មាន លោក Stanislav Shushkevich អតីត​ប្រធានាធិបតី​បេឡា​រុស លោក Akskar Akayev អតីត​ប្រធានាធិបតី កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​លោក Antonio Eanes អតីត​ប្រធានាធិបតី ព័រ​ទុយ​ហ្គា​ល់​៕V​/S

​កូនប្រុស​ម្នាក់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឈ្នះ​ពាន Gusi Peace Prize នៅ​ហ្វីលីពីន​

​កូនប្រុស​ម្នាក់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឈ្នះ​ពាន Gusi Peace Prize នៅ​ហ្វីលីពីន​