​ក្រសួង​ព័ត៌មាន ស្នើសុំ​ដល់​ស្ថានីយទូរទស្សន៍ ឯកជន​ទាំងអស់ ដាក់បញ្ចូល​ភាសា​សញ្ញា​ជនពិការ ក្នុង​កម្មវិធី​ទូរទស្សន៍​

ភ្នំពេញ: ក្រសួង​ព័ត៌មាន បានប្រកាស​ស្នើសុំ​ទៅកាន់​ស្ថានីយ ទូរទស្សន៍​ឯកជន​ទាំងអស់ ឱ្យ​ដាក់បញ្ចូល ភាសា​សញ្ញា​ជនពិការ ក្នុង​កម្មវិធី​ទូរទស្សន៍ ដើម្បី​ចូលរួមចំណែក បង្កលក្ខណៈ​ងាយស្រួល​ដល់ជនពិការ​ក្នុង​ការមើល​រូបភាព និង​ស្ដាប់​សំឡេង​បាន តាមរយៈ​កាយវិការ និង​ភាសា​សញ្ញា បាន​ដូច​មនុស្ស​ធម្មតា​ដែរ​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​តួនាទី ភារកិច្ច និង​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ពិការភាព ២០១៤-២០១៨ ដល់​ក្រុមការងារ​សកម្មភាព​ជនពិការ ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ក្រសួង​នឹង​រៀបចំ ធ្វើជា​លិខិត​ដាក់សំណើ ទៅកាន់​ស្ថានីយទូរទស្សន៍​ទាំងអស់ ដើម្បី ឱ្យ​ស្ថានីយទូរទស្សន៍​ទាំងនោះ ចូលរួមចំណែក ក្នុង​ការជួយ​លើកកម្ពស់​ដល់ ជនពិការ អាច​ទទួលបាន នូវ​ព័ត៌មាន​គ្រប់គ្រាន់ និង​ផ្ដល់ ឱកាស​ឱ្យ​ជនពិការ អាច​មើល​កម្មវិធី​ទូរទស្សន៍ និង​ស្ដាប់ សំឡេង​បាន ដូច​មនុស្ស​មិន​ពិការ​ដែរ​។​

​លោក​បាន​បញ្ជាក់ថា កន្លងមក ក្រសួង​បាន​សំណូមពរ ដល់​ស្ថានីយទូរទស្សន៍​ទាំងអស់​ម្ដង រួម​មក ហើយ​ក្នុងការ​ដាក់បញ្ចូល ភាសា​សញ្ញា​ជនពិការ នៅក្នុង​កម្មវិធី​ទូរទស្សន៍ ប៉ុន្ដែ​ដោយសារ តែ​ស្ថានីយទូរទស្សន៍​មួយចំនួន ជូ​ប​បញ្ហា​ជាមួយនឹង ការរៀបចំ​ផ្សាយ​សញ្ញា និង​ការផ្ដល់​ប្រាក់កម្រៃ ក្នុង​ការផលិត​ភាសា​សញ្ញា​ជនពិការ ដាក់​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់ខ្លួន​។​

​លោក​រដ្ឋមន្ដ្រី បាន​បន្ដថា ការដាក់បញ្ចូល​ភាសា​សញ្ញា​ជនពិការ នៅក្នុង​កម្មវិធី​ទូរទស្សន៍ នេះ ទូរទស្សន៍​ជាតិ​កម្ពុជា បាន​អនុវត្ដ​ន៍​ការងារ​នេះ​មុនគេ ដោយ​ក្នុង​មួយ​សប្ដាហ៍​ពីរដង ហើយ​បន្ទាប់មក ក៏មាន​សំណើសុំ​ពី អង្គការ​ជនពិការ​កម្ពុជា ដែល​ស្នើឱ្យ​ក្រសួង ជួយ​អន្ដរាគមន៍ ទៅ​ស្ថានីយទូរទស្សន៍​ទាំងអស់ ក្នុងការ​ដាក់បញ្ចូល​ភាសា​សញ្ញា នៅតាម​កម្មវិធី​ទូរទស្សន៍ នីមួយៗ​ផងដែរ​។​

​លោក​បានលើកឡើង​ទៀតថា រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្រសួង​ព័ត៌មាន អាច​ចាត់ទុកថា ជា​ក្រសួង​ដែល​ឈានមុខ​គេ ក្នុងការ​ជ្រើសរើស យក​ជនពិការ​ឱ្យចូល​បម្រើ​ការងារ ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ច្រើនជាងគេ បើ​ប្រៀបធៀប​ជាមួយ ក្រសួង ស្ថាប័ន​ផ្សេងៗ ដែលមាន​ជនពិការ​ជាម​ន្ដ្រី រាជការ​សរុប​ចំនួន​២៦​នាក់​។​

​លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា សកម្មភាព​ជនពិការ បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ផែនការ យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ពិការភាព ដែល​តម្រូវឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្រុមហ៊ុន​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​នានា មាន​កាតព្វកិច្ច​អនុវត្ដ​ន៍ នូវ​ផែនការ​ជាតិ​នេះ ដើម្បីឱ្យ​បងប្អូន​ជនពិការ ទទួលបាន​នូវ​សិទ្ធិសេរីភាព ពេញលេញ និង​ធ្វើឱ្យ​ជីវភាព​រស់នៅ កាន់តែ​ប្រសើរឡើង​។​

​លោក​អគ្គលេខាធិការ បាន​បន្ដថា ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ពិការភាព​នេះ បាន​តម្រូវឱ្យ ក្រសួង ស្ថាប័នរដ្ឋ​ទាំងអស់ ជ្រើស​រើសយក​ជនពិកា​រ ឱ្យចូល​បម្រើ​ការងារ ចំនួន​២​ភាគរយ និង​វិស័យ​ឯកជន​ជ្រើសរើស ចំនួន​១​ភាគរយ ក្នុងនោះ ប្រសិនបើ​ក្នុងករណី មិនអាច​បំពេញ​កាតព្វកិច្ច បាន​នោះទេ តម្រូវឱ្យ​ស្ថាប័ន ក្រុមហ៊ុន​វិស័យ​ឯកជន បង់​ជា​វិភាគទាន ជូន​រដ្ឋ​ចំនួន ៤០​ភាគរយ នៃ​ប្រាក់ខែ​គោល​។​

​សូមបញ្ជាក់ថា យោងតាម​របាយការណ៍ ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ បានឱ្យដឹងថា បច្ចុប្បន្ននេះ ជនពិការ​នៅ​កម្ពុជា មាន​ចំនួន​ជាង ៥០ ម៉ឺន​នាក់ ពោល​ប្រមាណ​ជាង ២ ភាគរយ នៃ​ប្រជាជន​សរុប នៅ​ទូទាំងប្រទេស ក្នុងនោះ​ជនពិការ ជា​បុរស​មាន​ប្រមាណ​ជាង ៥២ ភាគរយ និង​ស្ដ្រី​ជាង ៤៧ ភាគរយ​៕V​/S

​ក្រសួង​ព័ត៌មាន ស្នើសុំ​ដល់​ស្ថានីយទូរទស្សន៍ ឯកជន​ទាំងអស់ ដាក់បញ្ចូល​ភាសា​សញ្ញា​ជនពិការ ក្នុង​កម្មវិធី​ទូរទស្សន៍​