​រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​ជនពិការ​

ភ្នំពេញ: បច្ចុប្បន្ននេះ នៅ​ប្រទេស​កម្ពុជា មាន​ជនពិការ​ជាង ២​ភាគរយ នៃ​ចំនួន​ប្រជាជន ជាង ១៤ លាន​នាក់​។ រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​ជនពិការ និង​ទប់ស្កាត់ បញ្ហា​ពិការភាព តាមរយៈ​ការរៀបចំ និង​អនុវត្តន៍គោល នយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាច្រើន​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​តួនាទី ភារកិច្ច និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ពិការភាព ២០១៤-២០១៨ ដល់​ក្រុមការងារ​សកម្មភាព​ជនពិការ ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា  ឆ្នាំ​២០១៥ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រ​សូង​ព័ត៌មាន បាន​មាន ប្រសាសន៍ថា កន្លងមក យើង​មាន​មោទនភាព ដោយ​ជនពិការ​របស់​យើង បានទទួល​មេដាយ ក្នុងការ​ប្រកួត នៅឯ​ប្រទេស​កូរ៉េ ហើយ​ដែល​ប្រការនេះ បាន​ទាក់ទាញ​អារម្មណ៍ ពី​សំណាក់​ប្រជាពលរដ្ឋ យើង​ច្រើនណាស់ ដែល​បង្ហាញ​ពី​សមត្ថភាព​ជនពិការ​របស់​យើង ដូច្នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តួនាទី​ជនពិការ ត្រូវ​បានទទួល​ការគោរព កាន់តែ​ច្រើនឡើងៗ​។​

​លោក​បាន​បន្តថា កន្លងមក ការប្រឡង​ចូលក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ គឺ​ត្រូវមាន​កាយសម្បទា គ្រប់គ្រាន់ ប៉ុន្តែ​ឥឡូវនេះ ពាក្យ​ថា ត្រូវមាន​កាយសម្បទា​គ្រប់គ្រាន់ គឺ​ត្រូវបាន​លុបចោល បានន័យថា ឱ្យតែ​ជនពិការ​នោះ មាន​សមត្ថភាព​សរសេ​រ និង​ធ្វើការ​បាន​យើង ទទួល​ទាំងអស់នេះ ជា​មោទនភាព​មួយ ដែល​យើង​មានការ​ប្រែប្រួល​ធំ​ណាស់​។ បច្ចុប្បន្ននេះ នៅ​ក្រសួង​ព័ត៌មាន ក៏មាន​ជនពិការ​ជាច្រើន ដែល​កំពុង​បម្រើការ នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុជាតិ​កម្ពុជា ក៏ដូចជា​វិទ្យុ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។​

​លោក ហ៊ុយ សា​រ៉ាវុធ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ សកម្មភាព​ជនពិការ នៃ​ក្រសួង​ព័ត៌មាន ថ្លែងថា ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​សង្គ្រាម​ដ៏​សែន​វិនាសកម្ម បាន​បន្សល់ទុក​នូវ ផល​លំបាក​ជាច្រើន ដែល​នៅ​ក្នុងនោះ មាន​អត្រា​ជនពិការ​ខ្ពស់ ប្រជាជន​កម្ពុជា ក៏​ប្រឈម​នឹង​ភាព​រងគ្រោះ មួយចំនួនទៀត ដែលនាំឱ្យ​មាន​ពិការភាព ដូចជា គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​កាកសំណល់​ជាតិ​ផ្ទុះ សល់​ពី​សង្គ្រាម ក្រៅពីនេះ​ក៏មាន​គ្រោះថ្នាក់​ចរាចរ (​ដែល​បណ្ដា​ឱ្យ​មនុស្ស​ស្លាប់ និង​ពិការ​ពី ៦​ទៅ​៧​នាក់ ក្នុង​មួយថ្ងៃ​) គ្រោះថ្នាក់​ការងារ ពិការ​ពី​កំណើត ចាស់ជរា និង​មូលហេតុ​ផ្សេងៗ​ទៀត​។ បញ្ហា​ពី​ការ​ភាព គឺជា​បញ្ហា​ប្រឈម​មួយ ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ព្រោះ​បញ្ហា​នេះ ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ ប៉ះពាល់​លើ​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​លោក ហ៊ុយ សា​រ៉ាវុធ បាន​បន្តថា ក្រសួង​ព័ត៌មាន បាន​ផ្សព្វផ្សាយ តាម​ទូរទស្សន៍ វិទ្យុ ព្រឹត្តិបត្រ​សារព័ត៌មាន​( AKP ) ក្នុង​វិស័យ​វប្បធម៌ និង សិល្បៈ តាម​ទ្រង់ទ្រាយ ដែល​ជនពិការ អាច​ទទួលយកបាន និង​មាន​កម្មវិធី​ទូរទស្សន៍ ប្រឡង​ចម្រៀង ដូចជា​ពេល​ថ្មីៗ​នេះ ក្រសួង​បានរៀបចំ​មហោស្រព​តន្ត្រី ថ្នាក់ជាតិ​ឆ្នាំ​២០១៥ ដោយ​ក្រុម​តន្ត្រី​ជនពិការ បាន​ចូលរួម​ផងដែរ និង​សកម្មភាព​វប្បធម៌​ផ្សេងៗ​ទៀត​។ បង្កើន​ឱកាស​សម្រាប់​កុមារ ទទួលបាន​សិទ្ធិ​ស្មើភាព​គ្នា ជាមួយ​កុមារ​ផ្សេងៗ​ទៀត ក្នុង​ការចូល​រួមការ​លេង​កម្សាន្ត ការសម្ដែង ការ​លំហែ រួមទាំង​សកម្មភាព​ទាំងឡាយ ក្នុង​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​បង្កើន​ការយល់ដឹង ពី​បញ្ហា​ពិការភាព​៕V/S

​រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​ជនពិការ​

​រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​ជនពិការ​