ផ្សា​រមូល​ប​ត្រ​វៀតណាម​បន្ត​កើន​ថ្លៃ​ហ៊ុន​ផ្អែក​តាម​សុទិដ្ឋិនិយម​នៃ​កិច្ចព្រមព្រៀង TPP

ប្រទេស​វៀតណាម ៖ ហ៊ុន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​ពីរ​របស់​វៀតណាម​នៅ​តែ​បន្ត​ឡើងថ្លៃ​ដដែល​កាលពី​ម្សិលមិញ​នេះ បន្ទាប់​ពី​បណ្តា​ប្រទេស​ចំនួន​១២ ដែល​មាន​ទីតាំង​ជាប់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ឈាន​ទៅ​ដល់​ការ​សម្រេច​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នឹង​ធ្វើ​ឲ្យ​មាន​សេរី​នី​យ​កម្ម​ពាណិជ្ជកម្ម​៤០% នៃ​សេដ្ឋកិច្ច​ពិភពលោក ។

ស​ន្ទ​ស្សន៍​គោល​របស់​វៀតណាម​លើ​ការ​ជួញដូរ​ភាគហ៊ុន​ក្រុង​ហូ​ជី​មិ​ញ បាន​កើនឡើង​នៅ​ថ្ងៃ​ទី​ពីរ​ផង​ដែរ ដែល​បន្ថែម​២%​ទៀត​ទៅ​នឹង​ការ​បិទ​ការ​ជួញដូរ​ក្នុង​កម្រិត​៥៨១,៣​ពិន្ទុ ។ ចំណែក​នៅ​ហាណូយ​វិញ​ក៏​បាន​ឡើងថ្លៃ​២,១%​ដែរ ដែល​បិទ​បញ្ចប់​ការ​ជួញដូរ​នៅ​ថ្ងៃ​នោះ​ក្នុង​កម្រិត​៨០,៥​ពិន្ទុ ។

លោក Tran Minh Hoang ប្រធាន​គ្រប់គ្រង​ផ្នែក​វិភាគ​របស់​ក្រុមហ៊ុន Vietcombank Securities Co. ថ្លែង​ថា «​នេះ​គឺជា​ព័ត៌មាន​ល្អ​ប្រសើរ​ដែល​បណ្តា​អ្នក​វិនិយោគ​បាន​និង​កំពុង​ទន្ទឹងរង់ចាំ​សម្រាប់​ផ្តល់​នូវ​ការ​ជំរុញ​ទីផ្សារ​» ។

លោក Tran Minh Hoang ឲ្យ​ដឹង​ទៀត​ថា វា​មិន​ត្រឹមតែ​បណ្តា​ក្រុមហ៊ុននាំចេញ​វៀតណាម​ទទួល​បាន​គុណប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នោះ​ឡើយ សូ​ម្បី​តែ​បណ្តា​ឧស្សាហកម្ម​គាំទ្រ​នានា​ដូច​ជា ធនាគារ វិស័យ​ភស្តុ​ភារ និង​សំណង់ ក៏​នឹង​ក្លាយជា​អ្នក​នាំ​កំណើន​ដែរ ។

រីឯ​លោក Vu Huy Hoang រដ្ឋមន្ត្រី​ឧ​ស្សហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ដែល​នឹង​កាត់​បន្ថយ​នូវ​របាំង​ពាណិជ្ជកម្ម​ទាំងឡាយ​ក្នុង​ចំណោម​ប្រជាជាតិ​ដែល​បាន​ចូលរួម​ជា​សមាជិក​នោះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពង្រីក GDP របស់​វៀតណាម​ប្រមាណ​ជា​៣៣,៥​ប៊ី​លាន​ដុល្លារ ហើយ​ថែម​ទាំង​បន្សល់​ទុក​នូវ​ការ​នាំ​ចេញ​របស់​ខ្លួន​៦៨​ប៊ី​លាន​ដុល្លារ​ដែរ​នៅ​ឆ្នាំ​២០២៥ ។

លោក​ថ្លែង​ថា ផលិតផល​នាំ​ចេញ​សំខាន់​ជាងគេ​របស់​វៀតណាម​មាន​ដូច​ជា វាយនភ័ណ្ឌ​សម្លៀក​បំពាក់ ស្បែកជើង និង​អាហារ​សមុទ្រ​នឹង​បង្កើន​ការ​វាយ​សម្រុកចូល​ក្នុង​តម្លៃ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​ដូច​ជា ៖ សហរដ្ឋអាមេរិក ជប៉ុន និង​កា​ណា​ដា ជាដើម ។

ក្រុមហ៊ុននាំចេញ​អាហារ​សមុទ្រ Hung Vuong Corp (HVG) សម្រេច​បាន​នូវ​កំណើន​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​៧% នៅ​ក្នុង​ទីផ្សារ​ក្រុង​ហូ​ជី​មិ​ញ​កាលពី​ម្សិលមិញ​នេះ ខណៈ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ Mirae (KMR) កើនឡើង​៦,៣% ។ បណ្តា​ក្រុមហ៊ុន​ដូច​ជា Thanh Cong  Textile Garment Investment Trading (TCM) និង TNG Investment and Tranding (TNG) ក៏​បាន​បង្ហាញ​ពី​កំណើន​៦%​ទៅ​៧%​ដែរ កាលពី​ពេល​ព្រឹក​ដែល​ធ្លាក់​ចុះ​១%​ទៅ​២% នៅ​ពេល​រសៀល​ដោយសារ​តែ​ការ​យក​ចំណេញ។

បណ្តា​ធនាគារ​ធំ​ៗ​ដូច​ជា Vietcombank (VCB) ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​វៀតណាម (BID) ធនាគារ​ផ្តល់​កម្ចី​ផ្នែក​ភស្តុ​ភារ (​ដឹក​ជញ្ជូន​) Gemadept (GMD) ក៏​បាន​កើនឡើង​២% ទៅ​៤% ផង​ដែរ ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នៅ​តែ​ចាំបាច់​នឹង​ត្រូវ​អនុម័ត​ដោយ​អង្គនីតិបញ្ញត្តិ​នៃ​ប្រជាជាតិ ដែល​បាន​ចូលរួម​ជា​សមាជិក​ដដែល​មុន​នឹង​ត្រូវ​បាន​ប្រតិបត្តិ ។

លោក Bui Nguyen Khoa អ្នកវិភាគ​របស់​ធនាគារ BIDV Securities Co. ឲ្យ​ដឹង​ថា «​ទីផ្សារ​ទំនងជា​មានការ​កើនឡើង​ត្រឹមតែ​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ក្នុង​ខែតុលា​នេះ បើ​គិត​ចាប់តាំងពី​កិច្ចព្រមព្រៀង​នេះ​ត្រូវការ​ពេលវេលា​ច្រើន​សម្រាប់​ប្រជាជាតិ​ទាំង​១២ នៅ​ក្នុង​ការ​ផ្តល់​សច្ចាប័ន​ទៅ​លើ​វា ហើយ​ចំពោះ​ការ​ផ្តល់​សច្ចាប័ន​នេះ​ដែរ​នឹង​ត្រូវ​មាន​ធ្វើ​ឡើង​ឲ្យ​បាន​គ្រប់​ចំនួន​នៃ​សមាជិក​ដែល​បាន​ចូលរួម​» ។

ចំណែក​ស្ថានភាព​ទីផ្សារ​សរុប​ទាំងអស់​មាន​ភាព​វិជ្ជមាន​ជាមួយនឹង​អត្រា​ក្បែរ​៥០% នៃ​ការ​ជួញដូរ​ហ៊ុន​ឡើងថ្លៃ​៦៨៤​ហ៊ុន ខណៈ​មាន​ត្រឹមតែ​១៧% ប៉ុណ្ណោះ​ដែល​ធ្លាក់​ចុះ ។
រីឯ​ស​ន្ទ​និ​យ​ភាព​ក៏​បាន​កើនឡើង​ដែរ​នៅ​ក្នុង​ទីផ្សារ​ទាំង​ពីរ ។

ផ្សារ​ហ៊ុន​ក្រុង​ហូ​ជី​មិ​ញ​ទាំងមូល​មាន​ភាគហ៊ុន​ជាង​១៧៩​លាន​ហ៊ុន​ក្នុង​ទំហំ​ទឹកប្រាក់​១៣៣​លាន​ដុល្លារ​ត្រូវ​បាន​គេ​ជួញដូរ ដែល​កើនឡើង​៨១%​ក្នុង​បរិមាណ​ហ៊ុន និង​៧២%​ចំពោះ​តម្លៃ​ទឹកប្រាក់ បើ​ធៀប​នឹង​កម្រិត​នៃ​ការ​ជួញដូរ​កាលពី​ថ្ងៃ​ចន្ទ ។ ម្យ៉ាងទៀត​តួលេខ​នេះ​ក៏​មាន​កម្រិត​ខ្ពស់​ជាង​អត្រា​ជា​មធ្យម​នៃ​ការ​ជួញដូរ​ប្រចាំ​ថ្ងៃ​៩៣​លាន​ហ៊ុន ឬ​៦៧​លាន​ដុល្លារ​ក្នុង​ខែកញ្ញា​ទៅ​ទៀត ។

ដោយឡែក​នៅ​ក្នុង​ផ្សារ​ហ៊ុន​ក្រុង​ហាណូយ​វិញ បរិមាណ​ទីផ្សារ​ក៏​បាន​កើនឡើង​៤៨%​ផង​ដែរ​កាលពី​ថ្ងៃ​ចន្ទ ដែល​មាន​ចំនួន​សរុប​៦០,៥​លាន​ហ៊ុន ខណៈ​ទំហំ​ទឹកប្រាក់​ជួញដូរ​កើនឡើង​ជាង​៥០% ឬ​ស្មើនឹង​២៩​លាន​ដុល្លារ ៕