ហ្វ៊ី​លី​ពី​ន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​ទេសចរណ៍ UN ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវ​បាន​ចាត់ទុកជា​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៃ​តំណែង​ជា​ប្រធាន​គណៈកម្មការ​អង្គការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (UN) ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

ក្រសួងទេសចរណ៍​ថ្លែង​ថា ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ឱ្យជាប់​ជា​ប្រធាន​គណៈកម្មការ​ទេសចរណ៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក អាណត្តិ​ឆ្នាំ​២០១៥-២០១៧ ក្នុង​អំឡុង​មហាសន្និបាត​លើក​ទី​២១ នៃ​អង្គការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (UNWTO) ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ខែ​មុន ។ នៅ​គ្រានោះ​ដែរ ប្រទេស​កម្ពុជា និង​ជប៉ុន​បាន​ជាប់​ឆ្នោត​ត្រឹមតែ​ជា​អនុប្រធាន​ប្រចាំ​តំបន់​ប៉ុណ្ណោះ ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក Ramon Jimenez Jr. ថ្លែង​ថា ៖ «​វា​ជា​ការ​គូសបញ្ជាក់​យ៉ាង​ច្បាស់​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​ហ្វ៊ី​លី​ពី​ន​ក្នុង​ការ​ស្វែងរក​ការ​កែទម្រង់ ហើយ​ក៏​ជា​ការ​កត់សម្គាល់​នៃ​បញ្ហា​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ផង​ដែរ ដែល​រាប់​បញ្ចូល​ក្នុង​ចំណោម​ផ្នែក​ដទៃ​ទៀត​ដូច​ជា ទេសចរណ៍​ក្នុងស្រុក ទំនាក់ទំនង​ផ្លូវអាកាស និង​សម្រួលការ​ធ្វើ​ដំណើរ​ជាដើម​» ។

ហ្វ៊ី​លី​ពី​ន​នឹង​មាន​កៅអី​មួយ​ជា​សមាជិក​គណៈកម្មាធិការ​ផ្នែក​សម្រង់​ស្ថិតិ និង​គណនី​ផ្កាយ​រណប​ទេសចរណ៍ (TSA) ផង​ដែរ ដែល​ស្ថិត​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​នៃ​ការ​ដាក់​ប្រតិបត្តិការ TSA ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន​ជា​លើក​ដំបូង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល ស្រប​នឹង​ការ​ស្រង់​គណនី​តាម​ផ្កាយ​រណប​របស់​អង្គការសហប្រជាជាតិ ។
ដោយឡែក​លោក Taleb Rifail អគ្គលេខាធិការ​របស់ UNWTO បាន​កោតសរសើរ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ចំពោះ​ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​នេះ ។ លោក​លើក​ឡើង​ថា ៖ «​ហ្វ៊ី​លី​ពី​ន​នឹង​នាំ​មក​នូវ​ទីភ្នាក់ងារ​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នានា​ជុំវិញ​ពិភពលោក ជាមួយនឹង​ការ​បង្កើន​ភាព​ប្រកួតប្រជែង និង​ផ្សព្វផ្សាយ​ការ​អភិវឌ្ឍ​ដែល​អាច​ទ្រទ្រង់​រួច​នៅ​ក្នុង​តំបន់​» ។ 

តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បច្ចុប្បន្ន​មាន​កំណើន​លឿន​ជាងគេ​បំផុត​នៃ​ទិស​ដៅ​ទេសចរណ៍​ពិភពលោក រួម​នឹង​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជា​២៦៣​លាន​នាក់​កាលពី​ឆ្នាំទៅ កើនឡើង​៥,៣% ។

ចំណែក​ប្រធាន​៥​រូប​ទៀត​រួម​មាន ប្រទេស​ស៊ី​ម​បា​វេ​ធ្វើ​ជា​ប្រធាន​ប្រចាំ​តំបន់​អាហ្វ្រិក ស្វ៊ី​ស​ប្រចាំ​តំបន់​អឺរ៉ុប ហៃ​ទី​ប្រចាំ​តំបន់​អា​មេ​រិ​ក ឥណ្ឌា​ប្រចាំ​អាស៊ី​ខាងត្បូង និង​លី​បង់​ប្រចាំ​មជ្ឈិម​បូព៌ា ៕​