ប្រាក់ខែ​អប្បបរមា​១៤០​ដុល្លារ​មិនអាច​ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​សមរម្យ​បានទេ​

តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ បានសម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៦​ចំនួន​១៣៥​ដុល្លារ ហើយ​រដ្ឋាភិបាល​បន្ថែម​៥​ដុល្លារ​ទៀត គឺ​សរុប​១៤០​ដុល្លារ​។ មានន័យថា ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៦​តទៅ កម្មករ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ទទួលបាន​ប្រាក់ខែ​គោល​១៤០​ដុល្លារ គឺ​មិនទាន់​ស្របតាម​ការទាមទារ​នា​ពេលកន្លងមក​នោះទេ​។ អ្នកតាមដាន​ស្ថានភាព​សេដ្ឋកិច្ច​និង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា បាន​វាយតម្លៃថា ប្រាក់ខែ​១៤០​ដុល្លារ​មិនអាច​ធ្វើ​ឲ្យ​កម្មករ​រស់នៅក្នុង​ជីវភាព​ប្រសើរ​ជាង​មុន​បានឡើយ ព្រោះ​ប្រេងសាំង​និង​ទំនិញ​ផ្សេងៗ​នៅតែមាន​តម្លៃ​ខ្ពស់​។

ការដំឡើង​ប្រាក់ខែ​១៤០​ដុល្លារ​ដល់ក​ម្មករ មិនត្រូវ​បាន​សហជីព​មួយចំនួន​ពេញចិត្ត​នោះទេ ដោយ​គេ​វាយតម្លៃថា ប្រាក់ខែ​គោល​១៦០​ដុល្លារ​ទើប​អាចធ្វើ​ឲ្យ​ជីវភាព​កម្មករ​កាត់ដេ​រ​និង​ផលិត​ស្បែកជើង មាន​ជីវភាព​ប្រសើរ​ជាង​មុន​។ មានន័យថា​១៤០​ដុល្លារ​មិន​ស្របតាម​តម្រូវការ​របស់​កម្មក​រ​ទេ ព្រោះ​តម្លៃ​ទំនិញ​ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​លើ​ទីផ្សារ​នៅតែមាន​តម្លៃ​ខ្ពស់ ដូច្នេះ​កម្មករ​ត្រូវ​ខំប្រឹង​ធ្វើការ​២​ម៉ោង​ទៅ​៤​ម៉ោង​ថែមទៀត ទើប​អាច​ដោះស្រាយ​ជីវភាព​បាន​។ ជាមួយគ្នានេះ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល ដែល​តាមដាន​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា បាន​លើក​ជា​អនុសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​និង​ថៅកែ​រោងចក្រ​មិនអាច​ដំឡើង​ប្រាក់ខែ​គោល​បាន​ដល់​១៦០​ដុល្លារ​សម្រាប់​កម្មករ​ទេនោះ គឺ​រដ្ឋាភិបាល​គួរតែ​រក​វិធី​បញ្ចុះតម្លៃ​ទំនិញ​លើ​ទីផ្សារ និង​ប្រេងសាំង ឲ្យ​បាន​ទាប​ជាង​បច្ចុប្បន្ន​។

នៅក្រោយ​ពេលដែល​មានកា​រស​ម្រេច​ផ្ដល់​ប្រាក់ខែ​គោល​១៤០​ដុល្លារ​ដល់​កម្មករ​កា​ត់​ដេរ​និង​ផលិត​ស្បែកជើង ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ​នោះ គឺ​កម្មករ​កម្មការិនី​មួយ​ចំនួន​បាន​អះអាងថា មិនអាច​ជួយ​ឲ្យ​ជីវភាព​ពួកគេ​ប្រសើរ​ជាង​មុន​នោះទេ​។ កម្មករ​កម្មការិនី​បាន​លើកឡើងថា ប្រាក់ខែ​គោល​១៥០​ដុល្លារ​ទៅ​១៦០​ដុល្លារ​ទើប​អាច​សមរម្យ ព្រោះ​ពួកគេ​អាច​សល់​លុយកាក់​សម្រាប់​ផ្ញើ​ទៅ​ក្រុមគ្រួសារ បន្ទាប់ពី​ខិតខំ​ធ្វើការ​ថែម​ម៉ោង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី​ដែលមាន ភាគី​រដ្ឋាភិបាល​ចំនួន​១៥​រូប ភាគី​និយោជក​៧​រូប និង​ភាគី​សហជីព​ចំនួន​៧​រូប ត្រូវបាន​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​រិះគន់ថា មាន​ភាពមិនប្រក្រតី​។ ប្រធាន​សហជីព​រូបនេះ​បាន​បញ្ជាក់ថា សហជីព​ខ្លះ​មាន​និន្នាការ​ទៅរក​រដ្ឋាភិបាល ហើយ​ក្នុង​សហជីព​ចំនួន​៧​គឺមាន​៤​ទៅ​៥​ដែល​មិន​ឯករាជ្យ មិន​រក្សា​នូវ​គោលជំហរ​របស់​កម្មក​រ​ខ្លួនឯង ហើយ​បែរជា​ទៅ​គាំទ្រ​តួលេខ​របស់គេ​ផ្សេង​៕

238_2 197-770x470