គិត​ត្រឹម​9​ខែ​ដើមឆ្នាំ នេះ ចំណូល​ពន្ធគយ កើនឡើង​ប្រមាណ 17,2​ភាគរយ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​របាយការណ៍​កិច្ចប្រជុំ​បូក​សរុប​ការងារ និង​រដ្ឋាករ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ដែល​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ តុលា នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់​ថា ចំណូល​សរុប​ប្រមូល​ដោយ​គយ​ក្នុង​ត្រីមាស​ទី​៣ សម្រេច​បាន​ជាង​១.៥៩៦​ប៊ី​លាន​រៀល មាន​កំណើន​១៦,៦% ធៀប​នឹង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤​។ បើ​គិត​ជា​៩​ខែ​ដើមឆ្នាំ​២០១៥​វិញ ចំណូល​ប្រមូល​ដោយ​គយ​សរុប​មាន​ប្រមាណ​៤.៦៤៩​ប៊ី​លាន​រៀល មាន​កំណើន​៦៨២​ប៊ី​លាន​រៀល ឬ​ប្រមាណ​១៧,២% ធៀប​នឹង​ចំណូល​៩​ខែ​ដើមឆ្នាំ​២០១៤ ។ លទ្ធផល​ចំណូល​នេះ បើ​ប្រៀបធៀប​នឹង​ផែនការ​ឆ្នាំ​២០១៥ គឺ​មាន​កម្រិត​ប្រមាណ​៨៨% ។

លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​អញ្ជើញ​ជា​អធិបតី បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ការ​លះបង់​របស់​មន្ត្រី​គយ និង​រដ្ឋាករ​គ្រប់​រូប ។ ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ប្រមូល​ចំណូល និង​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ត្រូវ​ខិតខំ​បន្ថែម​ទៀត​សម្រាប់​ការងារ​នា​ពេល​ខាង​មុខ ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​សម្រាប់​ជា​ទិស​ដៅ​អនុវត្ត​បន្ត ដោយ​សង្កត់ធ្ងន់​លើ​ការងារ​ចំនួន​៦​ចំណុច រួម​មាន ៖
១-​ការ​បន្ត​លើកកម្ពស់​អភិបាលកិច្ច​ក្នុង​អង្គភាព​គយ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិ​ក្រុមការងារ​ទាំង​៤​ប្រការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។
២-​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​បង្ការ និង​បង្ក្រាប​អំពើ​រត់ពន្ធ​នៅ​គ្រប់​ភូមិសាស្ត្រ និង​មុខសញ្ញា ។
៣-​ការ​បង្កើន​កិច្ចសហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាតិ និង​សម​ភាគី​គយ​បរទេស​លើ​ការ​ស្រាវជ្រាវ និង​ទប់ស្កាត់​អំពើ​រត់គេច​ពន្ធ ។
៤-​បន្ត​ពង្រឹងសមត្ថភាព​ផ្នែក​គោលនយោបាយ​គយ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​វិភាគ​ចំណូល និង​លើក​ឡើង​នូវ​គំនិត​ផ្តួចផ្តើម​នៃ​ការ​កំណត់​គោលនយោបាយ​ពន្ធ ។
៥-​បន្ត​កែ​លម្អ និង​ពង្រឹង​ជា​ប្រចាំ​លើ​ការងារ​បច្ចេកទេស​គយ ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​អភិបាលកិច្ច ។
៦-​ពង្រឹង​ប្រសិទ្ធភាព​ការ​អនុវត្ត​ការងារ​ផ្សេង​ទៀត​ដែល​នៅ​សេសសល់​ក្នុង​ផែនការ​សកម្មភាព​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត គុណ ញឹ​ម ក៏​បាន​លើក​ឡើង​នូវ​សមិទ្ធផល​នានា​រួម​មាន ការងារ​គោលនយោបាយ បច្ចេកទេស កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការងារ​ពាក់ព័ន្ធ​នឹង​គយ​ផ្សេង​ទៀត ៕