អ្នក​បើក​រថយន្ត​ក្រុង​ជនជាតិ​វៀតណាម​ត្រូវ​តុលាការ​​ខេត្ត​ស្វាយរៀង​ផ្ដន្ទាទោស​ដាក់​គុក​៥​ឆ្នាំ

សាលាដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ផ្ដន្ទាទោស​អ្នក​បើកបរ​រថយន្ត​ក្រុង​ជនជាតិ​វៀតណាម ម្នាក់ ឈ្មោះ ឡេ វ៉ាន់ ប៊ិញ (Lê Văn Bình) ដាក់​ពន្ធនាគារ​រយៈ​ពេល ៥​ឆ្នាំ និង​សង​ប្រាក់​មួយ​ចំនួន​ដល់​ជនរងគ្រោះ​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាល​ពី​ខែ​ឧសភា កន្លង​ទៅ។

ក្នុង​គ្រោះថ្នាក់​នោះ មាន​មនុស្ស​ជិត ៤០​នាក់​របួស និង​ស្លាប់ ដែល​ភាគច្រើន​នៃ​អ្នក​រងគ្រោះ​ជា​កម្មករ​រោងចក្រ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​យល់​ថា ការ​ផ្ដន្ទាទោស និង​សំណង ដែល​សាលាដំបូង​ខេត្ត​ស្វាយរៀង ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​តុលា ជា​ការ​សម្រេច​សមរម្យ​អាច​ទទួល​យក​បាន។

ម្ដាយ​ជន​រងគ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង ម្នាក់ គឺ​លោកស្រី ផង់ សុខឃឿន ថ្លែង​ថា ទោះ​បី​ជា​មិន​បាន​ច្រើន​តាម​ការ​ទាមទារ​ពី​ដំបូង​ក្ដី ក៏​គ្រួសារ​លោកស្រី​ទទួល​យក​សំណង ១២​លាន​រៀល ព្រោះ​មិន​ចង់​បន្ត​ឱ្យ​វែង​ឆ្ងាយ​ទៀត៖ «គិត​ថា សមរម្យ​ដែរ ព្រោះ​មនុស្ស​ច្រើន។ គេ​ប្រកាស​សាលក្រម​ព្រឹកមិញ ១២​លាន ហើយ​អ្នក​របួស ២ ឬ ៣​នាក់​មិន​ដឹង បាន​ក្នុង​ចំណោម​ ១២​លាន​ហ្នឹង​ដែរ ព្រោះ​គេ​ធ្ងន់ៗ។ បើ​យល់​ព្រម​អ៊ីចឹង​គេ​ឱ្យ​ផ្ដិត​មេដៃ​ម្ដង​ម្នាក់ៗ ក៏​ផ្ដិត​ទៅ មិន​ដឹង​លុយ​ហ្នឹង​ថ្ងៃ​ណា​ផង។ អត់​បាន​សួរ។ គ្រាន់​តែ​​តុលាការ​ប្រកាស​ហើយ តុលាការ​ដើរចេញ​តែ​ម្ដង ហើយ​សួរ​ថា ប៉ុណ្ណឹង​សម​រម្យ​នឹង​យក​ដែរ? ឆ្លើយ​ថា មិន​​ដឹង​ប៉ុណ្ណា​ទៀត។ ខ្លះ​គេ​យក ខ្លះ​ដើរ​ចេញ ខ្លះ​ក៏​ផ្ដិត​មេដៃ»

ទាក់ទង​នឹង​បញ្ហា​នេះ ត្រូវ​បាន​អ្នក​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​ក្រុម​មេធាវី​ការពារ​ជន​រងគ្រោះ ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) គឺ​លោក ឈេន សំបូរ ថ្លែង​ថា ការ​ផ្ដិត​មេដៃ​នៅ​ពេល​ព្រឹក​នោះ គឺ​ជា​ការ​ចុះ​វត្តមាន​អ្នក​ចូលរួម​ស្ដាប់​ការ​ប្រកាស​សាលក្រម​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​សម្រេច​ផ្ដន្ទាទោស ៥​ឆ្នាំ និង​បង្គាប់​ឱ្យ​ចេញ​សំណង​មែន។

លោក ឈេន សំបូរ៖ «ជា​វត្តមាន​ដែល​យើង​បាន​ចូលរួម​ស្ដាប់​ប្រកាស​ព្រឹក​មិញ​ហ្នឹង ជន​រង​គ្រោះ​ក៏​ដូច​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​តំណាង​ឱ្យ​អ្នក​ស្លាប់​ទាំង ១៩​នាក់​ហ្នឹង ពួក​គាត់​ទទួល​បាន​សំណង ១២​លាន​រៀល​ដូច​គ្នា។ ចំណែក​ឯ​ជនរងគ្រោះ​របួស​ធ្ងន់​ស្រាល​ហ្នឹង​ទទួល​បាន​សំណង​ផ្សេងៗ គ្នា។ អ្នក​ខ្លះ​បាន​ដប់​លាន អ្នក​ខ្លះ​បាន​ប្រាំបី​លាន ហើយ​អ្នក​ខ្លះ​បាន​ប្រាំមួយ​លាន។ ជា​នីតិវិធី ក្រោយ​ប្រកាស​សាលក្រម​គេ​ទុក​ពេល​ឱ្យ​យើង​មួយ​ខែ​សម្រាប់​ប្ដឹង​ទាស់។ បើ​សិន​ជា​គូ​ភាគី​អត់​ពេញ​ចិត្ត​ទេ ឬ​អត់​យល់​ស្រប​ទៅ​នឹង​សាលក្រម​ហ្នឹង​ទេ មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​ក្នុង​អំឡុង​ពេល​មួយ​ខែ​តាម​ផ្លូវ​ច្បាប់»

ដូច​គ្នា​នេះ​ដែរ អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង គឺ​លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​នេះ​សមរម្យ​អាច​ទទួល​យក​បាន ហើយ​ជា​ករណី​ទី​មួយ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាការ​ដល់ ៥​ឆ្នាំ៖ «ការ​សម្រេច​របស់​ចៅក្រម ខ្ញុំ​គិត​ថា មាន​ភាព​ត្រឹមត្រូវ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ហើយ​ការ​ផ្ដន្ទាទោស​អ្នក​បើក​ឡាន​ហ្នឹង ៥​ឆ្នាំ វា​គ្រប់គ្រាន់​អាច​ទទួល​យក​បាន។ ជា​ករណី​ដំបូង​ហើយ​ដែល​តុលាការ​យើង​សម្រេច​ទៅ​លើ​ជនជាតិ​វៀតណាម ដែល​បើក​បុក​មនុស្ស​ស្លាប់​អ៊ីចឹង ហើយ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ នេះ​ជា​លើក​ដំបូង​ដែល​មាន​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​តែ​បី​ឆ្នាំ​ទេ (តាមច្បាប់​ចរាចរណ៍​ថ្មី) កម្រិត​ខ្ពស់។ ប៉ុន្តែ​នេះ​ដោយសារ​មនុស្ស​ស្លាប់​ច្រើន អ៊ីចឹង​គេ​អាច​ដាក់​បន្ថែម​ទម្ងន់​បាន​ជា​គេ​កាត់​ដល់ ៥​ឆ្នាំ»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា លោក ឡេ វ៉ាន់ ប៊ិញ ដែល​ជា​អ្នក​បើក​បរ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ១៥ អេស.អេច្ឆ (15SH) បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​រថយន្ត​ដឹក​កម្មករ​នៅ​ក្រុង​បាវិត ហើយ​ធ្វើ​ឱ្យ​មនុស្ស ១៩​នាក់​ស្លាប់ និង ២០​នាក់​រង​របួស។

លោក នុត បូពិណ្ណារ័ត្ន ឱ្យ​ដឹង​ថា សាលាដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ឱ្យ​ភាគី​ខាង​រថយន្ត​ក្រុង​សង​សាច់​ញាតិ​អ្នក​ស្លាប់ ១២​លាន​រៀល​ក្នុង​ម្នាក់ និង​អ្នក​របួស​ធ្ងន់​ស្រាល​ចាប់​ពី ៦​លាន ទៅ ១០​លាន​រៀល។ តុលាការ​ក៏​ពិន័យ​ជា​ប្រាក់ ១២​លាន​រៀល​ដាក់​ចូល​ក្នុង​ថវិកា​រដ្ឋ។ ទាំង​ខាង​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ដែរ​ថា អាច​មាន​ជន​រងគ្រោះ​ខ្លះ​ប្ដឹង​ទៅ​សាល​ឧទ្ធរណ៍ ព្រោះ​សំណង​ដែល​ពួក​គាត់​ទាមទារ​គឺ ៨០​លាន​រៀល។ ទោះ​ជា​ដូច្នេះ​ក្ដី ខាង​ក្រុមហ៊ុន​បញ្ជាក់​ថា ខ្លួន​មាន​តែ ៥​ម៉ឺន​ដុល្លារ ឬ​ស្មើ​នឹង ២០០​លាន (200,000,000) រៀល​ទេ។ លោក នុត បូពិណ្ណារ័ត្ន ថ្លែង​ថា ចំណែក​ប្រាក់​ពិន័យ ១២​លាន​រៀល សង​ថ្លៃ​រថយន្ត​ដែល​ខូចខាត គឺ​អស់ ២៣​លាន​រៀល។ សល់​ប៉ុន្មាន គឺ​សង​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។