​ជាងភ្លើង​ម្នាក់ ស្វាន​ពិតាន ដើម្បី​ដាក់​អំពូល​ភ្លើង ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​

ភ្នំពេញ:  បុរស​ជាជាង​ភ្លើង​ម្នាក់ ខណៈ​រូបគេ ប្រើ​ម៉ូ​ទ័​រ​ស្វាន​ពិតាន ដើម្បី​ដាក់​អំពូល​ភ្លើង ខ្សែ​ម៉ូ​ទ័​រ​ឆ្លង​ចរន្តអគ្គិសនី ឆក់​ស្លាប់ ពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ពីថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅផ្ទះ​សង់​ថ្មី ស្ថិត​នៅមុខ​មន្ទីរ ពេទ្យ​បង្អែក​ពោធិ៍ចិនតុង ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ ឈ្មោះ ឆាង ឃីម អាយុ ២៦​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​កាន់​ម៉ូ​ទ័​រ​ស្វាន​ពិតាន ដើម្បី​ដាក់​អំពូល​ភ្លើង បំភ្លឺ​ក្នុង​បន្ទប់ទឹក ខណៈនោះ សង្ស័យថា ម៉ូ​ទ័​រ​ឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆក់​។ ភ្លាមៗ​នោះ ក្រុមគ្រួសារ​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ពេលទៅដល់​មន្ទីរពេទ្យ នៅក្បែរនោះ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់ថា ស្លាប់​បាត់ទៅហើយ ទើប​ដឹក​សព​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕V/S