បុរស​ចិត្តខ្លាំង​ម្នាក់ ទាស់​ពាក្យសំដី​និង​ប្រពន្ធ​បន្តិចបន្តួច​ផឹកថ្នាំ​បាញ់​ខ្ទឹម​សម្លាប់ខ្លួន​

កំពត: បុរស​ចិត្តខ្លាំង​ម្នាក់ គ្រាន់តែ​ទាស់​ពាក្យសំដី ជាមួយ​ប្រពន្ធ​បន្តិចបន្តួច លួច​ផឹកថ្នាំ​បាញ់ខ្ទឹម សម្លាប់ខ្លួន​នៅ​ក្នុងផ្ទះ​របស់ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់​​ផ្អើល កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃទី​០៨ តុលា ២០១៥ ស្ថិត​ភូមិ​អូ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើងស្រុក​កំពង់ត្រាច​។​

 បុរសរងគ្រោះ​មានឈ្មោះ សៀក ស៊ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅកន្លែងកើតហេតុ​ខាងលើ ។​

​មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ដើរ​ចេញពីផ្ទះ​ទៅ​ទិញ​ស្រា​ផឹកពេលមកដល់​ផ្ទះ​វិញ​ក៏​នាំ​ប្រពន្ធ​ទៅ​ដា​ខ្ទឹម​នៅពេល​កំពុងតែ​ដាំ​ខ្ទឹម បាន​មួយ​​សន្ទុះ​ស្រាប់តែ​ឮមាត់ បុរស​នោះ​ឈ្លោះប្រកែក​ខ្លាំងៗ​ជាមួយ​ប្រព​ន្ឋ រួចហើយ​ដើរមក​ផ្ទះម្នាក់ឯង​(​ពី​កន្លែង​ដាំ​ខ្ទឹម​មក​ផ្ទះ​ចម្ងាយ​ប្រហែល​ជិត​១០០​ម៉ែត្រ​) ​ហើយ​យក​ថ្នាំ​សំរាប់​បាញ់​ខ្ទឹម​ដែល​ដាក់​នៅក្នុង​ធុង​មួយ​ដប​ផឹក​តែម្តង​។​

​ក្រោយពី​ផឹក​រួច​ត្រូវ​បានកូន​ឃើញ​រត់​មក​ប្រាប់​ម្តាយ ពេលនោះ​ប្រពន្ធ​ក៏​រត់​មកដល់​ផ្ទះឃើញ​ជនរងគ្រោះ​ជា​ប្តី​សន្លប់​បែកពពុះមាត់​ទៅហើយ​ក៏​ផ្អើលឆោឡោ​​ហៅ​អ្នកជិតខាង​ឲ្យ​ជួយ​យកទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​មិនទាន់បាន​បញ្ជូនទៅមន្ទីរពេទ្យ​ផង ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះមក​ពិនិត្យ លើ​ខ្លួន​សាកសព រួចបាន​សន្និដ្ឋានថា បុរស​ឈ្មោះ សៀក ស៊ន ពិតជា​ស្លាប់​ដោយ​ផឹកថ្នាំ​បាញ់​ខ្ទឹមសម្លាប់ខ្លួន​មែន រួច​ក៏​ប្រគល់​ឲ្យ​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕N