សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​រថយន្តឈ្នួល​ទាំងអស់​កុំ​ដំឡើងថ្លៃ

រាជធានី​ភ្នំពេញ៖​សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​សូម​អំពាវនាវ​ឲ្យ ម្ចាស់​ក្រុមហ៊ុន​និង​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន អ្នកដំណើរ​ទៅមក​ភ្នំពេញ​តាម​បណ្តា​ខេត្ត​នានា​កុំ​ឲ្យ​ដំឡើង​ថ្លៃឈ្នួល រថយន្ត​នៅក្នុង​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​នេះ ដែល​សេចក្ដីជូនដំណឹង​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​គឺ​ស្រប​ពេលដែល​ប្រជាពលរដ្ឋ កម្មករ កម្មការិនី បាន​សម្រុក​ចេញពី​រាជធានី​ភ្នំពេញ​ដើម្បី​បាន​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ ប្រពៃណីជាតិ​នេះ​។ 

​    ​ក្នុង​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បានចេញ​កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥ មានន័យ​ដើម​ទាំងស្រុង​ថា សាលា​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្តឈ្នួល ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទៅមក​ភ្នំពេញ តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ឲ្យ​បាន ជ្រាបថា ជា​រៀងរាល់ឆ្នាំ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​មួយចំនួន​តែងតែ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ដោយ​ជិះ​រថយន្តឈ្នួល និង​រថយន្ត​BUS​។ ជាមួយគ្នានេះ​មាន​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ ថ្នាំងថ្នាក់​ចំពោះ​ការដំឡើង​ថ្លៃឈ្នួល​រថយន្ត​ថ្លៃ​ហួសហេតុ​ធ្វើ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​សុខចិត្ត​ជិះ​ប្រជ្រៀត​គ្នា​លើស​ចំណុះ ឬ​ជិះ​លើដំបូល​រថយន្ត ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​តាមផ្លូវ​ធ្វើដំណើរ​។ 

​    ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាលមកពី​ការផ្ទុក​លើស​ចំណុះ​នោះ សាលា​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ ទៅមក​ភ្នំពេញ​តាម​បណ្តា​ខេត្ត​នានា​ទាំងអស់ មេត្តា​កុំ​ដំឡើងថ្លៃ​ឈ្នួល​រថយន្ត​នៅ​ក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ​នេះ​៕ 

សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​រថយន្តឈ្នួល​ទាំងអស់​កុំ​ដំឡើងថ្លៃ