លោក នួន សុ​វណ្ណា បើកដៃ​ឲ្យ​សាច់ញាតិ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម​

​លោក នួន សុ​វណ្ណា ប្រធាន​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ដែល​ល្បីល្បាញ​ខាង​កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង​ភ្នំ​ក្រហម ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​នោះ នៅតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដូច​មុន​ដដែល​។ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង លោក វង្ស សុក្រ​សិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង​ភ្នំ​ក្រហម ក្រោម​ការគ្រប់គ្រង​រប​ស់លោក នួន សុ​វណ្ណា នោះទេ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​នៅតែ​បន្តសកម្មភាព​ដឹកឈើ​ចេញ​តាម​ច្រក​នេះ​យ៉ាង​អនាធិបតេយ្យ បើទោះជា​រដូវវស្សា​ផ្លូវ​ផុង​រអិល​យ៉ាងណាក៏ដោយ​។​

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ រថយន្ត​ដឹកឈើ​របស់​សាច់ញាតិ​លោក នួន សុ​វណ្ណា អាច​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង​ភ្នំ​ក្រហម​យ៉ាង​រលូន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តរបស់​សាច់ញាតិ​លោក នួន សុ​វណ្ណា នោះទេ ហើយ​បែរជា​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​យ៉ាង​ស្ងៀមស្ងាត់​។ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តែប៉ុណ្ណោះ ហើយ​មិនដែល​ខ្វល់​ពី​រឿង​បង្ក្រាប​បទល្មើស​ដឹកឈើ​ប្រណីត​ចេញ​តាម​ច្រករបៀង​ភ្នំ​ក្រហម​ឡើយ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រករបៀង​ភ្នំ​ក្រហម ភាគច្រើន​ជា​សមត្ថកិច្ច​ប្រដាប់អាវុធ​ទាំងអស់ និង​មួយចំនួន​ជា​សាច់ញាតិ​លោក នួន សុ​វណ្ណា តែម្ដង​។ បញ្ហា​នេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក នួន សុ​វណ្ណា បានក្លាយ​ទៅជា​អ្នកកាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​។ ជាងនេះទៅទៀត លោក ឆេង គឹម​សុន គួរ​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់លោក វង្ស សុក្រ​សិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជាបន្ទាន់ ព្រោះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​រូបនេះ ព្រមទាំង​បក្ខពួក​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​៕

Thong-Savon-FPMលោក ថង សាវុន អភិបាលខេត្តរតនគិរី 7330រថយន្តដឹកឈើប្រណីតចេញតាមច្រករបៀងភ្នំក្រហម