លោក ឆេង សុវត្ថិ យក​គំរូ​តាម​លោក ចាប សុ​ផា​រិ​ទ្ធ ក្នុង​ការប្រើ​អំណាច​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​

​គ្រាន់តែ​ឡើងកាន់តំណែង​ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ ស្រាប់តែ​លោក ឆេង សុវត្ថិ ប្រើ​អំណាច​ដើម្បី​ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ឆេង សុវត្ថិ ដែល​ចូល​តំណែង​ជំនួស​លោក ចាប សុ​ផា​រិ​ទ្ធ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ កំពុង​ធ្វើ​សកម្ម​ភាពមិន​ខុសពី​លោក ចាប សុ​ផា​រិ​ទ្ធ នោះទេ​។ ដូច្នេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គួរ​ទប់ស្កាត់​សកម្មភាព​ដ៏​អាក្រក់​របស់លោក ឆេង សុវត្ថិ ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

​ប្រភពពី​មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួចមក លោក ឆេង សុវត្ថិ ដាក់ពង្រាយ​កម្លាំង​ក្រោម​ឱវាទ​តាម​គោលដៅ​ជាច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ គោលដៅ​ទាំងនោះ​មានដូចជា ចំណុច​សាលា​ក្រហម​លើផ្លូវ​ជាតិ​លេខ​៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តសៀមរាប ច្រកព្រំដែន​ស្រុក​ម៉ាឡៃ ច្រក​បឹង​ត្រកួន និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ជាដើម​។ ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​បើទោះបី​បង់ពន្ធ​តាមច្បាប់​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់លុយ​ឲ្យ​កូនចៅ​លោក ឆេង សុវត្ថិ តាម​គោលដៅ​និ​មួយៗ​ដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ឆេង សុវត្ថិ កំពុង​ចាត់តាំង​មន្ត្រីនគរបាល​ក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​ឃ្លាំមើល​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ និង​ទំនិញ​ស្របច្បាប់ ដើម្បី​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​យ៉ាង​សុខ​ស្រួល​បំផុត​។ តាម​ពិនិត្យ​ជាក់ស្ដែង​សកម្មភាព​របស់លោក ឆេង សុវត្ថិ មិន​ខុសពី​ជំនាន់​លោក ចាប សុ​ផា​រិ​ទ្ធ នៅ​កាន់តំណែង​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នោះទេ​។ បញ្ហា​នេះហើយ​ដែល​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​រិះគន់​យ៉ាងខ្លាំង ទៅលើ​សកម្មភាព​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ នៅក្រោម​ការ​គ្របគ្រង​របស់លោក ឆេង សុវត្ថិ​។ ដូច្នេះ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ព្រមទាំង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទប់ស្កាត់​អំពើអាក្រក់​របស់លោក ឆេង សុវត្ថិ និង​បក្ខពួក​ជាបន្ទាន់​៕

dsc05453លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ 3345លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ