Smart ចេញ​បក​ស្រាយ​រឿង​គណនី​​អតិថិជន​បាត់​​លុយ​គ្មាន​មូលហេតុ


Smart ចេញ​បក​ស្រាយ​រឿង​គណនី​​អតិថិជន​បាត់​​លុយ​គ្មាន​មូលហេតុ

អតិថិជន​មួយ​ចំនួន​មាន​ប្រតិកម្ម​ថ្មីៗ​នេះ​ដោយ​ចោទ​ប្រកាន់​​ក្រុមហ៊ុន​ទូរសព្ទ Smart ​ពី​ការ​បាត់​​លុយ​​ពី​គណនី​ដោយ​គ្មាន​មូលហេតុ​បន្ទាប់​ពី​​អតិថិជន​បញ្ចូល​ទឹកប្រាក់​ប្រើប្រាស់​។ ឆ្លើយត​ប​​ព័ត៌មាន​ដ៏​រសើប​នេះ ក្រុមហ៊ុន Smart ក៏​បាន​ចេញ​មុខ​មក​បកស្រាយ​​ជា​ការ​​ជម្រះ​​ការ​ចោទ​ប្រកាន់​ដើម្បី​ឲ្យ​អតិថិជន​អស់​ការ​សង្ស័យ។

 

ក្នុង​ពេល​ចូលរួម​សន្និសីទ​​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​គម្រោង​ប្រើប្រាស់​​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ ដែល​ជា​ការ​សហការ​រវាង​ក្រុមហ៊ុន Smart និង Facebook កាល​ពី​ថ្ងៃ​ម្សិលមិញ លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់ Sabay ​​ជុំវិញ​ព័ត៌មាន​ក្តៅ​​នេះ។

 

លោក Thomas Hundt បាន​​​បញ្ជាក់​ថា Smart ​​រក​ស៊ី​ដោយ​រក្សា​ភាព​​ស្មោះត្រង់​ជាមួយ​​​អតិថិជន​។ ក្រុមហ៊ុន​មិន​ដែល​ភ្ជាប់​សេវាកម្ម​ណា​មួយ​ ដើម្បី​កាត់​លុយ​ពី​អតិថិជន​នោះ​ទេ។

 

លោក​​ថា ការ​​បាត់​លុយ​នេះ​​ដែល​មាន​ការ​ចោទ​ប្រកាន់​គឺ​មក​ពី​​អតិថិជន​បាន​ភ្ជាប់​សេវាកម្ម​ណាមួយ​ពី​ក្រុមហ៊ុន ដែល​ការ​​ភ្ជាប់​សេវាកម្ម​តម្រូវ​ឲ្យ​មាន​ការ​កាត់​លុយ​តម្លៃ​សេវា​ប្រចាំ​ថ្ងៃ​ឬ​ប្រចាំ​សប្ដាហ៍​​ពី​គណនី​ចម្បង​របស់​អ្នក​ប្រើប្រាស់ ដើម្បី​ឲ្យ​​អ្នក​ប្រើប្រាស់​អាច​ប្រើ​សេវាកម្ម​ទាំង​នេះ​ជា​រៀងរាល់​ថ្ងៃ។

 

លោក​បន្ត​ថា ការ​ភ្ជាប់​សេវាកម្ម​​ប្រើប្រាស់​ហើយ​បើ​សិន​អតិថិជន​មិន​មាន​លុយ​គ្រប់គ្រាន់​ក្នុង​គណនី​ចម្បង​ សេវាកម្ម​ដែល​បាន​ភ្ជាប់​ប្រើប្រាស់​នឹង​ធ្វើការ​កាត់​ផ្ដាច់​បណ្ដោះអាសន្ន។ ហើយ​នៅ​ពេល​អតិថិជន​មាន​លុយ​គ្រប់គ្រាន់​ក្នុង​គណនី​ចម្បង​វិញ តម្លៃ​សេវា​ប្រចាំ​ថ្ងៃ​ឬ​ប្រចាំ​សប្ដាហ៍​នឹង​ត្រូវ​កាត់​ពី​គណនី​ចម្បង​ដោយ​ស្វ័យប្រវត្តិ​ ដើម្បី​ឲ្យ​អតិថិជន​អាច​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​បន្ត​ទៀត។

 

 

Smart ថ្មីៗ​នេះ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​បំភ្លឺ​មួយ​ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​ការ​បាត់​លុយ​ក្នុង​គណនី​ចម្បង បន្ទាប់​ពី​អតិថិជន​បាន​បញ្ចូល​លុយ​ប្រើប្រាស់។

 

ក្នុង​សេចក្តី​ប្រកាស​នោះ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ការ​បាត់​លុយ​ដោយសារ​អតិថិជន​បាន​ភ្ជាប់​សេវាកម្ម​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ដូចជា Voice Mail, Missed Call alert, iCall uPay. iChat iFun, MyNotify និង Smart insurance ​ដែល​មាន​ការ​កាត់​លុយ​ប្រចាំ​ថ្ងៃ​ឬ​ប្រចាំ​សប្តាហ៍​ជា​ដើម។

 

យ៉ាង​ណា ក្រុមហ៊ុន​ពិនិត្យ​ឃើញ​មាន​ការ​ភ្ជាប់​សេវាកម្ម​ពីរ​ដែល​នាំ​ឲ្យ​អតិថិជនចោទ​ប្រកាន់​​ពី​ការ​បាត់​លុយ​​កន្លង​មក​ពេល​បញ្ចូល​ទឹក​ប្រាក់​គឺ​សេវាកម្ម Smart Box និង Smart Tunes Club ដែល​មាន​ការ​កាត់​លុយ​សេវា​ប្រើប្រាស់​​ប្រចាំ​ថ្ងៃ។ ហេតុនេះ ក្រុមហ៊ុន Smart បាន​ដាក់​សេវាកម្ម​ទាំង​ពីរ​នេះ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​ថ្ងៃ ១៦ តុលា​ឆ្នាំ ២០១៥។ បន្ទាប់​ពី​នោះ ក្រុមហ៊ុន​នឹង​ផ្ញើ​សារ​ជូន​ដំណឹង​ប្រសិន​អតិថិជន​ចង់​បន្ត​ប្រើប្រាស់​សេវាកម្ម​ត​ទៅ​ទៀត​ឬ​យ៉ាង​ណា។

 

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ក៏​បញ្ជាក់​ដែរ​ថា ដើម្បី​ផ្តល់​ភាព​ងាយស្រួល ​​ក្នុង​ពេល​ឆាប់ៗ​នេះ​ក្រុមហ៊ុន​នឹង​បង្កើត Manu ដើម្បី​អតិថិជន​មើល​ដោយ​ខ្លួន​ឯង​ពី​សេវាកម្ម​ដែល​បាន​ភ្ជាប់​ប្រើប្រាស់​ឬ​ក៏​ចង់​ផ្តាច់​សេវា​ណាមួ​យ​ពី Manu នោះ​តែ​ម្តង​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា