សួន សេរីរដ្ឋា៖ «អ្នក​ដែល​ប្ដឹង​ខ្ញុំ ជា​អ្នក​លើក​លែង​ទោស​ឲ្យ​ខ្ញុំ»

ប្រធាន«គណបក្សអំណាចខ្មែរ» បន្ទាប់ពីចុះដល់ទឹកដីខ្មែរភ្លាម នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ បាន​ប្រកាស​ថា លោកពុំដែលមានទោសឡើយ ហើយទោស ដែលគេបានចោទប្រកាន់លោក ក៏លោកមិន​ដែល​ទទួល​ស្គាល់​ដែរ ព្រោះ​តែ​លោក​ជា​មនុស្ស​គ្មាន​ទោស គ្មាន​កំហុស។
សួន សេរីរដ្ឋា៖ «អ្នក​ដែល​ប្ដឹង​ខ្ញុំ ជា​អ្នក​លើក​លែង​ទោស​ឲ្យ​ខ្ញុំ»
លោក សួន សេរីរដ្ឋា នៅពេលចុះពីយន្ដហោះ ជាន់ដីនៃប្រទេសកម្ពុជា ជាថ្មីឡើងវិញ។ (រូបថត monoROOM.info/ S. Tith)

ប្រធាន និងជាស្ថាបនិកគណបក្សអំណាចខ្មែរ ដែលជាគណបក្សថ្មីមួយ បានលើកឡើងថា រូបលោក មិន​ដែល​ទទួលស្គាល់ថា លោកបានប្រព្រឹត្តិទោសកំហុស ហើយលោកក៏មិនទទួលស្គាល់ ប្រព័ន្ធតុលាការ នៅ​ប្រទេស​កម្ពុជា ថាអាចផ្ដល់យុត្តិធម៌ជូនលោកនោះដែរ។

នៅចំពោះអ្នកសារព័ត៌មាន បន្ទាប់ពីចុះជាន់លើទឹកដីខ្មែរ ជាលើកដំបូង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានឲ្យដឹងថា៖ «ការកាត់ទោសខ្ញុំ តាំងពីដើមទីមក ខ្ញុំមិនដែលទទួលស្គាល់ថា​ខ្ញុំមាន​ទោស​ទេ។ ខ្ញុំក៏មិនបានទទួលស្គាល់ ប្រព័ន្ធតុលាការនៅស្រុកខ្មែរ ថាអាចផ្តល់យុត្តិធម៌ឲ្យខ្ញុំដែរ។ តុលាការ​នៅ​ស្រុក​ខ្មែរ កុំថាឡើយ ដល់ផ្តល់យុត្តិធម៌ ឲ្យអ្នកនយោបាយ អ្នកពាណិជ្ជកម្ម ឬទំនាស់បទឧក្រិដ្ឋ សូម្បី “ផ្តល់​យុត្តិធម៌​ដល់​ប្តី​ប្រពន្ធ ប្តឹងលែងលះគ្នា ក៏គ្មានលទ្ធភាព រកយុត្តិធម៌ឲ្យដែរ”។»

ឈានជើង ត្រឡប់មកដល់ប្រទេសកម្ពុជាជាថ្មី លោក សេរីរដ្ឋា បានធ្វើការវាយប្រហារខ្លាំងៗ ចំៗ ទៅលើ​ថ្នាក់​ដឹកនាំ នៃគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធានថា ថាជាថ្នាក់ដឹកនាំ ដែលគ្មាន «សមត្ថភាព និងលទ្ធភាពដឹកនាំ»។ ដែលជាមួលហេតុ ឲ្យលោកបង្ខំចិត្តបង្កើត នូវ​គណបក្សមួយដោយឡែក និងថ្មី និងមិនចូលរួម ជាមួយនឹងគណបក្សនេះ។

ទោះជាលោក មិនបានវាយប្រហារ ដោយចំៗ លើគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច នោះក៏​ដោយ ប៉ុន្តែលោក សួន សេរីរដ្ឋា បានយកប្រព័ន្ធតុលាការ ដែលជាផ្នែកមួយ កើតឡើងពីការដឹកនាំ និង​កំណែ​ទម្រង់ របស់រដ្ឋាភិបាលលោក ហ៊ុន សែន មកធ្វើការចំអកយ៉ាងចាស់ដៃ។ លោកបានថ្លែងឡើងថា៖ «តុលាការ​នៅ​ស្រុកខ្មែរ គ្មានយុត្តិធម៌ គ្មានសមត្ថភាពផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះ ទើបចុងក្រោយ អ្នកដែល“ប្តឹងខ្ញុំ ជា​អ្នក​លើកលែងទោស ឲ្យខ្ញុំ"។ (...) នៅលើឆាក អ្នកសម្តែងតួកាច តួស្លូត តួកំសត់ គឺជាមនុស្សតែម្នាក់ សម្រាប់​ខ្ញុំ​អត់ខ្វល់។ (...) ចំពោះការលើកលែងទោស ចំពោះការផ្តល់សិទ្ធិសេរីភាព ឲ្យខ្ញុំបានវិលត្រឡប់មកវិញ វាជា​វប្បធម៌​នយោបាយមួយហើយ។ រង្ស៊ី, រណឬទ្ធិ មេបក្សប្រឆាំង នៅស្រុកខ្មែរនេះ ក៏ឆ្លងកាត់ច្រកហ្នឹងដែរ។ នេះ​ស​បញ្ជាក់​ឲ្យឃើញថា តុលាការគ្មានសមត្ថភាព ផ្តល់យុត្តិធម៌ឡើយ។»

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥កន្លងមកនេះ លោក សួន សេរីរដ្ឋា អាយុ៤៣ឆ្នាំ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះរាជទានលើកលែងទោស តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សេរីរដ្ឋា ត្រូវបានតុលាការកម្ពុជា កាត់ទោសដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ ពីបទញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាល និងរួមគំនិតក្បត់ជាតិ។ បន្ទាប់ពី​លោក​បានប្តឹងទាស់ នឹងសាលក្រម សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមនោះ ទុកជាបានការពេញទាំងមូល។

តាមព្រះរាជក្រឹត្យ លើកលែងទោស របស់ព្រះមហាក្សត្រកម្ពុជាខាងលើនេះ ក៏បានត្រាស់បង្គាប់ ឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវទទួលបន្ចុកអនុវត្ត អោយបានសម្រេច និងត្រូវចូលជាធរមាន ចាប់ពីថ្ងៃឡាយ​ព្រះហស្ថលេខាតទៅ៕