បត់​អត់​ស៊ីញ៉ូ​កៀរ​ម៉ូតូ​ចូល​ក្រោម​កង់ ចេញ​សំណង​៨០ដុល្លារ


គ្រោះថ្នាក់ចររាចរណ៍មួយ រវាងឡាន ហ្វត ជាមួយម៉ូតូហុងដា បណ្តាលឲ្យម៉ូតូដូលនៅដី ដោយសារឡានខាងលើ បើកសុខៗ ស្រាប់តែបត់អត់ប្រើភ្លើងស៊ីញ៉ូ។ គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យម្ចាស់ម៉ូតូ រងគ្រោះនោះទេ ដោយពេលជួបបញ្ហាភ្លាមៗ ព្យាយាមលោតចេញពីម៉ូតូ ឲ្យផុតគ្រោះថ្នាក់។
បត់​អត់​ស៊ីញ៉ូ​កៀរ​ម៉ូតូ​ចូល​ក្រោម​កង់ ចេញ​សំណង​៨០ដុល្លារ

ទិដ្ឋភាពម៉ូតូ ត្រូវរថយន្ដហ្វ័ត កិនស្ថិតនៅក្រោមរថយន្ដ។ (រូបថត monoROOM.info/ H. Vuthy)

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលបត់អត់ប្រើភ្លើងស៊ីញ៉ូ ធុន ហ្វត ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ ២L-៧២៥៨ បើកបរដោយ​បុរសជនរបទេសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ គ្រោះថ្នាក់នេះ បានកិន​ម៉ូតូ​ហុងដា​មួយគ្រឿង ដែលកំពុងបើកក្នុងទិសដៅស្របគ្នា ពីក្រោយ ស្លាកលេខភ្នំពេញ១BN-៦៤០២ ឲ្យនៅពី​ក្រោមឡានតែម្តង។

តាមសម្តីម្ចាស់ម៉ូតូឌ្រីម ឲ្យដឹងថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវព្រះស៊ីហនុ ទល់មុខ បណ្ណាគារ អន្តរជាតិ ខាងកើតស្តុបត្រសក់ផ្អែម ស្ថិត​ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ឈិន សុជាតិ វ័យ២៥ឆ្នាំ ជាម្ចាស់ម៉ូតូ​រង​គ្រោះ បាន​រៀបរាប់ឲ្យដឹងថា ឡានបង្កបើកបរ ដោយជនជាតិបរទេសនោះ បើកនៅពីមុខម៉ូតូលោក ក្នុង​ទិសដៅ​ស្រប​គ្នា។

លុះមកដល់ចំណុចកើតហេតុ ឡានខាងលើ មិនបានប្រើភ្លើងស៊ីញ៉ូអ្វីទាំងអស់ ភ្លាមៗនោះក៏បានបត់ទៅស្តាំ ទាំង​កម្រោល នៅពេលកំពុងបើកលឿនដូចគ្នា។ ក្រោយពីបត់ឡាន បានកៀរ និងកិនម៉ូតូរងគ្រោះខាងលើ ជាប់​ទៅមុខលែងរួច។ ជាសំណាងល្អ ដែលម្ចាស់ម៉ូតូមានស្មារតី រឹងមាំ ស្ទុះលោតចេញភ្លាមៗពីម៉ូតូ ទើប​រួច​ផុត​គ្រោះ​ថ្នាក់ ដោយទុកឲ្យឡានកិនជាប់ តែម៉ូតូប៉ុណ្ណោះ។

ក្រោយពេលកើតហេតុម្ចាស់ឡាន និងម្ចាស់ម៉ូតូ បានសម្រុះសម្រួលគ្នា នៅកន្លែងកើតហេតុ ដោយម្ចាស់​ម៉ូតូ​ទាមទារសំណង ពីម្ចាស់ឡានចំនួន១០០ដុល្លារ។ តែម្ចាស់ឡានមិនព្រម បានសុំនៅត្រឹម៨០ដុល្លារ សម្រាប់​ថ្លៃ​ខូចខាតម៉ូតូ ដែលខ្លូនបានកិន។ ការសុំបញ្ចុះតម្លៃសំណង ដែលភាគីម៉ូតូ បានយល់ព្រម៕