សម្តេច​សង្ឃ​ ទេព​ វង្ស​ ដែល​ល្បី​សរសេរ​អក្សរ​ខ្មែរ​ខុស​ច្រើន​ ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​

​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បន្ថែម​លើ​មុខ​តំណែង​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៥/៩២៧​ ចុះ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៥​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​គរុ​គណ​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ដែល​ការ​តែងតាំង​នេះ​បាន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ទាំង​ភ្ញាក់ផ្អើល​បំផុត​ ។​

​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១១/៦០០​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១១​ និង​សមាសភាព​ដំបូង​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នេះ​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៧៦​ ចុះ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១១​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​គរុ​គណ​,​ ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធានកិត្តិយស​,​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ព្រុំ​ ម៉​ល់​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ផ្នែក​ភាសាវិទ្យា​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ ជា​ប្រធាន​ និង​មាន​អនុប្រធាន​ចំនួន​៧​អង្គ​-​នាក់​ ព្រមទាំង​មាន​សមាជិក​ចំនួន​៣៦​អង្គ​-​នាក់​ ។​

​ឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ដែល​បាន​តែងតាំង​ដំបូង​ មាន​សមាសភាព​ត្រឹម​ចំនួន​៣​អង្គ​-​នាក់​ប៉ុណ្ណោះ​ គឺ​ ៖​ ១-​សម្តេចព្រះ​ធម្មលិខិត​ លាស់​ ឡាយ​ ព្រះ​រាជាគណៈ​ថ្នាក់​ឯក​ ព្រះសង្ឃ​នាយករង​ទី​១​ និង​ជា​ព្រះ​ចៅអធិការ​វត្ត​សន្សំ​កុសល​,​ ២-​ព្រះ​មុនី​កោសល​ ហ៊ុ​ល​ សុវណ្ណ​ រាជាគណៈ​ថ្នាក់​ទោ​ អនុគណ​ខណ្ឌ​ប្ញ​ស្សី​កែវ​ សមាជិក​ថេរ​សភា​សង្ឃ​ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ទួល​សុ​វ​ណ្ណា​រាម​ និង​៣-​ឯកឧត្តម​ បណ្ឌិត​ គាត​ ឈ​ន់​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ (​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ ។​

​សព្វថ្ងៃ​ ឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ត្រូវ​បាន​តែងតាំង​សមាសភាព​បន្ថែមចំនួន​២​អង្គ​ទៀត​ គឺ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះ​ឃោស​ធម្ម​ ញ៉ែ​ម​ សុ​ភ័ក្ត្រ​ ព្រះ​រាជាគណៈ​ថ្នាក់​ទោ​ ព្រះ​បាឡាត់​គណ​ខេត្តកណ្តាល​ ព្រះ​អនុគណ​ក្រុង​តា​ខ្មៅ​ នាយក​ពុទ្ធិកវិទ្យាល័យ​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ក្រពើ​ហា​ ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា​ និង​ធម្ម​វិន័យ​នៃ​អគ្គាធិការដ្ឋាន​របស់​ក្រសួង​ធម្មការ​ និង​សាសនា​ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ប្រជុំ​នទី​ ហៅ​ក្រពើ​ហា​ ។​

​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ទាំង​ភ្ញាក់ផ្អើល​ពោរពេញ​ដោយ​ការ​ហួសចិត្ត​នៅ​ត្រង់​ថា​ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ល្បីល្បាញ​ខាង​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​ច្រើន​សន្ធឹក​នោះ​ បែរជា​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ទៅ​វិញ​ ៕​

សម្តេច​សង្ឃ​ ទេព​ វង្ស​ ដែល​ល្បី​សរសេរ​អក្សរ​ខ្មែរ​ខុស​ច្រើន​ ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ សម្តេច​សង្ឃ​ ទេព​ វង្ស​ ដែល​ល្បី​សរសេរ​អក្សរ​ខ្មែរ​ខុស​ច្រើន​ ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​