នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់អំណោយ មនុស្សធម៌ ដល់ប្រជាពលរដ្ឋ ចាស់ជរា និងកាកបាទក្រហម ស្រុកចន្ទ្រា

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង និងជាប្រធាន ក្រុមការងារ ចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥នេះ បាននាំអំណោយសម្បុរសធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ កាកបាទក្រហមស្រុកចន្ទ្រា ទុកសម្រាប់បំពេញ កិច្ចការងារមនុស្សធម៌ក្នុងមូលដ្ឋាន។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា អំណោយសម្បុរសធម៌ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានយកមកប្រគល់ជូន ដល់កាកបាទក្រហម ស្រុកចន្ទ្រា នាពេលនេះ គឺដើម្បីឱ្យកាកបាទក្រហមស្រុក មានលទ្ធភាពក្នុងការចុះជួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ភូមិ-ឃុំ ដែលជួបការលំបាក និងជួបគ្រោះ មហន្តរាយផ្សេងៗ។  អំណោយសម្បុរសធម៌ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់ជូនដល់ កាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា រួមមាន អង្ករ៥តោន មី១០០កេស ត្រីខ៣កេស សារ៉ុង១០០ និងថវិកា៥លានរៀល។

ក្រោយពីបញ្ចប់ ការប្រគល់អំណោយសម្បុរសធម៌ ដល់កាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានបន្តដំណើរ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ មកពីតាមបណ្តាភូមិ ឃុំ ក្នុងស្រុកចន្ទ្រា និងក្រុមយុវជនស្រុក សិស្សានិសិស្សអនុវិទ្យាល័យ ផនសែនទេពធីតា រួមនិងចាស់ជរាប្រមាណ១៥០០នាក់។

ឆ្លៀតឱកាសនោះ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត ក៏បានផ្តល់ថវិកាដល់សិស្សានិសិស្ស ក្នុងម្នាក់ៗ៥០០០រៀល ក្រុមយុវជនស្រុក ក្នុងម្នាក់ ទទួលបាន១ម៉ឺនរៀល គ្រូបង្រៀន និងមន្ត្រីរាជការទទួលបានក្នុងម្នាក់ ៣ម៉ឺនរៀល រួមនិងសារុង១ ដោយឡែកចាស់ជរា ទទួលបាន ឃីតមួយកញ្ចប់ សារុង១ ក្រម៉ា១ ផងដែរ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រំលឹកអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាបានឆ្លងកាត់ អំពីភាពលំបាករបស់ប្រជាពលរដ្ឋ ក្នុងទស្សវត្សទី៧០ និងសម័យសង្គ្រាម ប៉ុន្តែដោយការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ នោះ ទើបធ្វើឱ្យមានថ្ងៃនេះ។ ជាពិសេស ទៀតនោះ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានស្ថិរភាព សន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យឆាកអន្តរជាតិ ទទួលស្គាល់។

ឆ្លៀតពីកិច្ចការងារមនុស្សធម៌ក្នុងសង្គម និងក្រោយពីបានសំណេះសំណាល ជាមួយបងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ នៅតាមបណ្តាភូមិ ឃុំមួយចំនួនក្នុងស្រុកចន្ទ្រា នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានអញ្ជើញចូលរួមក្នុងវេណ កាន់បិណ្ឌទី១២ នៅវត្តបទុមរង្សី ស្ថិតនៅក្នុងឃុំសំរោងផងដែរ៕