ក្មេងស្រី​ម្នាក់ កើត​ជំងឺ​រលាក​ថ្លើម ដោយសារ​ផឹក​តែ​បៃតង​ច្រើនពេក​

ក្មេងស្រី​ម្នាក់ កើត​ជំងឺ​រលាក​ថ្លើម ដោយសារ​ផឹក​តែ​បៃតង​ច្រើនពេក​

​វេជ្ជបណ្ឌិត​បាន​និយា​ថា ក្មេងស្រី​អាយុ ១៦ ឆ្នាំ​ម្នាក់ កើត​ជំងឺ​រលាក​ថ្លើម ដោយសារ​តែ​ផឹក​តែ​បៃតង ៣ ពែង​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល ៣ ខែ ដើម្បី​សម្រក​ទម្ងន់​។​ ​ពិតណាស់ តែ​បៃតង ផ្តល់​គុណប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព​មនុស្ស ប៉ុន្តែ ឥឡូវនេះ វា​អាច​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ ក្រោយ​ពី​គ្រូពេទ្យ​បាន​រកឃើញថា វា​អាច​មាន​គ្រោះថ្នាក់ បើ​អ្នក​ផឹក​វា​ច្រើនពេក​។​

​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​នោះ បាន​រៀបរាប់​ប្រាប់​គ្រូពេទ្យ​ថា នាង​ចេះ​តែ​វិលមុខ ក្អួត ចុកពោះ និង​ឈឺសន្លាក់​។ គ្រូពេទ្យ​គិតថា នាង​កំពុង​មាន​ជំងឺ​រលាក​ផ្លូវ​ប្រព័ន្ធ​ទឹកនោម​ហើយ រួច​ក៏​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​។

​ពីរ​ថ្ងៃ​ក្រោយមក រោគសញ្ញា​របស់​នាង កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ រហូត​នាង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់ បន្ទប់​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ Birmingham​។
​គ្រូពេទ្យ​បាន​ពិនិត្យឃើញថា នាង​កើត​ជំងឺ​លឿង ដែល​ធ្វើឲ្យ​ស្បែក និង​ភ្នែក​របស់​អ្នក ក្លាយទៅជា​លឿង​។ ​អាការៈ​របស់​នាង ត្រូវបាន​គ្រូពេទ្យ​ជឿជាក់ថា បណ្តាលមកពី​ការឈឺ​រ៉ាំរ៉ៃ ដែល​កើតចេញ​ពី​ជំងឺ​រលាក​ថ្លើម​។ ​វា​អាច​បណ្តាលមកពី​វីរុស ឬ​អាចមកពី​ថ្លើម ត្រូវ​បាន​ប៉ះ​នឹង​សារធាតុពុល ដូចជា ជាតិ​អាល់កុល​ជាដើម​។

​ក្មេងស្រី ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ថា “​ថ្មីៗ​នេះ ខ្ញុំ​មិនដែល​ផឹកស្រា មិន​បាន​ញ៉ាំ​ថ្នាំពេទ្យ មិនបាន​ប្រើ​ថ្នាំញៀន មិនបាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ឡើយ​។ ប៉ុន្តែ ខ្ញុំ​បាន​ទិញ​តែ​បៃតង​ចិន ហើយ​ផឹក​វាបី​ពែង​រាល់ថ្ងៃ អស់​រយៈពេល ៣ ខែ ដើម្បី​សម្រក​ទម្ងន់​”​។​

“​ពិតណាស់ ខ្ញុំ​បាន​ស្រក់​បាន​ប៉ុន្មាន​គីឡូ​ដែរ ប៉ុន្តែ ខ្ញុំ​ចាប់ផ្តើម​ចុកពោះ ឈឺ​សន្លាក់ ហើយ​មាន​អារម្មណ៍​ថា ចេះ​តែ​វិលមុខ​“​។

​តែ​បៃតង មាន​ផ្ទុក​ជាតិ Theanine ដែល​អាច​ជួយ​សម្រួល​ដល់​បញ្ហា​ធ្លាក់​ទឹកចិត្តបាន​។ វា​ក៏​មាន​ផ្ទុក​នូវ​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ការពារ​ប្រឆាំងនឹង ជំងឺមហារីក​ដោះ មហារីក​សួត និង​មហារីកក្រពះ​ផងដែរ​។ តែ​បៃតង អាច​ជួយ​ការពារ​ជំងឺ​ចាស់​វង្វេង និង​បន្ថយ​កូលេ​សស្តេ​រ៉ុល​អាក្រក់​ផងដែរ​។​ ​ប៉ុន្តែ គ្រូពេទ្យ​បាន​បញ្ជាក់ថា នៅ​ក្នុង​តែ​បៃតង ដែល​ក្មេង​ស្រី​នោះ​បាន​ផឹក ប្រហែលជា​មាន​ផ្ទុក “​ភ្នាក់ងារ​បង្ក​ជំងឺ​” ដែល​គេ​អាច​នឹង​ដាក់​បន្ថែម នៅ​ក្នុង​តែ​នោះ ដើម្បី​ជួយ​ឲ្យ​ស្រកទ​ម្ងន់​បាន​។​

​ពិតណាស់ យើង​ទទួលស្គាល់ថា តែ​បៃតង ពិតជា​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព ប៉ុន្តែ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន ទៅលើ​ផលិតផល ដែល​អ្នក​បាន​ទិញ និង​ទទួលទាន​វា ក្នុង​កម្រិត​មធ្យម ដើម្បី​ទទួលបាន​សុខភាព​ល្អ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។