អាជ្ញាធរ​ភ្នំពេញ​អំពាវ​នាវ​ដល់​ម្ចាស់​រថយន្ត​ដឹក​អ្នក​ដំណើរ​កុំ​ដំឡើង​ថ្លៃ​នៅ​ថ្ងៃ​ភ្ជុំ

នៅ​ថ្ងៃ​ទី​៩ តុលា សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់ កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។

សាលាក្រុង​លើក​ហេតុផល​ថា ពលរដ្ឋ​តែង​តែ​ត្អូញត្អែរ ថ្នាំងថ្នាក់ ចំពោះ​ការ​ដំឡើង​ថ្លៃ​ហួសហេតុ ធ្វើ​ឲ្យ​ពួកគេ​សុខចិត្ត​ជិះ​ប្រជ្រៀតគ្នា​លើស​ចំណុះ ឬ​ជិះ​លើ​ដំបូល ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរ​តាម​ផ្លូវ​ជាដើម។

ជា​រៀងរាល់​ឆ្នាំ​ដែល​មាន​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ដូចជា​ភ្ជុំ​បិណ្ឌ ចូលឆ្នាំ ជាដើម ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដែល​មក​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ឬ​បណ្ដា​ខេត្ត​នានា នឹង​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​មិត្តភ័ក្ដិ​បងប្អូន។ ពេលនេះ​ហើយ ដែល​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ តែង​ឡើង​ថ្លៃ​ឈ្នួល។

ទាំង​ប្រមុខ​រដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ តែងតែ​អំពាវនាវ​ដូចនេះ ជា​រៀងរាល់​ឆ្នាំ ដោយ​សង្ឃឹម​ថា ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងនោះ នឹង​រក្សា​តម្លៃ​ឈ្នួល​ដូច​ថ្ងៃ​ធម្មតា។

ចំណែក​ករណី​គ្រោះថ្នាក់​តែងតែ​កើន​ឡើង​ខ្លាំង នៅ​ថ្ងៃ​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ម្ដងៗ ខណៈ​ដែល​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់ ស្លាប់​ដោយ​សារ​បញ្ហា​នេះ​ជា​រៀងរាល់​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។