មី​ស៊ី​ល​រុ​ស្ស៊ី​4​គ្រាប់​បាញ់​ដាក់​ស៊ី​រី​ធ្លាក់​នៅ​អីុ​រ៉​ង់ កងទ័ព​រុ​ស្ស៊ី​បដិសេធ

កងទ័ព​រុ​ស្ស៊ី​បាន​បដិសេធ​ពី​ការ​ធ្លាក់​គ្រាប់​មី​ស៊ី​ល​បណ្តែត​៤​គ្រាប់​នៅ​អីុរ៉​ង់​ពេល​បាញ់​ដាក់​ស៊ី​រី​ចេញពី​សមុទ្រ​កា​ស្ពី​យែ​ន​មក ។ រឿង​នេះ​មាន​ព័ត៌មាន​បញ្ច្រាស​គ្នា​ដោយ​សហរដ្ឋ​អា​​មេ​រិ​ក​ប្រកាស​ថា មី​ស៊ី​ល​៤​គ្រាប់​នោះ​ធ្លាក់​នៅ​អីុរ៉​ង់ ។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​គូសបញ្ជាក់​ប្រាប់ AFP ថា មី​ស៊ី​ល​រុ​ស្ស៊ី​៤​គ្រាប់​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៧ តុលា នៅ​អីុ​រ៉​ង់ ។ អ្នក​ទទួលខុសត្រូវ​រូប​នេះ​អះអាង​ពី​ព័ត៌មាន​មួយ​ផ្តល់​ដោយ​ទូរទស្សន៍ CNN ។ CNN ពុំ​បាន​ផ្តល់​ភាព​លម្អិត​ពី​តំបន់​រង​គ្រាប់​មី​ស៊ី​ល​ទាំងនេះ​នៅ​អីុ​រ៉​ង់​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​រុ​ស្ស៊ី​ក្នុង​កិច្ច​ការពារ​របប​លោក​បា​ចា អាល់​អាសា​ដ ឬ​ពី​ការ​ខូចខាត​ជាយថាហេតុ​បណ្តាល​មក​ពី​មី​ស៊ី​ល​ទាំងនេះ​ឡើយ ។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​រូប​នេះ​ពុំ​បញ្ជាក់​ច្បាស់​ពី​ឈ្មោះ​មី​ស៊ី​ល​បណ្តែត​ដែល​ប្រើប្រាស់ តែ​បញ្ជាក់​ថា នេះ​ពិតជា​មី​ស៊ី​ល​ដែល​រុ​ស្ស៊ី​ប្រកាស​បាញ់​កាលពី​ថ្ងៃ​ទី​៧ តុលា ចេញពី​​បណ្តា​នាវាចម្បាំង​នៅ​សមុទ្រ​កា​ស្ពី​យែ​ន ។

កងទ័ព​រុ​ស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​តប​ចំពោះ​ព័ត៌មាន​នេះ​ដោយ​និយាយ​ថា ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ យើង​បាន​កំណត់​ច្បាស់​គោលដៅ​មុន និង​ក្រោយ​ការ​បាញ់​មី​ស៊ី​ល​បណ្តែត​របស់​យើង​ទាំងអស់ ដែល​បាញ់ ។ ចេញពី​នាវា​ពិឃាត​យើង​សុទ្ធតែ​ទៅ​ដល់​គោលដៅ​ទាំងអស់ ។

កាលពី​ថ្ងៃ​ទី​៧ តុលា ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​បាញ់​ផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​នូវ​អាំង​ហ្វូ​ហ្គ្រា​ហ្វី​មួយ ដែល​បង្ហាញ​ទិស​ដៅរ​ត់របស់​មី​ស៊ី​ល​ទាំង​២៦​គ្រាប់ ដែល​បាញ់​ចេញ​ក្នុង​ចម្ងាយ​ដល់​ទៅ​១.៥០០​គីឡូម៉ែត្រ ពី​គោលដៅ​ដោយ​មី​ស៊ី​ល​ទាំងនេះ​ហោះ​កាត់​អីុ​រ៉​ង់ និង​អីុរ៉ា​ក់​មុន​ពេល​ធ្លាក់​នៅ​ស៊ី​រី ដោយ​ចៀស​ដែនអាកាស​តួ​ក​គី និង​អា​ហ្សែ​បៃ​ហ្ស​ង់ ៕