​នាយកដ្ឋាន​ភាពយន្ត៖ ភាពយន្ត​ខ្មែរ​សព្វ​​​ថ្ងៃ មិន​មែន​ជា​ភាពយន្ត


​នាយកដ្ឋាន​ភាពយន្ត៖ ភាពយន្ត​ខ្មែរ​សព្វ​​​ថ្ងៃ មិន​មែន​ជា​ភាពយន្ត

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក ស៊ិន ច័ន្ទ​សាយ៉ា បាន​មាន​ប្រសាសន៍​ថា ភាពយន្ត​រាល់​ថ្ងៃ​រាប់​ទាំង​ភាពយន្ត​ដែល​ផលិតករ​ផ្ទាល់​យល់​ថា ជោគជ័យ​នោះ​ក៏​ដោយ ប៉ុន្តែ​នោះ​មិន​មែន​ជា​ភាពយន្ត​ទេ។

 

លោក ថ្លែង​ថា មូលហេតុ​ដែល​លោក​និយាយ​ថា ភាពយន្ត​រាល់​ថ្ងៃ មិន​មែន​ជា​ភាពយន្ត ព្រោះ​​ថា បើ​ភាពយន្ត​ត្រូវ​តែ​អនុលោម​តាម​ក្បួន​ខ្នាត​របស់​ភាពយន្ត ប៉ុន្តែ​រឿង​រាល់​ថ្ងៃ​អត់​មាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ឡើយ គឺ​អ្នក​និពន្ធ អ្នក​សម្ដែង​ធ្វើ​តាម​តែ​នឹក​ឃើញ​ប៉ុណ្ណោះ។

 

​នាយកដ្ឋាន​ភាពយន្ត៖ ភាពយន្ត​ខ្មែរ​សព្វ​​​ថ្ងៃ មិន​មែន​ជា​ភាពយន្ត

 

រូប​តំណាង

 

មាន​ចំណុច​មួយ​ចំនួន​ដែល​លោក​បាន​កត់​សម្គាល់ គឺ​ពេល​ខ្លះ អ្នក​និពន្ធ អ្នក​ដឹក​ស្ទើរ​តែ​លែង​មាន​ការងារ​ធ្វើ ព្រោះ​តែ​បណ្ដោយ​ឲ្យ​តួ​សម្ដែង​និយាយ និង​សម្ដែង​តាម​ការ​នឹក​ឃើញ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ ក្បូន​ខ្នាត​របស់​កុន គឺ​តួ​សម្ដែង​ត្រូវ​តែ​និយាយ និង​សម្ដែង​តាម Script របស់​អ្នកនិពន្ធ តែ​រឿង​មួយ​ចំនួន​បច្ចុប្បន្ន គឺ​ខុស​ពី​នេះ ដែល​ទាញ​ដល់​គុណភាព​សាច់​រឿង។

 

ចំណុច​ផ្សេង​ទៀត លោក​ថា ភាពយន្ត​បច្ចុប្បន្ន គឺ​មិន​សូវ​មាន​ខ្លឹម​សារ ហើយ​អ្នក​មើល​ទៀត​សោត ក៏​មិន​សូវ​ចាប់​អារម្មណ៍​លើ​សាច់​រឿង។ “និយាយ​ដល់​ចំណុច​ទាំង​នេះ រាល់​ថ្ងៃ​ខ្ញុំ​កំពុង​តែ​មាន​ក្ដី​បារម្ភ ថា​ភាពយន្ត​យើង​រស់​មិន​យូរ គឺ​អាច​នឹង​ដួល​ទៅ​វិញ​នៅ​ឆាប់​ៗ​នេះ”។ លោក សាយ៉ា បន្ថែម។

 

លោក ទិត្យ ធារិទ្ធ ដែល​ជា​អ្នក​ដឹក​នាំ​មួយ​រូប​បាន​ទទួល​ស្គាល់​លើ​បញ្ហា​នេះ។ លោក​ថា ភាពយន្ត​ពី​សម័យ​មុន​រមែង​ប្រកាន់​ខ្ជាប់​នូវ​ចំណុច​៣​សំខាន់​ៗ មាន សច្ចៈ​ធម៌ គុណធម៌ និង​ទី​៣ សោភណភាព។ ប៉ុន្តែ​បច្ចុប្បន្ន អ្វី​ៗ​ទៅ​តាម​ទីផ្សារ​ទៅ​ហើយ បើ​ទោះ​លោក​ចង់​ធ្វើ​រឿង​ដោយ​ភ្ជាប់​ជាមួយ​សារ​ទាំង​នោះ​ក៏​ដោយ។

 

អ្នកនិពន្ធ និង​ដឹក​នាំ​រឿង​ជើង​ចាស់​រូប​នេះ បញ្ជាក់​ទៀត​ថា “អ្នក​មើល​សម័យ​មុន និង​អ្នក​មើល​សម័យ​នេះ ខុស​គ្នា​ដាច់ អ្នក​មើល​សម័យ​មុន​ច្រើន​ទៅ​មើល​ជា​លក្ខណៈ​គ្រួសារ ពួក​គេ​មើល​លើ​សាច់​រឿង តែ​អ្នក​មើល​សម័យ​នេះ ច្រើន​ជា​យុវវ័យ​ហើយ​ចូល​ចិត្ត​មើល​តួ​ទៅ​វិញ។ អីចឹង​ហើយ​ ទើប​ឥឡូវ​គេ​យក​តួ​មក​ដឹក​សាច់​រឿង។ ហើយ​យើង​ទៅ​មើល​រឿង “Last Reel” របស់​បង​គុល្លិកា តើ​មាន​អ្នក​មើល​ប៉ុន្មាន…រាល់​ថ្ងៃ​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ម៉េច ដើម្បី​អាច​ផ្លាស់​ប្ដូរ​អ្នក​មើល​បាន”។

 

​នាយកដ្ឋាន​ភាពយន្ត៖ ភាពយន្ត​ខ្មែរ​សព្វ​​​ថ្ងៃ មិន​មែន​ជា​ភាពយន្ត

 

រូប​តំណាង

 

ដោយ​សារ​តែ​ភាពយន្ត​បច្ចុប្បន្ន ទស្សនិកជន​មើល​តួ​សម្ដែង​ជាង​សាច់​រឿង ទើប​បច្ចុប្បន្ន​អ្នក​និពន្ធ​បណ្ដោយ​ឲ្យ​តួ​សម្ដែង​ដឹក​សាច់​រឿង ហើយ​ពឹង​លើ​តួ​សម្ដែង​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​២-៣​នាក់។ តថភាព​នេះ លោក ស៊ិន ច័ន្ទសាយ៉ា ថ្លែង​ថា ភាពយន្ត​របស់​យើង​នឹង​ជួប​អាសន្ន​ជា​ថ្មី​ក្នុង​ពេល​មិន​យូរ​ខាង​មុខ។

 

គុណភាព​យន្ត​ក្នុង​ស្រុក​នៅ​មាន​កម្រិត បាន​ចង​ភ្ជាប់​នឹង​បញ្ហា​មួយ​ជា​ច្រើន ក្នុង​នោះ​មាន​ទីផ្សារ​តូច​ចង្អៀត បច្ចេកទេស យន្តការ​គាំទ្រ​ពី​ស្ថាប័ន​ជំនាញ រួម​ទាំង​កង្វះ​ធនធាន​មនុស្ស និង​មនុស្ស​ដែល​មាន​ធនធាន​ចូល​មក​វិនិយោគ​ជា​ដើម។ និយាយ​ពី​ធនធាន​មនុស្ស លោក ហម ឈរ៉ា ជា​សិល្បៈ​រៀម​ច្បង​ម្នាក់ ថ្លែង​ថា លោក​ទទួល​ស្គាល់ ប៉ុន្តែ​លោក​បាន​បន្ទោស​វិញ​ថា ព្រោះ​តែ​ក្នុង​ស្រុក​មិន​មាន​ទីកន្លែង​ធ្វើ​ជា​ថ្នាល​សម្រាប់​បណ្ដុះបណ្ដាល​ពិត​ប្រាកដ ដើម្បី​បណ្ដុះ​ធនធាន​មនុស្ស។

 

លោក​ថា “មិន​បាច់​និយាយ​ឯណា​ឆ្ងាយ​ទេ រាប់​ពី​ខ្ញុំ​តែ​ម្ដង ខ្ញុំ​អត់​បាន​បណ្ដុះបណ្ដាល​អី​ទេ ព្រោះ​យើង​អត់​មាន​សាលា​បង្រៀន សិល្បករ​យើង​ផ្សេង​ទៀត​ក៏​អីចឹង​ដែរ គឺ​ចេះ​តាម​ៗ​គ្នា​អីចឹង​ទៅ ទៅ​រៀន​ឯណា យើង​អត់​មាន​សាលា​រៀន​ផង”។

 

សាលា​បណ្ដុះ​បណ្ដាល​ថ្នាក់​ជាតិ​កន្លង​មក​អត់​មាន​មែន ប៉ុន្តែ​នៅ​តាម​សាលា ឬ​អង្គការ​មួយ​ចំនួន​មាន ដូច​ជា លីមកុងវីង បញ្ញា​សាស្ត្រ អង្គការ PSE ជា​ដើម​មាន​បើក​បង្រៀន។ ប៉ុន្តែ​លោក ស៊ិន ច័ន្ទ​សាយ៉ា ថ្លែង​ថា បញ្ហា គឺ​អត់​មាន​អ្នក​ទៅ​រៀន។

 

​នាយកដ្ឋាន​ភាពយន្ត៖ ភាពយន្ត​ខ្មែរ​សព្វ​​​ថ្ងៃ មិន​មែន​ជា​ភាពយន្ត

 

រូប​តំណាង

 

ដោយ​សារ​ទាំង​អ្នកនិពន្ធ តួ​សម្ដែង មិន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ លោក ថា​ក្នុង​សិល្បៈ​ភាពយន្ត​ខ្មែរ​ធ្វើ​តាម​ទម្លាប់ តាម​នឹក​ឃើញ និង​តម្រូវ​ទីផ្សារ​ទាំង​អស់។ដូច្នេះ​ហើយ ទន្ទឹម​នឹង​មិន​មាន​ធនធាន​ថ្មី ធនធាន​តួ​សម្ដែង​ជើង​ចាស់​ដែល​មាន​ស្រាប់​អាច​នឹង​ខូច​ថែម​ទៀត។

 

លោក ថ្លែង​ថា “ឥឡូវ​ក្មេង​ៗ​ដែល​មិន​បាន​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ហក់​មក​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ច្រើន ហើយ​ទៅ​ជា​ក្មេង​ៗ​ដឹក​នាំ​តួ​សម្ដែង​ចាស់​ៗ​ទៅ​វិញ។ ពេល​ខ្លះ​ខ្ញុំ​បាន​ឃើញ​តួ​ចាស់​ៗ​យើង លោក​ឈរ៉ា លោក​រ៉ូ​ជា​ដើម ទៅ​សម្ដែង​តួ​ឡប់ ខ្ញុំ​ស្រណោះ ព្រោះ​ខូច​ពួក​គាត់​អស់​ហ្មង!”។
សេដ្ឋកិច្ច គឺ​ជា​រឿង​ធំ លោក ហម ឈរ៉ា ថ្លែង​ថា ដើម្បី​ឆ្នាំង​បាយ ដើម្បី​ក្រពះ​ត្រូវ​តែ​សម្ដែង ព្រោះ​បើ​យើង​មិន​សម្ដែង មាន​គេ​សម្ដែង។

 

មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ក្នុង​សិល្បៈ​ភាពយន្ត​ខ្មែរ។ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ដដែល លើក​ឡើង​ថា ជា​រឿង​ដ៏​ពិបាក ព្រោះ​សព្វថ្ងៃ ថ្នាក់​លើ​ហាក់​ធ្វើ​ទៅ​ដោយ​គ្មាន​ផែន​ការ​ច្បាស់​លាស់ គឺ​តាម​តែ​យថាកម្ម។ ទោះ​យ៉ាង​ណា មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​ដែល​បាត់​មុខ​តាំង​ពី​ឆ្នាំ ២០០៨ មក​បង្ហាញ​មុខ​វិញ​ចុង​ឆ្នាំ​នេះ លោក​សង្ឃឹម​ថា អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ ព្រោះ​នោះ​ជា​កន្លែង​ជួប​ប្រជុំ​ជជែក​គ្នា​ដ៏​ធំ​មួយ៕

 

អត្ថបទ៖ ទារិកា