ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កំណត់​ឲ្យ​ព្រះសង្ឃ ដែល​ជិះ​ម៉ូតូ​ពីក្រោយ ត្រូវ​ពាក់​ពួក​សុវត្ថិភាព​ដែរ​

​កំពង់ឆ្នាំង: លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថា ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​តម្រូវ​ឲ្យ​ព្រះសង្ឃ ដែល​ជិះ​ម៉ូតូ​ពីក្រោយ ក៏ត្រូវ​ពាក់​ពួក​សុវត្ថិភាព​ដែរ​។​

​ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​និវត្តន៍​ជន និង​បុគ្គលិក​ក្នុង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ប្រមាណ​ជាង​១០០​នាក់ នា​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅក្នុង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​។​

​នាឱកាស​នោះ ក្រៅពី​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​ដល់​បុគ្គលិក​ទាំង​អ្នក​ចូលនិវត្តន៍ ទាំង​អ្នក​កំពុងធ្វើការ​នោះ លោក កែវ ពៅ បានធ្វើការ​ផ្សព្វផ្សាយ​នូវ​សេចក្តីអំពាវនាវ​ស្តីពី​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ចាប់ពី​ថ្ងៃទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ របស់​គណៈកម្មាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​អ្នកបើកបរ​យានយន្ត​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍ ចេះ​យោគយល់​អា​ធ្យា​ស្រ័យ​ក្នុងពេល​បើកបរ ត្រូវ​ត្រួតពិនិត្យ​យានជំនិះ​របស់ខ្លួន​មុនពេល​ចេញដំណើរ កុំ​ផ្ទុក​អីវ៉ាន់ និង​មនុស្ស​លើស​ទម្ងន់​។ នៅក្នុង​ទីប្រជុំជន​ត្រូវ​ប្រើប្រាស់​ល្បឿន​៤០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង និង​ក្រៅ​ទីប្រជុំជន ត្រូវ​ប្រើប្រាស់​ល្បឿន​៨០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង អ្នកជិះរថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​គ្រប់គ្នា​។ លោក​បាន​បន្តថា អ្នកបើកបរ​យានយន្ត ត្រូវ​បន្ថយល្បឿន​បើកបរ​របស់ខ្លួន​ទៅតាម​ស្ថានភាព​ផ្លូវ ស្ថានភាព​ចរាចរណ៍ ដូចជា​ផ្លូវ​មាន​ជង្ហុគ ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចុះឡើង​ចំណោត ផ្លូវ​ចង្អៀត និង​ផ្លូវ​រអិល​ជាដើម​។​

​លោក កែវ ពៅ បាន​បន្ថែមថា នៅក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ត្រូវដាក់​ឲ្យ​ប្រើប្រាស់ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ អ្នកជិះ​ម៉ូតូ​ទាំងអស់ រាប់ទាំង​ព្រះសង្ឃ​ផងដែរ ត្រូវតែ​ពាក់មួក​សុវត្ថិភាព ព្រោះ​នៅក្នុង​ច្បាប់​បានចែង​រួចហើយ​។ ដោយឡែក​ការពិន័យ​ទៅនឹង​កំហុស​នៃ​ការបើកបរ​វិញ គឺ​១​គុណ​និង​៥​ដង បានន័យថា​នៅក្នុង​ច្បាប់​ចាស់ អ្នក​មិន​ពាក់មួក​សុវត្ថិភាព​គឺ​ពិន័យ​៣​ពាន់​រៀល តែ​ច្បាប់​ថ្មី​ត្រូវ​ពិន័យ​១​ម៉ឺន​៥​ពាន់​រៀល​។​

​លោក កែវ ពៅ បាន​អំពាវនាវ​ដល់​បុគ្គលិក​នៅក្នុង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ទាំងអស់​ឲ្យ​ណែនាំ​ដល់​កូនចៅ​សាច់ញាតិ គោរព​ច្បាប់​ចរាចរណ៍ កុំ​ឲ្យ​ថ្ងៃបុណ្យ​ប្រពៃណីជាតិ ក្លាយទៅជា​បុណ្យសព និង​នាំ​ឲ្យ​មានទុក្ខ​ធំ​ដល់​គ្រួសារ និង​សង្គម ព្រោះថា​គ្មាន​សេចក្តី​រីករាយ​ណា​ធំ​ជាង​ការជួបជុំ​គ្រួសារ​សាច់ញាតិ​នោះឡើយ ៕