ស្រវឹងស្រា​ដើរ​ជាន់​ទុយោរ ដួល​បោក​ក្បាល​គែម​សា​ឡង់ ធ្លាក់ទឹក​ស្លាប់​

ភ្នំពេញ: ថៅកែ​សា​ឡង់​បូម​ខ្សាច់​ម្នាក់ ស្រវឹងស្រា​ដើរ​ជាន់​ទុយោរ រអិល​ជើង​ធ្លាក់ទឹក​លង់​ស្លាប់កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥​នៅ​ចំណុច​មាត់ច្រាំង​ក្បែរ​វត្ត​គៀនឃ្លាំង ភូមិ​គៀន​ឃ្លាំង សង្កាត់ ខណ្ឌ​ជ្រោយចង្វារ​។​

​ថៅកែ​សា​ឡង់​រងគ្រោះ​ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​តូចសង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​បើតាម​មិត្តភក្តិ​ជនរងគ្រោះ ដែល​នៅក្នុង​ហេតុការណ៍​នោះ បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុ​ពួកគេ​ទាំង​២​នាក់​នាំគ្នា​ផឹកស្រា​ស្រវឹង​ទាំងអស់គ្នា ហើយក៏​នាំគ្នាមក​ដេកចាំ​សា​ឡង់​ទាំងអស់គ្នា គ្រា​ដែល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កម្មករ​ផ្ស​រង​ទៀត​បានទៅលេង ស្រុកកំណើត​វិញ​អស់​។

​ខណៈ​មកដល់​សា​ឡង់​ជនរងគ្រោះ​បាន​ដើរ​ជាន់​លើ​ទុយោ ស្រាប់តែ​រអិលដួល​បោកក្បាល​នឹង​គែម​សា​ឡង់ ធ្លាក់ទឹក​លិច​បាត់​តែម្តង ភ្លាមៗ​មិត្តភក្តិ​ដែល​ទៅ​ជាមួយគ្នានោះបាន​លោត​ចុះ​តាម​រាវរក​ដើម្បី​ជួយសង្គ្រោះ​ដែរ តែ​ជា​អកុសល រាវ​ប៉ះ​តែអាវ​ជនរងគ្រោះ​បន្តិច​ក៏​លិច​បាត់​តែម្តង​។

​បន្ទាប់ពី​ជនរងគ្រោះ​លិច​បាត់ទៅ​ក្នុង​ទឹក ក៏​តេ​ប្រាប់​ក្រុមគ្រួសារ​ជួល​ទូក​បងប្អូនខ្មែរឥស្លាម ក្នុងតម្លៃ​៧០០​ដុល្លារ ហើយ​រាវ​តាំងពី​យប់​រហូតដល់​ព្រលឹម​ទើប​រកសព​ឃើញ ហើយ​ស្រង់​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បូជា​នៅ​វត្ត​ព្រែក​តា​គង់​៕R​