ចំណុចខ្លាំង​របស់​កម្ពុ​ជា គឺ​ស្ថិរភាព ដែលជា​សក្តានុពល​ដ៏​សំខាន់ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​

: ​លោកស្រី Yong Sarah Zhou តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ  (IMF) បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ពី​ចំណុចខ្លាំង​របស់​កម្ពុជា ពិសេស​អំពី​សុខសន្តិភាព ស្ថិរភាព​ដែល​កម្ពុ​ជាមាន គឺជា​សក្តានុពល​ដ៏​សំខាន់ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុងនោះ​លោកស្រី​រំពឹងថា  កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ​ជា ៧ លាន​នាក់ នៅ​ឆ្នាំ​២០២០​។​

​នៅក្នុង​ជំនួប​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ លោកស្រី Yong Sarah Zhou មើលឃើញថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ទេសចរណ៍​ទាំង​វប្បធម៌ និង​ធម្មជាតិ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​ជា​ឧត្តមភាព​ថ្មី​មួយ​មានការ​ប្រកួតប្រជែង​ខ្ពស់ ដែល​ត្រូវបានគេទទួលស្គាល់​ជាស​កល ក្នុងចំណោម​វិស័យ​អាទិភាព​សំខាន់ ជាច្រើន​នៅ​កម្ពុជា​។​

​លោកស្រី​បានការ​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​បៃតង​ទាំង​ធម្មជាតិ​និង ផ្ទៃមេឃ មាន​លក្ខណៈ​ស្រស់ស្អាត ដែលជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​។ ដូចនេះ​សូមឱ្យ​កម្ពុជា​បន្ត​រក្សា​នូវ​ភាព​ស្អាត​របស់ខ្លួន​ឱ្យមាន​ជា​និរន្ត​ភាព​តទៅ ព្រោះថា​ស្ថានភាព បែបនេះ​មាន​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បាន​បាត់បង់​អស់​ច្រើន​ហើយ​។​

​លោកស្រី​ក៏បាន​វាយតម្លៃ​ចំពោះ​ប្រព័ន្ធ​ព័ត៌មាន​របស់​កម្ពុជា​ថា ពិតជា​មានការ​រីកចម្រើន​គួរឱ្យ​កត់ សម្គាល់ ហើយ​ជា​ព័ត៌មាន​ល្អ​ស្ថិតក្នុង​លំដាប់​អន្តរជាតិ ដែល​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​បាន ដឹង​កាន់តែច្បាស់​អំពី​ប្រទេស​ដែល​កំពុងតែ អភិវឌ្ឍន៍​មួយ​នេះ ហើយ​ពិត​ជាមាន​សារៈសំខាន់ និង​ស្ថិតនៅក្នុង​ដួងចិត្ត​របស់​អ្នកទេសចរ​អន្តរជាតិ តាមរយៈ​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​នានា លើ​វិស័យ​ទេសចរណ៍​ក្នុងពេល​កន្លងមក​។​

​លោកស្រី​បានបង្ហាញ​ពី​ការគាំទ្រ​ចំពោះ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ថា ពិតជា​បាន​ដើរ​ទាន់ និង​ត្រឹមត្រូវ​ស្រប​ពេលដែល​តំបន់ និង​ពិភពលោក​កំពុងមាន​ការរីកចម្រើន​លើ​វិស័យ​មួយ​នេះ​។ លោកស្រី​អះអាងថា រាល់​ព័ត៌មាន​ទាំងអស់នេះ​នៅ​កម្ពុជា​នឹងត្រូវ​កត់​បញ្ចូល ទៅក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច ព្រោះ​វា​ជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​សំខាន់ៗ ដែល​ធ្វើឱ្យ​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ចជាតិ​និង​រួមចំណែក​ផ្តល់ឱកាស​ការងារ​ទៀតផង​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បណ្តុះបណ្តាល ធនធានមនុស្ស ពិសេស​ជំនាញ​ដល់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​លើកកម្ពស់​គុណភាព សេវាកម្ម ផលិតផល​ទេសចរណ៍​នានា ធ្វើយ៉ាងណា​ឱ្យ​ធានាបាន​នូវ​ការ ពេញចិត្ត​ពី​ភ្ញៀវ និង​ទាក់ទាញ ភ្ញៀវ​ឱ្យមក​ទស្សនា​ជា​បន្តទៀត​។ ពិសេស​យើង​បាន​ពង្រីក​យន្ត​ការឱ្យ​កាន់តែ​ទូលំទូលាយ ថែមទៀត តាមរយៈ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ជាច្រើន​ក្នុងនោះ​ក៏បាន​បង្ហាញ អំពី​គម្រោង​ការបង្កើត​កម្មវិធី​ផ្ទះ​ទី​២ ក្នុង​ខេត្ត​គោលដៅ​ដែល​អាចធ្វើឱ្យ​ភ្ញៀវ​ស្នាក់​នៅបាន​រយៈពេល​យូរ​ទៀតផង​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​វិស័យ​ទេសណ៍​កម្ពុជា បានផ្តល់​ឱកាស​ការងា​រ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់​៕​