ប្រជាពលរដ្ឋ ប្ដឹង​អ្នកតំណាងរាស្ត្រ ពីបទ​រំលោភ​យក​ដី​បឹង​របស់​រដ្ឋ នៅ​ខេត្តតាកែវ​

តាកែវ: ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៤៧ គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ច​ក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ បានកើត​ទុក មិន​សុខចិត្ត និង​បាននាំគ្នា​ដាក់ពាក្យ​បណ្ដឹង ប្ដឹង​លោកស្រី និ​ន សុ​ផុន អ្នកតំណាងរាស្ត្រ មណ្ឌល​តាកែវ របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​រំលោភបំពាន​យក​ដី​បឹង​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។​

​ពាក្យបណ្ដឹង​មួយច្បាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ចំនួន ៤៧​នាក់ បាន​ផ្ដិតមេដៃ ដាក់ចូល​ទៅកាន់​លោក អភិបាល​ខេត្តតាកែវ និង​សាលាក្រុង​ដូន​កែវ​។​

​ក្រុម​ប្រជាពលរដ្ឋ បាននាំគ្នា​ចោទប្រកាន់​លោកស្រី និ​ន សុ​ផុន អ្នកតំណាងរាស្ត្រ មណ្ឌល​តាកែវ ថា បាន​បំពាន ព័ទ្ធរបង​យក​ដី​បឹង​របស់​រដ្ឋ ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ប្រកប​រប​រកស៊ី​ធ្វើស្រែ​ចំការ​ជា​យូរយារ​ណាស់​មកហើយ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

​ប្រជាពលរដ្ឋ លើកឡើងថា ថ្មីៗ​នេះ អ្នកតំណាងរាស្ត្រ​រូបនេះ បាន​យក​គ្រឿងចក្រ មក​ជីក និង​ឈូសឆាយដី​បឹង ជា​កង់ៗ ធ្វើជា​ស្រះ ហើយ​បាន​បិទផ្លូវ​ទឹក ដែល​ហូរ​ពី​ស្ពាន ខាងលិច​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តតាកែវ ពី​ត្បូង​ទៅ​ជើង បិទ​ទាំងស្រុង​តែម្ដង​។​
 
​ក្នុង​ពាក្យបណ្ដឹង​នោះ ប្រជាពលរដ្ឋ​ទាំង ៤៧ គ្រួសារ បានស្នើ​សុំអោយ​លោក​អភិបាលក្រុង​ដូន​កែវ ហើយ​ជាពិសេស​លោក​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ជួយ​ពិនិត្យ និង​ដោះស្រាយ​អោយ​ពួកគាត់ ដោយ​អនុគ្រោះ​។​

​មិនទាន់មាន​ការបំភ្លឺ​បែបណា​ពី​លោកស្រី និ​ន សុ​ផុន អ្នកតំណាងរាស្ត្រ ខេត្តតាកែវ ដែល​ប្រជាពលរដ្ឋ បាន​ប្តឹង​នោះ​នៅឡើយ​ទេ​។ រីឯ​អាជ្ញាធរ​ក្រុង​ដូន​កែវ និង​លោក​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ក៏​មិនទាន់​ឆ្លើយតប​បែបណា​ចំពោះ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ដែរ​៕​

ប្រជាពលរដ្ឋ ប្ដឹង​អ្នកតំណាងរាស្ត្រ ពីបទ​រំលោភ​យក​ដី​បឹង​របស់​រដ្ឋ នៅ​ខេត្តតាកែវ​

ប្រជាពលរដ្ឋ ប្ដឹង​អ្នកតំណាងរាស្ត្រ ពីបទ​រំលោភ​យក​ដី​បឹង​របស់​រដ្ឋ នៅ​ខេត្តតាកែវ​

ប្រជាពលរដ្ឋ ប្ដឹង​អ្នកតំណាងរាស្ត្រ ពីបទ​រំលោភ​យក​ដី​បឹង​របស់​រដ្ឋ នៅ​ខេត្តតាកែវ​