កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មហាសន្និបាត​អូឡាំពិក​អាស៊ី​នៅ​ឆ្នាំ​ក្រោយ


កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មហាសន្និបាត​អូឡាំពិក​អាស៊ី​នៅ​ឆ្នាំ​ក្រោយ

​លោក​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ប្រាប់​ឱ្យ​ដឹង​ថា​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​មួយ​ដោយ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​មហាសន្និបាត​អូឡាំពិក​អាស៊ី​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ​នេះ ដែល​មាន​ការ​ចូល​រួម​ពី​ខាង​គណៈកម្មាធិការ​​អូឡាំពិក​អន្តរជាតិ​ (IOC) ​គ្រប់​ជាន់​ថ្នាក់ និង​ថ្នាក់​​ដឹក​នាំ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត មាន​គ្នា​ប្រមាណ​ជា​៤០០​ទៅ​៥០០​នាក់។

 

 កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មហាសន្និបាត​អូឡាំពិក​អាស៊ី​នៅ​ឆ្នាំ​ក្រោយ​លោក​ វ៉ាត់ ចំរើន

 

ការ​រៀប​ចំ​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​នេះ​ដែរ គឺ​មាន​គោលបំណង​ដើម្បី​ស្រង់​យក​បទ​ពិសោធន៍​និង​ប្រមូល​ផ្ដុំ​ការ​គាំទ្រ​ពី​ខាង​អន្តរជាតិ​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ ហើយ​វា​ក៏​ជា​យុទ្ធសាស្ត្រ​សំខាន់​បំផុត​របស់​លោក ថោង ខុន ​​ប្រធាន​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជាផង​ដែរ។ ក្នុង​កម្មវិធី​នោះ​ដែរ លោក វ៉ាត់ ចំរើន ​បាន​បញ្ជាក់​ទៀត​ថា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នឹង​បង្ហាញ​ពី​ផែនការ​ស៊ីហ្គេម​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ បង្ហាញ​ពី​កីឡដ្ឋាន​ធំ​បំផុត​ដែល​កំពុង​សាងសង់​ឡើង​និង​គោលបំណង​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

 

លោក​ វ៉ាត់ ចំរើន ​ដែល​បាន​ចូល​រួម​មហា​សន្និបាត​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លើក​ទី​៣៤​ នៅ​ទី​ក្រុង Ashgabat ប្រទេស​ទួរមេនីស្ថាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ​កន្លងទៅ​​ បាន​បន្ថែម​ទៀត​ថា​នេះ​ជា​ឱកាស​មាស ឱកាស​ពេជ្រ​របស់​កម្ពុជា​ហើយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ខាង​សហគមន៍​អន្តរជាតិ ក៏​ដូចជា​ជំនួយ​ផ្សេង​ៗ​ចំពោះ​អ្វី​ដែល​កម្ពុជា​កំពុង​ខ្វះខាត។

 

មូលហេតុ​ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​មក​លើ​កម្ពុជា​នេះ​ដែរ​គឺ​ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Media ​ខាង​កីឡា​របស់​កម្ពុជា​មាន​របត់​មួយ​ធំ ដែល​សឹងតែ​មិន​គួរ​​​ឱ្យ​ជឿ។ មួយ​វិញ​ទៀត ខាង​អន្តរជាតិ​គឺ​ឱ្យ​តម្លៃ​ខ្លាំង​ណាស់​ចំពោះ Media ​នេះ ដោយ​ពួកគេ​តែងតែ​តាមដាន​នឹង​ឱ្យ​តម្លៃ​ខ្ពស់ ទាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ដូចជា​បណ្ដាញ​សង្គម​ផ្សេង​ៗ។

 

បន្ថែម​ពី​លើ​នេះ​ដែរ ដោយ​មាន​ការ​ផ្ដល់​ព័ត៌មាន​ច្បាស់​ៗ​និង​ទូលំទូលាយ​ បាន​ធ្វើ​ឱ្យ​ Media ​ខាង​កីឡាករ​របស់​កម្ពុជា​កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​ល្អ​មួយ​នៅ​តំបន់​អាស៊ី​នេះ​ ពោល​គឺ​នៅ​ចំណាត់​ថ្នាក់​១០​ជាង ក្នុង​ចំណោម​ប្រទេស​ជិត៥០​នៅ​ក្នុង​ទ្វីប​អាស៊ី៕

 

ចុចអាន៖អូឡាំពិក​អន្តរជាតិ​សរសើរ​ពី​ការ​ផ្សព្វផ្សាយ​កីឡា​នៅ​កម្ពុជា ​

 

អត្ថបទ៖ មុន្នី រម្យ