ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ អាងខ្នង​បង្អែក​រឹងមាំ​ហ៊ាន​គំរាម​សមត្ថកិច្ច​

​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ ឈ្មោះ សេន ដែលមាន​ខ្នងបង្អែក​រឹងមាំ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​រហូតដល់​ហ៊ាន​ព្រមាន​ទៅលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​កងរាជអាវុធហត្ថ​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ សេន អាង​មាន​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជា​ខ្នងបង្អែក​ទើប​ហ៊ាន​គំរាម​លើ​សមត្ថកិច្ច និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​យ៉ាង​ទទឹងទទែង​។ ជាក់ស្ដែង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ បាន​ទទួលស្គាល់ថា ការបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ត្រូវ​បរាជ័យ ដោយសារ​ឈ្មួញ​ឈ្មោះ សេន និង​បក្ខពួក​បាន​ឡោមព័ទ្ធ​គំរាមកំហែង​សមត្ថកិច្ច​។

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​បង្ក្រាប​រថយន្ត​ម៉ាក​នីសា​ន់​ដឹកឈើ​១​គ្រឿង នៅ​ចំណុច​ក្បែរ​ផ្ទះ​ឈ្មោះ សេន ភូមិ​ដង្កៀបក្ដាម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ នៅលើ​រថយន្ត​នីសា​ន់​នោះ មាន​ផ្ទុក​ឈើ​ប្រណីត​ពេញ​និង​មាន​គំនរ​ឈើ​ប្រណីត​ជាច្រើន​នៅ​កន្លែងកើតហេតុ​ផងដែរ​។ ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ត្រូវ​បរាជ័យ​ទាំងស្រុង​ព្រោះ​ឈ្មួញ​ឈ្មោះ សេន និង​បក្ខពួក​បាន​ឡោមព័ទ្ធ​សមត្ថកិច្ច ហើយ​កាប់​កង់​រថយន្ត​បំបែក រួច​ទាញ​ឈើ​ទម្លាក់​ចូល​ទឹកស្រះ​ដើម្បី​បំបិទ​ភស្តុតាង​ទៀតផង​។ នៅពេល​ប្រឈម​នឹង​គ្រោះអាសន្ន​បែបនេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ នាំគ្នា​រត់​បាតជើង​ស​ព្រាត​ព្រោះ​ខ្លា​ចការ​គំរាម​របស់​ឈ្មួញ​។

ប្រជាពលរដ្ឋ​រិះគន់ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​បើក​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​របស់​ឈ្មួញ​ឈ្មោះ សេន មើលទៅ​អន់​បំផុត​ព្រោះ​ឈ្មួញ​អាច​គំរាម​វិញ​យ៉ាង​កំរោល​។ ជាមួយគ្នានេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ដោយសារតែ​ឈ្មួញ​ឈ្មោះ សេន មាន​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើជា​ខ្នងបង្អែក​យ៉ាងរឹងមាំ ទើប​ហ៊ាន​តតាំង​ជាមួយ​សមត្ថកិច្ច ហើយ​ទទួលបាន​ជោគជ័យ​ទាំងស្រុង​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ ឈ្មោះ សេន ជាបន្ទាន់​ព្រោះ​មកដល់ពេលនេះ​ឈ្មួញ​ឈ្មោះ សេន និង​បក្ខពួក​នៅតែ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

ឯឧ.ម៉ៅ-ធនិនលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់

xs-1