សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង រក្សាទុក​ប៉ុស្តិ៍​ខុសច្បាប់​នៅ​អណ្ដូងទឹក

​លោក សំ កុសល ដែល​បាន​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង ប្រមាណ​២​ខែ​កន្លងទៅនេះ កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាក់ស្ដែង​លោក សំ សុខា បាន​រក្សាទុក​ប៉ុស្តិ៍​គយ​នៅ​ចំណុច​អណ្ដូងទឹក​ដោយ​ពុំមាន​ការអនុញ្ញាត ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ឡើយ​។ នៅ​ប៉ុស្តិ៍​អណ្ដូងទឹក​នោះ មាន​មន្ត្រី​គយ​ម្នាក់​ឈរជើង និង​សិក្ខាកាម​គយ​ម្នាក់​ទៅ​ហាត់​ការងារ​នៅ​ទីនោះ​ផងដែរ ដើម្បី​ចាំ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​ពី​ច្រក​ចាំ​យាម និង​ពី​ច្រក​នានា​ក្នុង​ខេត្តកោះកុង ឆ្លងកាត់​គោលដៅ​នេះ​។

ប្រភពពី​បុគ្គលិក​គយ​នៃ​សាខាគយ​ខេត្តកោះកុង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ពុធ​កន្លងទៅ មាន​ភ្នាក់ងារ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ទៅ​ជួប​លោក សំ កុសល សួរនាំ​អំពី​បញ្ហា​នេះ ហើយ​បម្រុង​យកមក​ធ្វើការ​ចាក់ផ្សាយ​។ ប៉ុន្តែ​ដើម្បី​បិទបាំង​ព័ត៌មាន​នេះ​ឮសូរ​ថា មានការ​ចំណាយលុយ​១២០០​ដុល្លារ ដើម្បី​កុំ​ឲ្យ​ភ្នាក់ងារ​ទូរទស្សន៍​ក្នុងស្រុក​មួយ​នោះ​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា លុយ​១២០០​ដុល្លារ​នោះ​គឺជា​ប្រាក់រង្វាន់​សម្រាប់​មន្ត្រី​សាខាគយ​ខេត្តកោះកុង ប៉ុន្តែ​ត្រូវ​លោក សំ កុសល យកមកប្រើ​ប្រាស់​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​ទៅវិញ​។

​មន្ត្រី​សាខាគយ​ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ត្រួតពិនិត្យ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក សំ កុសល ជាបន្ទាន់​ហើយ​គួរ​លុបបំបាត់ចោល​ប៉ុស្តិ៍​គយ​នៅ​តំបន់​អណ្ដូងទឹក​ផងដែរ​។ ដោយហេតុថា ឈ្មួញ​ដែល​ដឹកទំនិញ​ពី​ច្រក​ចាំ​យាម និង​ពី​ច្រក​ផ្សេងៗ​ទៀត​ឆ្លងកាត់​ប៉ុស្តិ៍​អណ្ដូងទឹក គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ប៉ុស្តិ៍​នេះ​តាម​ការកំណត់ បើទោះបី​ពួកគេ​បង់ពន្ធ​នៃ​ច្រកព្រំដែន​រួចរាល់​ក៏ដោយ​។ សកម្ម​ភាពមិនប្រក្រតី​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង នៅមាន​ជាច្រើន​ករណី​ទៀត​ដែល​គេហទំព័រ មនសិការ​ខ្មែរ នឹង​លើក​យកមក​ធ្វើការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​៕

6522លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ