ប្រឈម​មុខ​នឹង​ពួក​តា​លី​បង់ អូតង់​ពិចារណា​ពី​វិធីសាស្ត្រ ថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

អគ្គលេខាធិការ​អង្គការ​អូតង់ លោក JENS STOLTENBERG បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​កាលពី​ថ្ងៃ​ទី​៨ តុលា គូស​បញ្ជាក់​​ថា អូតង់​នឹង​ពុំ​ចាក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​ប៉ុន្តែ​នៅ​ពុំ​ទាន់​សម្រេច​ថា តើ​នឹង​រក្សា​ទុក​វត្តមាន​របស់​ខ្លួន​ត្រឹម​កម្រិត​ណា ក្នុង​ប្រទេស​នេះ​សម្រាប់​ឆ្នាំ​២០១៦ និង​បណ្តា​ឆ្នាំ​ខាង​មុខ​ឡើយ ។

ការ​វាយប្រហារ​នា​ពេល​ថី្ម​ៗ​នេះ​របស់​ពួក​តា​លី​បង់ លើ​ទីក្រុង​គុន​ឌុ​ស និង​ការ​ទម្លាក់​គ្រាប់បែក​របស់​កង​យន្តហោះ​អា​េ​ម​រិ​កលើ​មន្ទីរពេទ្យ​មួយ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ញ៉ាំង​ឱ្យ​មានការ​លើក​ឡើង​ពី​បញ្ហា​សភាពការណ៍​ពិតប្រាកដ​របស់​ប្រទេស​នេះ​ខាង​ផ្នែក​សន្តិសុខ ព្រមទាំង​លើស​ភាព​នៃ​ការ​រៀបចំ​របស់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​តា​លី​បង់ ។

អូតង់​បាន​បញ្ចប់​កាលពី​ដំណាច់ឆ្នាំ​២០១៤ នូវ​បេសកកម្ម​ប្រយុទ្ធ​របស់​ខ្លួន​សម្រាប់​ឈាន​ទៅ​ដំណាក់កាល​នៃ​ការ​បណ្តុះបណ្តាល ភាព​ជា​ដៃគូ និង​ការ​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ។ អគ្គលេខាធិការ​អូតង់​គូសបញ្ជាក់​ថា យើង​នឹង​នៅ​តែ​មាន​វត្តមាន ហើយ​អូតង់​នឹង​ធ្វើ​សេចក្តី​សម្រេចចិត្ត​នានា​នៅ​ដំណាច់ឆ្នាំ​នេះ លើ​កម្រិត​នៃ​បេសកកម្ម​របស់​ខ្លួន ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​វាយតម្លៃ​ខាង​ផ្នែក​យោធា ។

កង​ទាហាន​អូតង់​ប្រមាណ​ជា​១១.០០០​នាក់ និង​ទាហាន​អា​​មេ​រិ​ក​២.០០០​នាក់ នា​ពេល​បច្ចុប្បន្ន​រក្សា​ទុក​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី ស្ថាន​នៅឡើយ សម្រាប់​បេសកកម្ម​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់ ។ កង​ទាហាន​ទាំងនេះ​ស្ថិត​នៅ​ក្រុង​កា​ប៊ុល និង​ក្នុង​ទីក្រុង​៤​នៅ​តាម​ខេត្ត ។ ចំនួន​នេះ​គ្រោង​កាត់​បន្ថយ​មក​នៅ​ត្រឹម​៨.០០០​នាក់ ចាប់ពី​ខែឧសភា ឆ្នាំ​២០១៦ ទៅ ហើយ​ប្រមូលផ្តុំ​ក្នុង​រដ្ឋធានី​កា​ប៊ុល ។

អ្នកការទូត​ម្នាក់​របស់​អូតង់​និយាយ​ថា ទោះ បី​មាន​សេចក្តីថ្លែងការណ៍​នានា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពី​បេសកកម្ម ជួយ​បណ្តុះបណ្តាល និង​ជួយ​ហ្វឹកហ្វឺន​កងទ័ព​ទាំង​នៅ​អីុរ៉ា​ក់ ទាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់​អូតង់​ក្តី ក៏​គ្រប់​ទិស​ដៅ​ទាំងអស់​របស់​ខ្លួន​មិន​បាន​សម្រេច​ដែរ ។ យើង​បោះទុន​វិនិយោគ​យ៉ាងច្រើន តែ​លទ្ធផល​ពុំ​សម្រេច​បាន​គួរ​ជាទី​ពេញចិត្ត​ឡើយ ៕