ប្រជាពលរដ្ឋត្អួ​ញ​ត្អែ​រ​ រឿង​រថយន្ដក្រុង និង​រថ​យន្ត​ឈ្នួលឡើង​ថ្លៃ ​ក្នុងអំឡុងពេល​ បុណ្យ​ភ្ជុំបិណ្ឌ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​តាម​ខេត្ត​នានាបាន​នាំ​គ្នា​ត្អួ​ញ​ត្អែ​រ​អំពី​ក្រុមហ៊ុន​រថយន្ដក្រុង និង​រថយន្តឈ្នួល ដំឡើង​ថ្លៃ​សំបុត្រ​ជិត​ពាក់កណ្តាល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ដែល​ពួក​គាត់​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ថ្លៃ​សេវា​ធ្វើ​ដំណើរ​ និង​ទិញ​សម្ភារផ្សេង​ៗ​ជូន​ដូនតា​។

យុវជន​ស៊ី​ណា​ ជា​និស្សិត​រៀន​នៅ​ភ្នំពេញ ដែល​តម្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជួប​បងប្អូន​ដូនតា បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ តុលា​ ២០១៥​នេះ​ថា នៅ​ពេល​គាត់​ទិញ​សំបុត្រ​ទៅ​ខេត្តស្ទឹងត្រែង តម្លៃ​សំបុត្រ​ឡានក្រុង​បាន​ឡើងថ្លៃ​ហួស​ពី​ការ​គិត​រហូត​ដល់​ជិត​៧​ម៉ឺន​រៀល​ បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា​មាន​តម្លៃ​ត្រឹមតែ៤៥.០០០​រៀល​ប៉ុណ្ណោះ​។​

ប្អូន​បន្ត​ថា សម្រាប់​ខេត្ត​ឆ្ងាយ​ៗ ក្រុមហ៊ុន​ឡានក្រុង​បាន​ដំឡើង​​ថ្លៃ​កាន់តែ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​បងប្អូន​ដែល​ពួក​គាត់​ទៅ​លេង​ស្រុក​កំណើត​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ។

យុវជន​ស៊ី​ណា បាន​អំពាវនាវសូម​ឲ្យ​តម្លៃ​ឡាន​ទាំង​ក្រុមហ៊ុន ក៏​ដូច​រថយន្តឈ្នួល​ទាំងអស់​នៅ​ក្នុង​រដូវ​ភ្ជុំ​នេះ​មេត្តាធ្វើបុណ្យ​តាម​រយៈ​ការ​បញ្ចុះតម្លៃ​ឲ្យ​ថោក​បន្តិច​ទៅ​ងាយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទៅ​លេង​ស្រុក​កំណើត បាន​ជួបជុំ​បងប្អូន ជីដូន​ជីតា កុងម៉ា ព្រោះ​មួយ​ឆ្នាំ​មាន​តែ​ម្តង​ទេ​។

តំណាង​ក្រុមហ៊ុន​ភ្នំពេញ​សុរិយា​ដឹក​អ្នកដំណើរ​បាន​ទទួលស្គាល់​ថា ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ​ក្រុមហ៊ុន​របស់​លោកពិតជា​បាន​ឡើងថ្លៃ​បន្តិចបន្តួច​មែន ចន្លោះ​ពី​៣០​ទៅ​៤០​ភាគរយ​ពិតមែន ដើម្បី​យក​ថវិកា​ទៅ​ឲ្យ​បុគ្គលិក​ធ្វើការ​ថ្ងៃ​ឈប់​សំរាក​ និង​ចេញថ្លៃ​ខាត​ពេល​ពេល​គ្មាន​អ្នក​ជិះ​ពី​ខេត្ត​មក​ភ្នំពេញ​វិញ​។

ចំណែក​ខាង​ក្រុមហ៊ុនឡានក្រុង​វិ​រៈ​ប៊ុ​ន​ថាំ ​អេ​ច​ប្រេស​វិញ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​មិន​បាន​ឡើងថ្លៃ​ដូច​ក្រុម​ហ៊ុ​នានា​ឡើយ គឺ​រក្សា​តម្លៃ​ដូច​ថ្ងៃ​ធម្មតា​ដោយ​ក្រុមហ៊ុន​មិន​ឆ្លៀតឱកាស​ដើម្បី​កេ​ញ​ចំណេញ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើយ ព្រោះ​ក្រុមហ៊ុន​មិន​មាន​គោល​ការ​ណ៍ដំឡើង​នោះ​ឡើយ​។

សូម​បញ្ចា​ក់ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលារាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​៨ ​តុលា​ ២០១៥ ដែល​កោះសន្តិភាព​ទទួល​បាន​ស្តី​ពី​ការ​រក្សា​តម្លៃ​ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​មក​ភ្នំពេញខេត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​។​

សេចក្តីជូនដំណឹង​នោះ​បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញបាន​ជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន​ និង​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​មក​ភ្នំពេញ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ជា​រៀង​រាល់​ឆ្នាំ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​បងប្អូន​ប្រជាពលរដ្ឋ​កម្ម​ការ កម្ម​ការ​នីមួយ​ចំនួនតែងតែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដោយ​ជិះ​រថយន្តឈ្នួល និង​រថយន្ត Bus ។​

កន្លង​មក​មាន​ប្រជាពលរដ្ឋតែងតែ​ត្អូញត្អែរ និង​ថ្នាំងថ្នាក់ចំពោះ​ការ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ខ្លាំង​ហួសហេតុ ធ្វើ​ឲ្យ​បងប្អូន​មួយ​ចំនួន​សុខចិត្ត​ជិះ​ប្រជ្រៀត​គ្នា​លើស​ចំណុះ​ ឬ​ជិះលើដំបូល​រថយន្តដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ។ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​បញ្ជៀ​សនូវ​គ្រោះថ្នាក់​ចរាចរ​ណ៍ដែល​បណ្តាល​ពី​ផ្ទុក​លើស​ចំណុះ​នោះ សាលា​រាជធានី​ភ្នំពេញ​សូម​អំពាវ​នាវឲ្យ​ម្ចា​ស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹក​ជ​ញ្ចូ​ន​អ្នកដំណើរ​ទៅ​មក​ភ្នំពេញ​តាម​បណ្តា​ខេត្ត​នានា​ទាំងអស់​មេត្តា​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិ​នេះ​។

គួរ​រំលឹក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​រថយន្តក្រុង និង​រថយន្ត​ឈ្នូ​ល​ទាំងអស់ សូមកុំ​ដំឡើង​​ថ្លៃ​ឈ្នួល​រថយន្ត ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​នានា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​បាន​ដោយ​ស្រួល​ផង ៕​

ប្រជាពលរដ្ឋត្អួ​ញ​ត្អែ​រ​ រឿង​រថយន្ដក្រុង និង​រថ​យន្ត​ឈ្នួលឡើង​ថ្លៃ ​ក្នុងអំឡុងពេល​ បុណ្យ​ភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋត្អួ​ញ​ត្អែ​រ​ រឿង​រថយន្ដក្រុង និង​រថ​យន្ត​ឈ្នួលឡើង​ថ្លៃ ​ក្នុងអំឡុងពេល​ បុណ្យ​ភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋត្អួ​ញ​ត្អែ​រ​ រឿង​រថយន្ដក្រុង និង​រថ​យន្ត​ឈ្នួលឡើង​ថ្លៃ ​ក្នុងអំឡុងពេល​ បុណ្យ​ភ្ជុំបិណ្ឌ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត