វិចិត្រករ​តាម​ដង​ផ្លូវ

ផេ សុផុន​ ឈរក្បែរ​ម៉ូតូរឺម៉ក​របស់គាត់​នៅ​ផ្សារ​ចោមចៅ​ ក្នុងក្រុង​ភ្នំពេញ។​ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

ផេ សុផុន​ ឈរក្បែរ​ម៉ូតូរឺម៉ក​របស់គាត់​នៅ​ផ្សារ​ចោមចៅ​ ក្នុងក្រុង​ភ្នំពេញ។​ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

ប្រឹង​​​​​​ប្រកប​​​មុខ​​​របរ​​​​​​ជា​​​វិ​​​ចិត្រករ​​​​​​​​​ល្មម​​​តែ​​​មួយ​​​រស់ៗ លោក ផេ សុផុន​​​ លក់​​​ភេសជ្ជៈ​​​​​​នៅ​​​លើ​​​រ៉ឺ​​​ម៉ក​​​​​​​​​ម៉ូតូ ទន្ទឹម​​​នឹង​​​​​​បង្ហាញ​​​​​​ពិព័​​​រណ៍​​​ថ្មីៗដែរ​​​​​​​​​

នា​ពេល​រសៀល​ដ៏​ក្តៅ​ស្អុះស្អាប់​មួយ​នៅ​ផ្សារ​ចោមចៅ​នៃ​ក្រុង​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ មាន​មនុស្ស​ម្នា​ជាច្រើន​ជិះ​ម៉ូតូ​ទៅ​ឈប់​ជុំវិញ​រ៉ឺម៉ក​ពណ៌​បៃតង​ខ្ចី​មួយ​គ្រឿង។

ព័ទ្ធ​ជុំវិញ​ដោយ​តូប​លក់​ទូរស័ព្ទ​និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងទៀត ផេ សុផុន កំពុង​លក់​កាហ្វេ​ទឹកកក សូដា និង​ការ៉េម។ ប្អូ​ន​​​ថ្លៃ​ស្រី​របស់​គាត់​ជួយ​លាយ​ភេសជ្ជៈ។

គាត់​បាន​និយាយ​ថា “ឥឡូវ​នេះ យើង​កំពុង​រង់ចាំ​ម៉ូយ។ វា​ស្ងាត់​ម៉ូយ​ណាស់”។

លោក សុផុន បាន​ចត​នៅ​​​​​ផ្សារ​នេះ​តាំង​ពី​ម៉ោង​​​​៣ល្ងាច និយាយ​លេង​សើច​ជាមួយ​អ្នក​លក់​ដូរ​ផ្សេងទៀត នៅ​ពេល​មិន​សូវ​មាន​ម៉ូយ​មក​ទិញ។ នៅ​ម៉ោង​៥​ល្ងាច គាត់​បើក​រ៉ឺម៉ក​របស់​គាត់​ទៅ​កន្លែង​មួយ​ទៀត គឺ​ផ្សារ​ឯករាជ្យ បន្ទាប់​មក​ទៅ​វត្ត​ពោធិញាណ​​​ ទៅតាម​ទម្លាប់​ប្រចាំ​ថ្ងៃ​ធម្មតា​របស់​គាត់ មុន​ពេល​ត្រឡប់​មក​ផ្ទះ​របស់​គាត់​វិញ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ។

រ៉ឺម៉ក​ម៉ូតូ​នេះ​គឺ​ជា​ការ​រចនាតុបតែង​​​​ដោយ​ខ្លួន​គាត់​ផ្ទាល់។ គាត់​បាន​និយាយ​ថា “យើង​បាន​រៀបចំ​ធ្វើ​វា​យូរ​មក​ហើយ ប៉ុន្តែ​យើង​មិន​មាន​ប្រាក់​​​គ្រប់​​​គ្រាន់​​​​ដើម្បី​ធ្វើ​វា ដូច្នេះ​យើង​ត្រូវ​សន្សំ​ប្រាក់​សិន”។

នៅ​ពេល​លោក សុផុន សន្សំ​បាន​​​ប្រាក់​​​​គ្រប់គ្រាន់​ហើយ គាត់​បាន​យក​ការ​រចនា​របស់​គាត់​ទៅ​ជួប​អ្នក​ធ្វើ​នៅ​ផ្លូវ​លេខ​២៧១ ហើយ​បាន​លាប​ពណ៌​បៃតង។ ដោយ​ពន្យល់​ថា ចំពោះ​រូប​គាត់ ពណ៌​តំណាង​ជីវិត និង​ការ​ចម្រើន​លូតលាស់​នោះ គាត់​បាន​និយាយ​ទាំង​ញញិម​ស្ញាញ​ថា “ខ្ញុំ​ចូល​ចិត្ត​ពណ៌​បៃតង”។

ប៉ុន្តែ រ៉ឺម៉ក​នេះ​មិន​មែន​ជា​ការ​​​​ច្នៃ​​​ប្រឌិត​​​​​​​​​​​​​តែ​​​មួយ​​​​របស់​គាត់​ទេ។ បុរស​អាយុ​៣២​ឆ្នាំ​រូប​នេះ​ក៏​ជា​វិចិត្រករ​ម្នាក់​ដែរ ហើយ​ការ​តាំង​ពិព័រណ៍​តែ​ម្នាក់​ឯង​លើក​ដំបូង​របស់​គាត់​បាន​បើក​នៅ​ការិយា​​​ល័យ​​​​ប្រចាំ​ប្រទេស​របស់​មូលនិធិ​អាស៊ី​កាលពី​ថ្ងៃ​អង្គារ។

កើត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ធំ លោក សុផុន បាន​និយាយ​ថា គាត់​មិន​ដែល​គិត​ថា​រៀន​អំពី​របៀប​លាប​ពណ៌​ទេ កុំ​ថា​ឡើយ​ដល់​ទៅ​បង្កើត​អាជីព​ជា​វិចិត្រករ​នោះ។ គាត់​បាន​មក​ភ្នំពេញ​ដំបូង​នៅ​ឆ្នាំ​១៩៩៩ ដោយ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ជាង​​​​ជួស​​​ជុល​​​​ម៉ូតូ​និង​ម៉ាស៊ីន​ឡាន។

លោក​បាន​និយាយ​ថា “ប៉ុន្តែ ខ្ញុំ​គ្មាន​ទេពកោសល្យ​ខាង​ជួសជុល​គ្រឿងយន្ត ដូច្នេះ ខ្ញុំ​មិន​អាច​យក​វា​ធ្វើ​ជា​អាជីព​បាន​ទេ”។

ទោះ​ជា​យ៉ាង​នេះ​ក្តី គាត់​ប៉ិន​ប្រសប់​ខាង​គូរ។ តាំង​ពី​នៅ​ក្មេង​ជំទង់ គាត់​ចូលចិត្ត​​​​គូស​លើ​ដី ឬ​ក្នុង​សៀវភៅ​សរសេរ​របស់​គាត់។ ប៉ុន្តែ នៅ​ជនបទ មិន​មាន​ឱកាស​រៀន​សិល្បៈ​ទេ។

រូបគំនូរដោយ​ ផេ សុផុន​។ ​ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

រូបគំនូរដោយ​ ផេ សុផុន​។ ​ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

ក្នុង​ក្រុង​ភ្នំពេញ មាន​មិត្ត​ម្នាក់​បាន​ឲ្យ​យោបល់​ឲ្យ​គាត់​ពិចារណា​អំពី​វិទ្យាស្ថាន​សិល្បៈ​និង​វប្បធម៌ រៃយំ ជា​សាលា​មួយ​ដែល​បាន​បិទ​ហើយ។ គាត់​បាន​ចំណាយ​ពេល​ប្រាំ​ឆ្នាំ​នៅ​ទីនោះ ដោយ​បាន​រៀន​ចប់​នៅ​ឆ្នាំ​២០០៥។

ស្នាដៃ​របស់​គាត់ ដែល​មាន​ចាប់ពី​ការ​គូរ​គំនូរ​រហូត​ដល់​ការ​ឆ្លាក់ ត្រូវ​គេ​តាំង​ឲ្យ​មើល​ក្នុង​ពិព័រណ៍​ជា​ក្រុម ក្នុង​នោះ​មាន​នៅ​សណ្ឋាគារ​សូហ្វីតែល ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​មុន​ផង​ដែរ។

ប៉ុន្តែ លោក សុផុន បាន​និយាយ​ថា វា​លំបាក​ទ្រទ្រង់​គ្រួសារ​របស់​គាត់​ណាស់​នៅ​ពេល​បន្ត​ការងារ​សិល្បៈ​នោះ ជាពិសេស​ចាប់​តាំងពី​កំណើត​កូន​ប្រុស​របស់​លោក​មក។ ប្រពន្ធ​របស់​លោក​ឥឡូវ​នេះ​មាន​ទម្ងន់​បី​ខែ ជា​កូន​ទី​២។

គាត់​បាន​និយាយ​ថា “ពិត​ជា​ពិបាក​រស់​ណាស់​ធ្វើ​ជា​វិចិត្រករ​ពេញ​ម៉ោង​នោះ ជា​ពិសេស ខ្ញុំ​មាន​ប្រពន្ធ​និង​កូន ដូច្នេះ​វា​សំខាន់​ណាស់ ​ត្រូវ​រក​ការងារ​បន្ថែម​ធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត”។

ពីរ​ឆ្នាំ​មុន​នេះ គាត់​ទិញ​បាន​ម៉ូតូ​រ៉ឺម៉ក ហើយ​បាន​ចាប់​ផ្តើម​លក់​ភេសជ្ជៈ​​​​មួយ​​​កែវ​​​តម្លៃ​៣.០០០​រៀល (ប្រហែល​០,៧៥​ដុល្លារ)។ ក្នុង​មួយ​ថ្ងៃ គាត់​អាច​លក់​បាន​រាប់​សិប​កែវ។ នៅ​ពេល​ទូទាត់​ចំណាយ​ចេញ​ហើយ គាត់​នៅ​សល់​ប្រហែល​៤០០​ដុល្លារ​ក្នុង​មួយ​ខែ។

គាត់​បាន​និយាយ​ថា “កូន​ប្រុស​របស់​ខ្ញុំ​ឥឡូវ​នេះ​មាន​អាយុ​បួន​ឆ្នាំ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​រក​ប្រាក់​ពី​ការ​លក់​ភេសជ្ជៈ​នៅ​តាម​ផ្លូវ ដើម្បី​ទ្រទ្រង់​ការ​សិក្សា​របស់​វា”។

លោក សុផុន បែងចែក​ពេល​វេលា​របស់​គាត់​រវាង​ការ​លក់​ភេសជ្ជៈ​ឲ្យ​សិស្ស​និង​កម្មករ​នៅ​ពេល​សម្រាក​របស់​ពួកគេ និង​ការ​គូរ​គំនូរ​នៅ​ស្ទូឌីយោ​បណ្តោះ​អាសន្ន​របស់​គាត់​នៅ​ឯ​ផ្ទះ។

គាត់​បាន​និយាយ​ថា “ខ្ញុំ​បាន​ចំណាយ​ពេល​ព្រឹក​និង​ពេល​យប់​គូរ​គំនូរ ពីព្រោះ​ខ្ញុំ​ស្រឡាញ់​សិល្បៈ”។

ចំពោះ​ពិព័រណ៍​តែ​ឯង​លើក​ដំបូង​នេះ ដែល​មាន​ឈ្មោះ​ថា “បំណែក​ពេល​វេលា៖ ជីវ​​​ភាព​​​នៅ​​​​​ក្រុង​ភ្នំពេញ” លោក សុផុន កំពុង​បង្ហាញ​គំនូរ​អាគ្រីលិក​ប្រាំបួន​ផ្ទាំង ដែល​បាន​គូរ​ជាង​បី​ខែ​មក​ហើយ។

ផ្ទាំង​​​​គំនូរ​​​​មាន​ពណ៌​ឆើត ពណ៌នា​​​​​​​អំពី​ទិដ្ឋភាព​តាម​​​ដង​ផ្លូវ​​​​នៅ​​​ក្រុង​ភ្នំពេញ គឺ​មាន​អ្នក​លក់​ដូង អ្នក​លក់​ចេក កម្មករ​ឈរ​​​ប្រជ្រៀត​គ្នា​លើ​ឡាន។ ទាំង​អស់​សុទ្ធ​តែ​គូរ​បង្ហាញ​អំពី​​​សោភ័ណ​​​ភាព​​​​​​​ពិតៗ។ លោក សុផុន ខ្លួន​ឯង បង្ហាញ​ខ្លួន​​ក្នុង​ផ្ទាំង​គំនូរ​មួយ កំពុង​បើក​រ៉ឺម៉ក​ម៉ូតូ​របស់​ខ្លួន​នៅ​មុខ​ផ្សារ​ទំនើប​អីុអន​ក្នុង​ក្រុង​ភ្នំពេញ។

វិចិត្រករ​រូប​នេះ​បាន​និយាយ​ថា “វា​សឹង​តែ​ជា​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​ក្រុង​ទៅ​ហើយ។ មនុស្ស​ក្នុង​ផ្ទាំង​គំនូរ​របស់​ខ្ញុំ​ជា​មនុស្ស​ពិត ដែល​ខ្ញុំ​ឃើញ​ពេល​​​លក់​ដូរ​តាម​ផ្លូវ​របស់​ខ្ញុំ ឧទាហរណ៍ បុរស​លក់​ចេក​នៅ​វត្ត​លង្កា ស្ត្រី​ចំណាស់​លក់​នំបញ្ចុក​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ជាដើម”។

រូបគំនូរដោយ​ ផេ សុផុន​។ ​ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

រូបគំនូរដោយ​ ផេ សុផុន​។ ​ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

ផ្នែក​ខ្លះ​នៃ​ផ្ទាំង​គំនូរ​​​​​​មាន​​​ការ​​​តុប​​​តែង​​​ ជា​​​ការ​​​គោរព​​​ចំពោះ​​​សិល្បៈ​​​​​​បុរាណ​​​ខ្មែរ។​​​ តួ​​​ភាគ​​​ច្រើន​​​របស់​​​លោក សុផុន ក៏​​​ពាក់​​​ឈ្នួត​​​ក្បាល ដែល​​​វិចិត្រករ​​​រូប​​​នេះ​​​និយាយ​​​ថា តំណាង​​​ឲ្យ​​​សចក្តី​​​ស្មោះ​​​ត្រង់។​​​​​​

ប៉ុន្តែ​​​នៅ​​​ខាង​​​ក្រោម​​​​​​ពណ៌​​​រស់​​​រវើក​​​ មាន​​​ពណ៌​​​តូច​​​ខ្មៅ​​​។​​​ ឧទាហរណ៍​​​ ការ​​​ពិពណ៌​​​នា​​​អំពី​​​វត្ត​​​ភ្នំ​​​ មាន​​​រូប​​​ គំនូរ​​​ស្រមោល​​​ស្ត្រី តំណាង​​​ឲ្យ​​​ពេស្សាចារ​​​​​​​​​នៅ​​​តំបន់​​​នោះ។

វិចិត្រករ​​​រូប​​​នេះ​​​និយាយ​​​​​​ថា “វា​​​ឆ្លុះ​​​បញ្ចាំង​​​​​​ជីវិត​​​ពិត​​​នៃ​​​ជន​​​ក្រី​​​ក្រ​​​តោក​​​យ៉ាក​​​ ដែល​​​ខ្ញុំ​​​សង្កេត​​​ឃើញ​​​​​​ពេល​​​លក់​​​ភេសជ្ជៈ​​​តាម​​​ផ្លូវ”។ ​​​​​​​​​​​​​​​

វិចិត្រករ​​​រូប​​​នេះ​​​និយាយ​​​ទាក់​​​ទង​​​នឹង​​​​​​​​​ក្រុង​​​ភ្នំពេញថា ” ដោយ​​​សារ​​​តែ​​​ទី​​​ក្រុង​​​មាន​​​ការ​​​លូត​​​លាស់​​​ឆាប់​​​រហ័ស​​​ និង​​​ផ្លាស់​​​ប្លូរ​​​លឿន​​​ ដោយ​​​មាន​​​​​​អគារ​​​ខ្ពស់ៗ​​​ច្រូង​​​ច្រាង​​​ដូច​​​ផ្សិត​​​ និង​​​បច្ចេក​​​វិទ្យា​​​ទំនើប​​​ ក៏​​​នៅ​​​តែ​​​មាន​​​​​​គម្លាត​​​​​​ធំ​​​រវាង​​​អ្នក​​​ក្រ​​​ និង​​​អ្នក​​​មាន​​​​​​”។​​​​​​​​​

គំនូរ​​​របស់​​​លោក សុផុន ឲ្យ​​​តម្លៃ​​​ទៅ​​​លើ​​​អ្នក​​​ដែល​​​រក​​​ស៊ី​​​ចិញ្ចឹម​​​ជីវិត​​​ដោយ​​​សុច​​​រិត ជាជាង​​​​​​ការ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស។​​​​​​

លោក សុផុន បាន​​​និយាយ​​​ថា “អ្នក​​​​​​ក្រ​​​​​​ប្រឹង​​​ត្រ​​​ដរ​​​​​​រស់​​​នៅ​​​ទី​​​ក្រុង ប៉ុន្តែ​​​គេ​​​​​​នៅ​​​តែ​​​​​​ធ្វើ​​​ការ​​​សម​​​រម្យ​​​ ដើម្បី​​​រក​​​ប្រាក់​​​កាស”។​​​​​​

ពិព័រណ៍​​​មាន​​​ចំណង​​​ជើង​​​ថា “បំណែក​​​ពេល​​​វេលា: ជីវភាព​​​​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ”​​​​​​ ដាក់​​​តាំង​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​ ២៩ ខែ​​​ធ្នូ នៅ​​​វិចិត្រសាល​​​សិល្បៈ​​​សហគមន៍ នៃ​​​មូលនិធិ​​​អាស៊ី​​​នៅ​​​ក្រុង​​​ភ្នំពេញ៕​​​និត

 

 

The post វិចិត្រករ​តាម​ដង​ផ្លូវ appeared first on ខេមបូឌា ដេលី.