រាជរដ្ឋាភិបាល​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​ជាង ៤ លាន​ប័ណ្ណ​

: ​គិត​មកដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូនទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​ចំនួន​ជាង ៤ លាន​ប័ណ្ណ​ហើយ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃទី​៦  ខែតុលា ឆ្នាំ​២០១៥ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៥ លទ្ធផល​សម្រេច​បាន​លើ​ការអនុវត្ត​បទបញ្ជា​លេខ​០១ បប នយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​ក្នុងការ​វាស់វែង​ដីធ្លី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ប្រកាស​តំបន់ វិនិច្ឆ័យ​ចំនួន  ៣៥៧​ឃុំ បំពេញ​សលាក​ប័ត្រ​បាន​ជាង ៧១​ម៉ឺន​ក្បាលដី វាស់វែង​បាន ៧១​ម៉ឺន​ក្បាលដី បិទ​ផ្សាយបាន ៧១​ម៉ឺន​ក្បាលដី និង​ចែក​ប័ណ្ណ​ដល់ដៃ ប្រជាពលរដ្ឋ​បាន​ជិត ៦២​ម៉ឺន​ប័ណ្ណ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ការសម្រេច​លើ​ឯកសារ​គតិយុត្តិ បម្រើឱ្យ​បទបញ្ជា​លេខ​០១​បប រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​អនុ​ប​យោគ កាត់​ផ្ទៃដី​សរុប​ទំហំ​ជាង ១,២ លាន​ហិកតា ដែល​ក្នុងនោះ ទំហំ​ជិត ៣៩ ម៉ឺន​ហិកតា កាត់​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ចំនួន​ ១៤២ និង​ទំហំ​ជាង ២៧​ម៉ឺន​ហិកតា កាត់​ចេញពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​១៧ និង​ទំហំ ៥៥ ម៉ឺន​ហិកតា កាត់​ចេញពី​ដី​រដ្ឋ និង ដីព្រៃ​មាន​ដីកា​ដកហូត ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ  តាមរយៈ​ព្រះរាជក្រឹត្យ​ចំនួន​១០២ អនុក្រឹត្យ​ចំនួន ៧៤១ និងសេចក្តីសម្រេច​ផ្តល់​គោលការណ៍​​របស់​រាជរដ្ឋាភិបាល​ចំនួន ៨០៥ ស​.​ជ​.​ណ​។​

​ប្រភព​ដដែល បាន​បន្ថែមថា លទ្ធផល​សម្រេចបាន​លើ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​​​​ប្រព័ន្ធ តាមរយៈ​កម្មវិធី អនុវិស័យ រដ្ឋបាល​ដីធ្លី ( LASSP ) ទាំង​២៥ រាជធានី​-​ខេត្ត បាន និង​​កំពុង​អនុវត្ត​នៅ​ស្រុក​ចំនួន ១០៣​ស្រុក ឃុំ​៤៧១ និង​ភូមិ ៤.១៣៧​ភូមិ រួមមាន​៖ បញ្ចូល​ទិន្ន័យ​បាន​ចំនួន​ជាង​៣,៤​លាន​ក្បាលដី បិទ​ផ្សាយ​ចប់​បាន​ជាង ៣,១​លាន​ក្បាលដី​និង​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​បាន​ជាង​២,៨​លាន​ប័ណ្ណ​។ លទ្ធផល​សម្រេចបាន​លើ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​ចំនួន ៦០​ម៉ឺន​ប័ណ្ណ​។ លទ្ធផល​សរុប នៃ​ការចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​ដល់ដៃ  ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៤ លាន​ប័ណ្ណ ៕​