បាន​រុ​ស្ស៊ី​ជួយ​កងទ័ព​ស៊ី​រី​វាយ​រុលទៅមុខ ខណៈ​អូតង់​បារម្ភ​ចំ​ពើ​ប្រតិបត្តិការ​របស់​ក្រុង​មូ​ស្គូ

កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​តី​៨ តុលា បាន​រុលទៅមុខ​ក្នុង​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ និង​កង​យន្តហោះ​រុ​ស្ស៊ី ដែល​ការ​ប្រឡូក​ក្នុង​ជម្លោះ​នេះ​របស់​ក្រុង​មូ​ស្គូ​ធ្វើ​ឱ្យ​អង្គការ​អូតង់​មានការ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង ។

ប្រភព​យោធា​មួយ​អះអាង​ប្រាប់ AFP ថា កង​ទាហាន​ស៊ី​រី​វាយ​ដណ្តើម​យក​បាន​ផ្នែក​មួយ​ធំ​នៃ​តំបន់​កូនភ្នំ​យុទ្ធសាស្ត្រ JIB AHMAR នា​ភាគ​ខាងលិច​ស៊ី​រី​ជាមួយ​ជំនួយ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ។

ចំណែក​អង្គការ​ស្និ​ទ្ធិ​មនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​អះអាង​ពី​ការ​រុលទៅមុខ​នេះ​របស់​កងទ័ព និង​ពួក​ជីវពល​នៃ​កងកម្លាំង​ការពារ​ជាតិ​ទទួល​ការ​បណ្តុះបណ្តាល ដោយ​រុ​ស្ស៊ី​ជា​ច្រើន​ពាន់​នាក់ ព្រមទាំង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ចូល​តំបន់​កូនភ្នំ​យុទ្ធសាស្ត្រ​នេះ ស្ថិត​នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ LATTAQUIE ។

នា​ថ្ងៃ​ទី​៩​នៃ​ការ​វាយប្រហារ​តាម​អាកាស​របស់​ខ្លួន​នៅ​ស៊ី​រី រុ​ស្ស៊ី​បន្ត​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​ដោយ​តម្រង់​លើ​គោលដៅ​២៧​កន្លែង ក្នុង​ខេត្ត​រ៉ា​កា​ភាគ​ខាងជើង ទីក្រុង​ហូ​ម និង​ទីក្រុង​ហា​ម៉ា​ភាគ​កណ្តាល ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​េ​ម​រិ​ក លោក ASHTON CARTER ថ្លែង​ថា រុ​ស្ស៊ី​អាច​ចាប់ផ្តើម​រង​ការ​បាត់បង់​មនុស្ស​របស់​ខ្លួន​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ។ លោក CARTER ស្ថិត​នៅ​ក្រុង​ព្រុ​ច​សែ​ល​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អូតង់ ដែល​អគ្គលេខាធិការ​អូតង់ លោក JENS STOLTENBERG ចាត់​ទុក​ការ​ប្រឡូក​ខាង​យោធា​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី​ថា​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ ។

អូតង់​ដែល​ពុំ​ប្រឡូក​ដោយ​ផ្ទាល់​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​នោះ​បាន​ស្នើ​ជា​ថ្មី​ដល់​ក្រុង​មូ​ស្គូ​ឱ្យ​បញ្ឈប់​ការ​ជួយ​ទ្រទ្រង់​របប​លោក​បា​ចា អាល់​អាសា​ដ ហើយ​និយាយ​ថា ត្រៀម​ការពារ​សមាជិក​នីមួយ​ៗ​របស់​ខ្លួន ក្នុង​នោះ​រួម​ទាំង​តួ​ក​គី​នៅ​ជិតខាង​ស៊ី​រី​ផង ។ តួ​ក​គី​នា​ពេល​ថ្មី​ៗ​នេះ​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា រំលោភ​បំពាន​លើ​ដែនអាកាស​របស់​ខ្លួន ។

ក្រុង​មូ​ស្គូ​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ តុលា ថា ការ​វាយប្រហារ​តាម​អាកាស​របស់​ខ្លួន​ធ្វើ​អម​ជាមួយ​បណ្តា​ប្រតិបត្តិការ​តាម​ជើង​គោក​របស់​កងទ័ព​ស៊ី​រី ដែល​ប៉ុនប៉ង​ដណ្តើម​យក​វិញ​បណ្តា​ដែនដី​ដែល​បាត់បង់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយ​ធ្លាក់​ក្នុង​ដៃ​ពួក​ឧទ្ទាម និង​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ។

ឧត្តមសេនីយ៍​ស៊ី​រី អា​លី អាប់​ដាល់​ឡា​ហ៍ អា​យូ​ប ប្រកាស​កាលពី​ថ្ងៃ​ទី​៨ តុលា ថា កងទ័ព​ចាប់ផ្តើម​ការ​វាយលុក​ដ៏​ធំ​មួយ​សំដៅ​កម្ទេច​បណ្តា​ក្រុម​ភេរវ​ករ ហើយ​រំដោះ​តំបន់ និង​មូលដ្ឋាន​ទាំងឡាយ ដែល​រង​គ្រោះ​ដោយ​ភេរវកម្ម ។

តំបន់​កូនភ្នំ JIB AHMAR ស្ថិត​នៅ​តាម​ជួរ​ភ្នំ​មួយ​ជា​កន្លែង​ប្រសប់​គ្នា​នៃ​ខេត្ត​ហា​ម៉ា និង​ខេត្ត LATTAQUIE ហើយ​ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ ព្រោះ​វា​គ្របដណ្តប់​លើ​តំបន់​វាលរាប SAHL AL GAAB ដែល​តំបន់​នេះ​មួយ​ផ្នែក​ដណ្តើម​កាន់កាប់​នា​ពេល​ថ្មី​ៗ​នេះ​ដោយ​សម្ព័ន្ធភាព​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​មួយ និង​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី ។ ទិស​ដៅ​របស់​កងទ័ព​ស៊ី​រី គឺ​ដណ្តើម​យក​វិញ​ដែនដី​ដែល​បាត់បង់​ក្នុង​តំបន់​វាលរាប​នេះ ដើម្បី​ចៀសវាង​កុំឱ្យ​ពួក​បះបោរ​កាត់​ផ្តាច់ទំនាក់ទំនង​រវាង​ខេត្ត​ហា​ម៉ា និង​ខេត្ត LATTAQUIE ។

កងទ័ព​ស៊ី​រី​បាន​ចាក់​ផ្សាយ​វី​ដេ​អូ​មួយ​មាន​ចំណងជើង​ថា «​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​នៅ​អុ​ី​ដ​លី​ប និង​ហា​ម៉ា​» ដោយ​ក្នុង​វី​ដេ​អូ​នេះ​គេ​ឃើញ​ការ​ប្រើប្រាស់​គ្រឿង​សព្វាវុធ​ផ្សេង​ៗ ។ គ្រឿង​ឧបករណ៍​យោធា​ទាំងនេះ​១​ផ្នែក​ផ្តល់​ឱ្យ​ដោយ​រុ​ស្ស៊ី ដែល​ការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី​ចាប់ផ្តើម​កាត់​បន្ថយ​សមត្ថភាព​ប្រយុទ្ធ​របស់​បណ្តា​ក្រុម​ភេរវ​ករ ។

ការ​វាយប្រហារ​តាម​អាកាស​ចុង​ក្រោយ​ទាំងឡាយ​របស់​រុ​ស្ស៊ី បើ​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា បាន​កម្ទេច​បណ្តា​ទីតាំង​ស្តុក​អាវុធ និង​បណ្តា​រូង​ក្រោម​ដី​សម្រាប់​ពួន ។ កង​យន្តហោះ​រុ​ស្ស៊ី​ក៏​ទម្លាក់​គ្រាប់បែក​លើ​តំបន់​១១ ដែល​មាន​ជំរំ​ហ្វឹកហ្វឺន​របស់​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត​ហា​ម៉ា និង​ខេត្ត​រ៉ា​កា ។

ម្យ៉ាងវិញទៀត យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​នៅ​លើ​ទីលាន​ផ្ទាល់​ថា មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស៊ី​រី និង​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ជុំវិញ​ទីតាំង​ឧស្ម័ន CHAER ក្នុង​ខេត្ត​ហូ​ម ៕