ប្រជាប្រិយភាព​របស់​លោកពូ​ទី​ន មាន​ខ្ពស់​បំផុត​នៅ​អីុ​រ៉ា​ក់

យុទ្ធនាការ​យោធា​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នៅ​អីុ​រ៉ា​ក់​ឡើង​ខ្ពស់​បំផុត​ដោយ​ពលរដ្ឋ​អីុ​រ៉ា​ក់មួយ​ចំនួន​សង្ឃឹមថា រុ​ស្ស៊ី​នឹង​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​ពេល​ឆាប់​ៗ​នៅ​ប្រទេស​ពួក​គេ ដើម្បី​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អិុ​ស្លា​ម ។

ពលរដ្ឋ​អីុ​រ៉ា​ក់​ខ្លះ​រហូត​ដល់​ដាក់​តាំង​រូប​របស់​លោកពូ​ទី​ន ព្រោះ​ពួក​គេ​សង្ឃឹមថា រុ​ស្ស៊ី​នឹង​ចូលរួម​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អីុ​រ៉ា​ក់​ដែរ ។ វិចិត្រករ​ខាង​គូរ​ផ្តាំ​ង​រូបភាព​ម្នាក់ លោក​ម៉ូ​ហា​ម៉េ​ដ ការី​ម នី​ហា​យ៉ា អះអាង​ថា ការ​ជួយ​វាយប្រហារ​របស់​រុ​ស្ស៊ី​ទទួល​បាន​លទ្ធផល ខណៈ​សហរដ្ឋ​អា​មេ​រិ​ក និង​ពួក​សម្ព័ន្ធមិត្ត​ទម្លាក់​គ្រាប់បែក​ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​តែ​ពុំ​បាន​ផល​អ្វី​សោះ ។

ដូច​រូប​លោក​ដែរ ពលរដ្ឋ​អីុ​រ៉ា​ក់​ជា​ច្រើន​តាមដាន​ខ្លាំង​ណាស់​ចំពោះ​ការ​វិវិត្ត​ន៍​នៃ​ជម្លោះ​នៅ​ស៊ី​រី​ជិតខាង ដែល​នៅ​ទីនោះ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​កាន់កាប់​ដែនដី​យ៉ាង​ធំ ហើយ​ប្រកាស​ពី​ការ​បង្កើត​រដ្ឋ​កាលី​ហ្វា​ត​មួយ​រួម​ជាមួយ​អីុរ៉ា​ក់ ។

ចាប់តាំងពី​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ជួយ​ដល់​កងទ័ព​អីុ​រ៉ា​ក់​ក្នុង​ការ​វាយ​ដណ្តើម​យក​ដែនដី​បាត់បង់​មួយ​ផ្នែក​ពី​ពួក​រដ្ឋ​អិុ​ស្លា​ម​វិញ តែ​យុទ្ធនាការ​របស់​ក្រុមចម្រុះ​នេះ​បែរជា​ទទួល​ការ​វាយបក​នានា​ទៅ​វិញ ។

ដើម្បី​ផ្លាស់​ប្តូរ​សភាពការណ៍​ពិតប្រាកដ ពលរដ្ឋ​អីុ​រ៉ា​ក់មួយ​ចំនួន ពិសេស​ក្នុង​ផ្ទៃ​ពួក​ស៊ី​អីុ​ត ដែល​មាន​ភាគច្រើន​សម្លឹង​ឃើញ​ដំណោះស្រាយ​របស់​រុ​ស្ស៊ី ទោះបីជា​ពួក​លោក​ខាងលិច​និយាយ​ថា មានការ​វាយប្រហារ​តិចតួច​ប៉ុណ្ណោះ របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី​តម្រង់​លើ​ពួក​រដ្ឋ​អិុ​ស្លា​ម​ក្តី ។

យុវជន​គ្មាន​ការងារ​ធ្វើ​ម្នាក់​ឈ្មោះ​ម៉ូ​ហា​ម៉េ​ដ និយាយ​ថា យើង​ពុំ​ត្រូវការ​ក្រុមចម្រុះ​អន្តរជាតិ​ឡើយ ។ យើង​ត្រូវការ​តែ​រុ​ស្ស៊ី ហើយ​យើង​នឹង​សម្លាប់​ចៀម​១​ក្បាល រួម​សាទរ ប្រសិនបើ​រុ​ស្ស៊ី​ជួយ​វាយប្រហារ​នៅ​អីុ​រ៉ា​ក់ ។

តាម​បណ្តាញ​សង្គម ពលរដ្ឋ​អីុ​រ៉ា​ក់​ជា​ច្រើន​ចាត់​ទុក​រួច​ហើយ ប្រធានាធិបតី​រុ​ស្ស៊ី​ថា ជា​ពលរដ្ឋ​កិត្តិយស​របស់​អីុ​រ៉ា​ក់ ៕