សិង្ហបុរី ដណ្តើមបាន៣ពិន្ទុពីអាហ្វហ្គានីស្ថាន ស្របពេលកម្ពុជាឈ្នះភ្នំពេញក្រោន

ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា បាន​​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន ​៣-២ ក្នុងការ​ប្រកួត​មិត្ត​ភាព​ដក​ស្រង់បច្ចេក​ទេស នៅ​កីឡ​ដ្ឋាន RSN កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍ រីឯ​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី និង​ក្រុម​ជប៉ុន បាន​ឈ្នះ​៣ពិន្ទុ​បន្ថែម​រៀងៗ​ខ្លួន ក្នុង​ការ​ប្រកួត​ជម្រុះជុំ​ទី​២​ពាន 2018 World Cup Russia ​ប្រចាំ​ទ្វីប​អាស៊ី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ​នោះ​ដែរ។

នៅ​ក្នុង​ការ​ប្រកួត ដែល​បាន​ចែក​ជា​៣ដំណាក់​កាល កាល​ពី​យប់​​ម្សិល​មិញ​នោះ ខ្សែ​ប្រយុទ្ធ​ កែវ សុខផេង បាន​រក​ឃើញ​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ក្រុម​ជម្រើស​ជាតិ នៅ​នាទីទី​៣ ហើយ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​២០ ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នាំ​មុខ ២-០ ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ទី​១ ដែល​មាន​៣០នាទី​នោះ ប៉ុន្តែ​ការ​ប្រកួត​ដំណាក់​កាល​ទី​២ គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ទៀត​ឡើយ ខណៈ​ខ្សែ​ប្រយុទ្ធ Booyen Shane របស់​ភ្នំពេញ​ក្រោន ស៊ុត​បាល់​ប៉េណាល់​ទី​ចម្ងាយ​១១ម៉ែត្រ មិន​ផុត​ដៃ​អ្នក​ចាំ​ទី​ ស៊ូ យ៉ាទី នោះ។
1
ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​​ដំណាក់​​កាល​​ទី​៣ ធារី ចាន្ថាប៊ីន បាន​បន្ថែម​​មួយ​គ្រាប់​ទៀត​ឲ្យក្រុម​​ជម្រើស​ជាតិ​ ប៉ុន្តែ​​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​ Baek Yosung និង​ខ្សែ​ប្រយុទ្ធ Bisan George រក​បានម្នាក់​​១​គ្រាប់​ទៀត ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន ដើម្បី​បញ្ចប់​ការ​ប្រកួត​ដោយ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ ៣-២។
2
ការប្រកួត​មិត្ត​ភាព​កាល​ពី​ម្សិល​មិញ​នោះ គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេក​ទេស​របស់​ក្រុម​ជម្រើស​ជាតិ ដើម្បី​ឈាន​ដល់​ការ​ជម្រុះ​ចោល​កីឡាករ​៣​នាក់ គឺ​ទុក​តែ​២២​នាក់​ប៉ុណ្ណោះ សម្រាប់​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី ដែល​ពួក​គេ​ធ្លាប់​ចាញ់ ៤-០ ​នា​ថ្ងៃ​ទី​១៣ ខែតុលា ខាងមុខ​នេះ។
3
ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ទៅ​សង​សឹក​លើ​ក្រុម​សិង្ហបុរី នា​ពេល​ខាងមុខ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​តែ​មាន​សង្ឃឹម​តិច ព្រោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ត្រៀម​ខ្លួន​តិច​តួច​ណាស់ ហើយ​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ភ្នំពេញ​ក្រោន កាល​ពី​ម្សិល​មិញ​លោក Lee Tae Hoon ដែលជា​គ្រូ​បង្គោល មិនសូវ​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់​កីឡាករ​មួយ​ចំនួន​ឡើយ ពិសេស​ខ្សែ​ប្រយុទ្ធ​ ប្រាក់ មុន្នីឧត្តម ដែល​មាន​អំណួត​នឹង​ភាព​ល្បី​ខ្លាំង​ពេក​រហូត​លែង​ចង់​ហាត់ ធ្វើ​ឲ្យ​ទម្រង់​លេង​ធ្លាក់​ចុះ​​នោះ។
4
បន្ថែម​លើ​នេះ ក្នុង​ការ​​ប្រកួត​ជម្រុះ​ពាន 2018 FIFA World Cup Russia ​ប្រចាំ​ទ្វីប​អាស៊ី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ​នោះ​ដែរ ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី បាន​យក​ឈ្នះ​ក្រុម​អាហ្វហ្គានីស្ថាន ១-០ ដើម្បី​ធ្វើ​ឲ្យ​៤​ប្រកួត​របស់​ក្រុម​នេះ​គឺ​ឈ្នះ​២ ស្មើ​១ និង​ចាញ់​​ត្រឹម​១​ប្រកួត ខុស​ពី​កម្ពុជា ដែល​ចាញ់​ទាំង​៤​ប្រកួត​តែ​ម្តង។ រីឯ​ក្រុម​ជប៉ុន​បាន​យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះ​ស៊ីរី ៣-០ ដើម្បីឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូលE​នេះ ដោយ​មាន​១០​ពិន្ទុខ្ពស់​ជាង​គេ​ជាមួយ​ការ​ឈ្នះ​៣ និង​ស្មើ​១​ប្រកួត៕