ភីអិនអិន ធ្វើយុទ្ធនាការ ផ្សព្វផ្សាយកម្មវិធី ព័ត៌មានទូរទស្សន៍ ប្រកបដោយវិជ្ជាជីវៈ

ភីអិនអិន (PNN) ដែលជាប៉ុស្តិ៍ទូរទស្សន៍ ទំនើបបំផុត និងថ្មីបំផុតរបស់កម្ពុជា បានធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពី កម្មវិធី ព័ត៌មានរបស់ខ្លួន ដល់មហាជន តាមរយៈការចែកខិតប័ណ្ណនៅតាមចំណត រថយន្តក្រុង និងរថយន្តឈ្នួល ចំនួន ១២ កន្លែង ក្នុងរាជធានីក្រុងភ្នំពេញ ។

យុទ្ធនាការរយៈពេលពីរថ្ងៃ គឺបានចាប់ផើ្ដមពីថ្ងៃសុក្រ និងបន្តរហូតដល់ថ្ងៃសៅរ៍ នៅតាមចំណតរថយន្តក្រុង គឺ ចំពេលដែលប្រជាពលរដ្ឋខ្មែរ ជាច្រើនចាប់ផ្ដើមធ្វើដំណើរចាកចេញពីទីក្រុងទៅកាន់ស្រុកកំណើត នាតាមបណ្ដា ខេត្តនានា ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ ហើយនឹងអាចធ្វើឲ្យប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តបានដឹង អំពីកម្មវិធីព័ត៌មានរបស់ PNN ផងដែរ ។

ក្រុមការងាររបស់ស្ថានីយទូរទស្សន៍ PNN បានចែកខិតប័ណ្ណ បង្ហាញអំពីកម្មវិធីព័ត៌មាននាពេលព្រឹក ពេលល្ងាច និងពេលយប់ ដែលមានការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ។

កម្មវិធីព័ត៌មានរបស់ស្ថានីយ ទូរទស្សន៍ PNN ត្រូវបានរៀបចំ និងរាយការណ៍ដោយអ្នកយកព័ត៌មានដែលមាន បទពិសោធន៍ មានវិជ្ជាជីវៈ និងមានការទទួលស្គាល់ពី សាធារណៈជន ហើយក្នុងនោះ កម្មវិធីព័ត៌មាន ក៏មានរួម បញ្ចូលទាំងបទវិភាគ លើបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច និងបទវិភាគលើព្រឹត្តិការណ៍អន្តរជាតិ ដោយ អ្នកសារព័ត៌មានល្បីឈ្មោះ គឺលោក ប៉ែន បូណា ដែលជានិពន្ធនាយកព័ត៌មានរបស់ទូរទស្សន៍ PNN និងលោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ ដែលជានាយកវិទ្យុបារាំងអន្តរជាតិ (RFI) និងអ្នកសារព័ត៌មានជាច្រើនរូបផ្សេងទៀត ។

លោក Glen Felgate ដែលជាអគ្គនាយកស្ថានីយទូរទស្សន៍ PNN បានថ្លែងថា “យើងសង្ឃឹមថា ប្រជាពលរដ្ឋ នឹងចូលចិត្តតាមដានទស្សនាកម្មវិធីព័ត៌មានរបស់ស្ថានីយទូរទស្សន៍ PNN ហើយទន្ទឹមនឹងនេះ យើងក៏នឹងខិតខំ ប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានដែលប្រជាជនចង់ដឹង ទាក់ទងនឹងការវិវត្តន៍របស់សង្គមជាតិ ក៏ដូចជាពិភពលោក” ។
នៅក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីព័ត៌មាននោះ ក្រុមការងារបានចែកខិតប័ណ្ណប្រមាណជា ១០ ម៉ឺនសន្លឹក នៅតាមចំណតរថយន្តក្រុង និងចំណតតាក់ស៊ីនានា ដូចជានៅផ្សារដើមគរ ផ្សារអូរឬស្សី ច្បារអំពៅ បុរីកីឡា និងផ្សារចាស់ជាដើម ៕