សម​ត្ថ​កិច្ច​​ក្រុង​​ប៉ោយ​ប៉ែត​​ចុះ​​ណែ​នាំ​​រថ​យន្ត​ឈ្នួល​​មិន​​ឲ្យ​​តម្លើង​ថ្លៃ​​ហួស​កំ​ណត់​

បន្ទាយមានជ័យ ៖  នគរ​បាល​​សណ្តាប់​ធ្នាប់​​ក្រុង​​ប៉ោយ​ប៉ែត​​បាន​​ចុះ​​រៀប​ចំ​​សណ្តាប់​ធ្នាប់ និង​ណែ​នាំ​​ដល់​​តៃ​កុង​​រថយន្ត​ឈ្នួល​​គ្រប់​​ប្រ​ភេទ ត្រូវ​​បើក​បរ​​ដោយ​មាន​​ភាព​​យោគ​យល់​​គ្នា និង​​អនុ​វត្ត​ន៍​ទៅ​តាម​​ច្បាប់​​ចរា​ចរ ពិ​សេស​​កុំ​​តម្លើង​ថ្លៃ​​ឈ្នួល​​រថ​យន្ត​​ដល់​​អ្នក​ដំ​ណើរ​។​ ​លោក សៅ សារឿន នាយផ្នែក​នគរ​បាលច​រាចរ​នៃ​អធិការ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា អនុវត្តន៍​តាម​ការណែនាំ របស់​ស្នងការ​នគរបាល​ខេត្ត និង​លោក​អធិការ ក្រោម​ការដឹង​នាំ​របស់លោក​អធិការរង​ផ្នែក​សណ្តាប់ធ្នាប់ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​ដងផ្លូវ និង​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត បញ្ជៀ​ស​ការកកស្ទះ និង​ភាព​អាណាធិបតេយ្យ ដោយ​សមត្ថកិច្ច​របស់​លោក​ក៏បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​អ្ន​បើករថយន្ត​ដឹកទំនិញ រថយន្តឈ្នួល​ធុន​តូច រហូតដល់​រថយន្តក្រុង ត្រូវ​បើកបរ​ក្នុង​ល្បឿន​ដែល​ច្បាប់​កំណត់ គោរព​សិទ្ធ​អតិ​ភាព កុំ​ទទួលទាន​ជាតិ​ស្រវឹង និង​មិនត្រូវ​ដឹក​សំពីងសំពោង​ហួសកំណត់ ធ្វើយ៉ាងណា​ត្រូវ​គិតពី​សុវត្ថិភាព​អ្នករួមដំណើរ។​ ក្រៅពី​ការណែនាំ​នេះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​បក​ស្គុ​ត​ខ្មៅ និង​ហាមឃាត់​មិន​ឲ្យ​មានការ​បិទ​ស្គុ​ត​ខ្មៅ​លើ​កញ្ចក់​រថយន្ត ជាពិសេស​នោះ​គឺ​ហាម​ជាដាច់ខាត​មិន​ឲ្យ​តម្លើង​ថ្លៃឈ្នួល​រថយន្ត​ហួសហេតុ។ ​ទោះបីជា​មានការ​អប់រំ​ណែនាំ​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា តម្លៃ​រថយន្ត​នៅ​ពុំទាន់​មានការ​ឡើងថ្លៃ​នៅឡើយ​ទេ តែ​សកម្មភាព​ដឹកជញ្ជូន ជាពិសេស​ក្រុង​រថយន្តឈ្នួល​ប្រភេទ​តូ​រី​ស មិនបាន​អនុវត្តន៍​តាម​ការណែនាំ​នោះទេ ពោលគឺ​បាន​ដឹក​សំពីងសំពោង និង​អង្គុយ​លើ​ឥ​វ៉ាន់ ដែល​ងាយស្រួល​នឹងមាន​គ្រោះថ្នាក់៕ ដោយ៖ ចាន់ធី