ពេល​បុណ្យ​ភ្ជុំ ប្រជាពលរដ្ឋ​អ្នក​កាន់​ព្រះពុទ្ធសាសនា ទៅ​វត្ត តែ​មកវិញ ភាគច្រើន សេព​គ្រឿង​ស្រវឹង​!

ភ្នំពេញ: នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ ប្រពល​រដ្ឋ​ខ្មែរ អ្នក​កាន់​ព្រះពុទ្ធ​សាសនា បាននាំគ្នា យក​ចង្ហាន់​បង្អែមចំអាប ទៅ​វត្ត ប្រគេន​ព្រះសង្ឃ ឧទ្ទិស​កុសល ជូន​ដល់​បុព្វការី​ជន ញាតិ​ការ​ទាំង​៧​សន្តាន ជីដូន​ជីតា និង​មាតាបិតា ដែល​បាន​ចែក​ឋាន តាម​ទំនៀម​ទំលាប់​ប្រពៃណី​។ ទន្ទឹមនឹង​ទៅ​វត្ត​ធ្វើ​បុណ្យទាន ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគច្រើន​ជា​យុវជន ក៏បាន​ជួបជុំ​បងប្អូន​ញត្តិ​មិត្ត សេព​គ្រឿង​ស្រវឹង ផឹកស្រា ស្ទើរ​តែ​គ្រប់​ផ្ទះ​ផងដែរ ពិសេស​នៅតាម​ទីជនបទ​ស្រុកស្រែចំការ​។​

​ការសេព​គ្រឿង​ស្រវឹង ពេល​បុណ្យទាន បាន​ក្លាយជា​ទម្លាប់​ទៅហើយ ក្នុងសង្គម​កម្ពុជា បច្ចុប្បន្ន​ ពិសេសពេលបុណ្យទាន និងមានពិធីជួបជុំអ្វីមួយ​។ អ្នកផឹកទាំងនោះ ផឹក​ទាល់តែស្រវឹង ទើប​ឈប់​។

ជាទូទៅ មិន​ថា តែ​នៅ​ជនបទ​ស្រុក​ស្រែចំការ ឬ​នៅ​ទីប្រជុំជន និង​នៅ​ភ្នំពេញ​ទេ​ ឲ្យ​តែ​មាន​ពេលទំនេរ ឬក៏​ថ្ងៃ​សៅរ៍ អាទិត្យ ថ្ងៃបុណ្យ ឬក៏​ឆ្លៀតពេល​ឈប់សម្រាក​ពី​ការងារ និង​​ការរកស៊ី​ គឺ​ក្រុម​អ្នកផឹក​ មិន​ថា ស្រី ឬ​ប្រុស​ទេ តែងតែ​ជួបជុំ​ផឹក ជាប្រចាំ​។ ក្រុម​យុវជន​​ភាគច្រើន ក៏​ផឹកស្រា​ ឲ្យ​តែ​ជួបជុំ​ត្រូវ​ជើង​គ្នា ឬក៏​មាន​ទិញ​របស់​ថ្មី ដូចជា ម៉ូតូ ទូរ​ស័ព្ទ​​ថ្មី ជាដើម​។

​ពេល​បុណ្យទាន​ម្តងៗ តាម​កន្លែង​លក់​ស្រា​បៀរ នៅតាម​ទីជនបទ​ស្រុកស្រែ​ចំការ និង​តាម​ទីប្រជុំជន ស្ទើរតែ​រក​ស្រា លក់​មិនបាន​។ ឡាន​ម៉ូតូ ដឹកជញ្ជូន​ស្រា​បៀរ​ទាំង​កេសៗ​។

ក្នុងពេល​ឈប់សម្រាក​សាទរ​បុណ្យ​ភ្ជុំបិណ្ឌ​បី​បួន​ថ្ងៃនេះ ហើយ​ឆ្នាំនេះ ចាប់ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អង្គារ ជា​ពេលវេលា​ឈប់សម្រាក​ពី​ការងារ គឺ​តាម​ភូមិ​ស្រុក ច្បាស់​ជា មាន​វង់​ជុំៗ ផឹកស៊ី​រាប់​លែង​អស់ហើយ​។​

​នៅពេល​ផឹកស្រា​ស្រវឹង តើ​មាន​អ្វី​កើតឡើង​ខ្លះ​?​។ ទី​១ អស់​លុយកាក់​ទិញ​ស្រា និង​ស្រា​បៀរ​ទាំង​កេសៗ​ រួមទាំងសាច់ក្លែម​។ ទី​២ សេព​គ្រឿង​​ស្រវឹង បង្ក​ឲ្យ​ប៉ះពាល់​សុខ​ភាព​។ ទី​៣ នៅពេល​ស្រវឹង នឹង​អាច​កើតរឿង​រាវ​ វាយតប់ កាប់​ចាក់ រហូតដល់​មាន​អ្នក​របួស និង​អ្នកស្លាប់​។ ទី​៤ សំខាន់​ជាងគេ គឺ​នៅពេល​គ្រឿង​ស្រវឹង​ចូលខ្លួន ក៏​តែង​តែ​មាន​​អ្នក​​បើកឡាន​ម៉ូតូ ហើយ​បង្ក​គ្រោះថ្នាក់ មិនតិច​នាក់​នោះ​ទេ​។​

​បើ​និយាយ​ពី​រឿង​ចំណេញ​វិញ គឺ​ចំណេញ​តែ​អ្នកលក់​ស្រា​ ចំណេញ​ពេទ្យ ក្នុងការ​ព្យាបាល​របួស​ ពេល​មាន​អ្នក​វាយតប់​កាប់​ចាក់​គ្នា ឬក៏​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​​អាច​ចំណេញ​ដ​ល់​អាចារ្យ ពេល​អ្នក​ផឹក​ស្រវឹង​​ទាំង​នោះ បើកបរ ហើយ​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍ រហូតដល់​ស្លាប់​។​

​ដូច្នេះ ក្នុងនាម​ពលរដ្ឋ​ខ្មែរ អ្នក​កាន់​ព្រះពុទ្ធសាសនា ដែលមាន​ចំនួន​ប្រមាណ ៩៥% នៃ​ប្រជាជន​កម្ពុជា​សរុប​ជិត ១៥ លាន​នាក់ សូមមេត្តា​វាង​ចាក​ឲ្យ​ឆ្ងាយ​ពី​សុរា គ្រឿង​ស្រវឹង ពិសេស​ក្នុងពេល​បុណ្យទាន​នេះ។ ព្រោះថា សុរា អាច​​នាំ​ដល់​គ្រោះថ្នាក់ រហូត​ដល់​​​អាយុ​ជីវិត​​។

សូមប្រែក្លាយ ការជួបជុំបងប្អូនញត្តិមិត្ត នៅស្រុកកំណើត ដោយការទទួល​ទាន​ស្រា​គ្រឿង​ស្រវឹង មក​ជា​​ភេស​ជ្ជៈ ទឹក​ក្រូច ទឹក​ផ្លែ​ឈើ កាហ្វេ និង​ទឹក​តែ ហើយ​ជជែកលេង សើច​សប្បា​យ​វិញ៕​​

ពេល​បុណ្យ​ភ្ជុំ ប្រជាពលរដ្ឋ​អ្នក​កាន់​ព្រះពុទ្ធសាសនា ទៅ​វត្ត តែ​មកវិញ ភាគច្រើន សេព​គ្រឿង​ស្រវឹង​!