ប្រចណ្ឌផង ស្រវឹងផង ទាញ​កាំបិត​ផ្គាក់​កាប់ប្រពន្ធ​​របួស​ធ្ងន់ធ្ងរ​

ខេត្តរតនគិរី ៖ បុរស​ជា​ប្តី​​​​​ប្រើ​អំពើ​ហិ​ង្សា​ដោយ​យក​​កាំបិត​ផ្គាក់កាប់​​ប្រហារ​​​ទៅ​លើ​ក្បាល​ស្ត្រី​​ជាប្រពន្ធ​​ជា​ច្រើន​កាំបិត​បណ្តាល​​​​ឱ្យ​រង​របួស​​ធ្ងន់​​​ធ្ងរ កាល​ពី​​វេលា​ម៉ោងជាង​១២​ថ្ងៃ​ត្រង់​​​ថ្ងៃ​ទី​៨​ តុលា​ ​​២០១៥ ​ស្ថិតនៅ​​ភូមិ៣​ ​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូន​មុំ​ ។

​លោក​អធិការ​​នគរ​បាល​ស្រុក​កូន​មុំ​ បានឱ្យ​ដឹង​ថា​ ​​​​បុរស​ជា​ប្តី​​ដៃ​ដល់​​ឈ្មោះ​ វាង ​ធិ​ន ​​អាយុ​២៧​​ឆ្នាំ ​​ក្រោយ​ពី​​ធ្វើ​សកម្ម​ភាព​រួច​បាន​​​​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​​បាត់​​ ​។ ចំណែក​ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​ ស្រី​ ពៅ​ អាយុ​២១​ឆ្នាំ​ ​​​ទាំង​២នាក់​ប្តីប្រពន្ធ​ ជា​ប្រជា​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។

​ក្រោយ​កើត​ហេតុ ​​​ស្ត្រីរង​គ្រោះ​ ​ត្រូវ​បាន​​សាច់ញាតិ​​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ ស្រុក​កូន​មុំ​ តែ​គ្រូពេទ្យ​ប្រាប់​ថា ​របួសធ្ងន់​ខ្លាំង​ពេក​មិន​អាច​ព្យាបាល​បាន​​​​​​សាច់ញាតិ​​ក៏​បញ្ជូន​បន្ត​​ទៅ​​ព្យា​បាល​នៅ​ឯ​រាជ​ធានី​​ភ្នំពេញ​ជា​បន្ទាន់​ភ្លាមៗ ​​​មិនដឹង​ថា​ស្លាប់​ឬ​រស់​នៅឡើយ​ទេ​ ។​

​លោក​​ ​បាន​បន្ត​​ថា ​​មុន​ពេល​កើត​ហេតុ បុរស​​ជា​ប្តី​​​​​​​​ប្រចណ្ឌ​ប្រពន្ធ​​ជា​យូរ​ខែមក​ហើយ ​ហើយ​​​​ពេល​ផឹកស្រវឹង​​​ម្តង​ៗ ​តែងតែ​មក​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ​និង​ប្រមាថ​កាប់សម្លាប់​​ចោល​ជា​ច្រើន​ដងដែរ​ ​ទើប​មក​ដល់​ថ្ងៃ​កើតហេតុ​​ ​បន្ទាប់​ពី​​ផឹក​ស្រា​ជាមួយ​មិត្ត​ភក្តិ​​ក្នុងភូមិ​​ ពេល​​​មក​ដល់​ផ្ទះ​​ក៏​ឈ្លោះប្រកែក​ជា​មួយ​​ប្រពន្ធ​២-៣​ម៉ាត់​ ​​ស្រាប់​​តែ​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្គាក់​​មក​កាប់​​​ប្រហារ​​ប្រពន្ធ​ជា​ច្រើន​កាំបិត​​​ ​រួច​ក៏​រត់គេច​ខ្លួន​ទៅ​ពួន​នៅ​​ចម្ការ​​ក្បែរ​ភូមិ​ ​ត្រូវ​បាន​សមត្ថកិច្ច​​​ពង្រាយ​កម្លាំងគ្រប់​ច្រកល្ហក​​ ទើប​​​ចាប់​ជន​ដៃ​ដល់​​បាន​នៅ​ព្រឹក​​ថ្ងៃ​​ទី​៩ តុលា ​ហើយ​​​បញ្ជូន​ខ្លួន​មក​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​​​ ដើម្បី​កសាង​​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត ​​ដើម្បី​ចាត់ការ​តាម​នី​តី​វិធី​ ​។

ប្រភព​ព័ត៌​មាន​​ដែល​ទទួល​បាន​​នៅ​ល្ងាច​​​ថ្ងៃទី​៩ តុលា​​​ នេះ បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំពេញ ​មិន​សង្ឃឹម​ថា​រស់នោះទេ ៕