កីឡាប្រពៃណីត្រៀមរួចជាស្រេច ដើម្បីប្រកួត និងសម្តែងថ្ងៃភ្ជុំបិណ្ឌធំនៅវត្តវិហាសួគ៌

ប្រភេទ​កីឡា​បែប​ប្រពែណី​របស់​ខ្មែរ​ចំនួន​៤​ប្រភេទ​រួម​មាន​ចំបាប់ ប្រណាំង​ក្របី ប្រណាំង​សេះ និង​គុន​ដំបង បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើ​ការ​ប្រកួត និង​សម្តែង​ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ ​នៅ​បរិវេណ​វត្តវិហារសួគ៌ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែតុលា ខាង​មុខ​នេះ។

ការ​រៀបចំ​​ឲ្យ​មាន​ការ​ប្រកួត និង​សម្តែង​កីឡា​បែប​ប្រពៃ​ណី នៅ​វត្ត​វិហារសួគ៌ ចំថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ​នេះ មិន​មែនទើប​តែ​មាននៅ​ឆ្នាំ​នេះ​ឡើង គឺ​ប្រជា​ពល​រដ្ឋ​ និង​ព្រះ​សង្ឃ​នៅ​​ទីនោះ បាន​​នាំគ្នា​រៀបចំ​ឲ្យ​មាន​​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ព្រោះ​ពួក​គាត់​គិត​ថា ការ​រៀបចំ​ឲ្យ​មាន​​ការ​ប្រកួត និង​សម្តែង​កីឡា​បែប​ប្រពៃណី​នេះ ពិសេស​ការប្រណាំង​សេះ និង​ក្របី​ ជា​ជំនឿ​ និង​ជា​និមិត្ត​រូប​ថ្វាយ​អ្នក​តា​​ម្ចាស់​​ស្រុក ដើម្បី​​ឲ្យជួយ​​ថែ​រក្សា​​​ដល់​សត្វ​ទាំង​នេះ​កុំ​ឲ្យ​ឈឺ​។
1
យ៉ាង​ណា​មិញ ​​ ការ​ចូល​រួមជួយជ្រោម​ជ្រែង​របស់​​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​កណ្តាល និង​គណៈកម្មាធិការជាតិ​អូឡាំ​ពិកកម្ពុជា(NOCC) នឹង​ធ្វើ​ឲ្យ​​ការ​ប្រកួត និង​សម្តែង​កីឡា​ប្រពៃ​ណី នៅ​វត្ត​ហារសួគ៌ ក្នុង​ថ្ងៃ​បុណ្យភ្ជុំ​បិណ្ឌ​ធំ ក្នុង​ឆ្នាំ​នេះ កាន់​តែ​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​ឆ្នាំ​មុនៗ ខណៈ​ការ​ប្រកួត និង​សម្តែង កន្លង​មកមាន​ប្រជា​ជន និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូល​រួម​រាប់​ម៉ឺន​នាក់ រក​កន្លែង​ឈរ​ទស្សនា​មិន​ចង់​បាន​នោះ។

បើ​តាម​លោក ធិន វិចិត្រ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡាចំបាប់​កម្ពុជា ដែល​បាន​ចុះ​ទៅ​ជួយ​​រៀបចំ​ការ​ប្រកួត​នេះ​តំណាង​ឲ្យ NOCC បាន​ប្រាប់​កាល​​ពី​រសៀល​ថ្ងៃសុក្រ​ថា នៅ​ឆ្នាំ​នេះ​យើង​បាន​ត្រៀម​អ្នក​លេងចំបាប់​ពី​៣០​ទៅ​៥០​គូ ដើម្បី​ធ្វើ​ការ​ប្រកួត​គ្នា រីឯ​​សេះ និង​ក្របី មាន​ប្រមាណ​ពី​៣០​ទៅ​៥០​ក្បាល សម្រាប់​ដាក់​ឲ្យ​ប្រណាំង​គ្នា និង​អ្នក​គុណ​ដំបងមាន​​ពី​៤​ទៅ​៨​គូ ផង​ដែរ។
2
លោក​បាន​បញ្ជាក់​ថា៖​«​ការ​​ប្រកួត និងសម្តែង​នេះ គឺ​ធ្វើ​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ ចំថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ​តែ​ម្តង ហើយ​គិត​មក​ដល់​ថ្ងៃ​សុក្រ​នេះ ទាំង​កន្លែង​ប្រណាំង​ក្របី ប្រណាំង​សេះ គុនដំបង និង​កន្លែង​ប្រកួត​ចំបាប់ បាន​រៀបចំ​រួច​រាល់​អស់​ហើយ ហើយ​នៅ​ឆ្នាំ​នេះ​កាន់​តែ​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​មុន ព្រោះ​មាន​ការ​ចូល​រួម​ពី NOCC ​និង​ដៃ​គូឧត្ថម្ភ​គឺ​​ស្រាបៀរ​អង្គរ ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ប្រកួត និងសម្តែង​នៅឆ្នាំ​នេះ អាច​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​ជាង​ឆ្នាំ​មុនៗ»។

លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​ NOCC ​​បាន​ថ្លែង​ថា​៖«​ឆ្នាំ​នេះ​ខាង​យើង​នឹង​ចូល​រួម​ដើម្បី​ធ្វើ​ឲ្យ​មាន​ទ្រង់​ទ្រាយ​ស្តង់ដារ​ល្អ​ជាង​បណ្តា​ឆ្នាំ​មុនៗ​ ​ព្រោះ​ការ​ប្រ​កួត និង​សម្តែង​កីឡា​​ប្រពៃណី​ ​គប្បី​មាន​ការ​គោរព​លក្ខខណ្ឌ​មួយ​ឲ្យ​បាន​ច្បាស់​លាស់ ​​ដើម្បីយើង​អាច​​ចង​ក្រង​ជា​ឯក​សារ​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ​​ដោយ​សារ​​ជា​កីឡា​វប្បធម៌​ជាតិ​ខ្មែរ​មួយ​ដ៏​ល្អ​ផូរ​ផង់»​៕​​