សម្តេចប្រធានរដ្ឋសភា កាន់បិណ្ឌទី១២ នៅវត្តថ្កូវ

ត្បូងឃ្មុំ ៖ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ នេះ បន្ទាប់និមន្តព្រះសង្ឃ៥អង្គ បង្សុកូលជូនវិញ្ញាណក្ខន្ធ លោក ព្រឹទ្ធាចារ្យ ឧបាសក សៅ យូ ដែលជាឪពុក និងឧបាសិកា ហេង សឹម និងឧបាសិកា ពេជ្រ ទូច ដែលត្រូវជាម្តាយ និងជីដូន និងសាច់ញាតិលោហិត ដែលបានចែកឋានទៅកាន់លោកខាងមុខ នៅភូមិគ្រឹះសម្តេច នាភូមិកំណើត រួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ក៏បាន អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តសុវណ្ណារាម ហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ពិធីបុណ្យកាន់បិណ្ឌនេះ ក៏មានការអញ្ជើញចូលរួម ពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនផងដែរ ។

បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជា ដល់ព្រះពុទ្ធរូប និងបង្សុកូលសមាទានសីលរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ និងបងប្អូន ពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញប្រារព្ធ ធ្វើកិច្ច តាមប្រពៃណី ព្រះពុទ្ធសាសនា រាប់បាត្រ និងវេចង្ហាន់ប្រគេនព្រះសង្ឃ ទៅតាមទំនៀមទម្លាប់ ទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូនជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋាន ទៅលោកខាងមុខ សូមបានដល់ឋានសុខតិភព កុំបីឃ្លាងឃ្លាតឡើយ និងសូមបួងសួងឱ្យកូនចៅនៅខាងក្រោយ ជួបតែសេចក្តីសុខរីកចម្រើនរកស៊ីមានបាន និងមានអាយុយឺនយូរ ។

តាមនិយមន័យបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីសាសនាដ៏សំខាន់បំផុតនៅប្រទេសកម្ពុជា ហើយពិធីកាន់បុណ្យ នេះរយៈពេល១៥ថ្ងៃ ដែលមានតាំងពីសម័យអង្គរមកម្ល៉េះ ។ បុណ្យនេះតែងចាប់ផ្តើមពីថ្ងៃទី១ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី ១៤ រោច ខែភទ្របទ ត្រូវនឹងថ្ងៃ១១ ខែតុលា រៀងរាល់ឆ្នាំ។

ទាក់ទិនទៅនឹងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ តែងមានជំនឿថា នៅ ក្នុងរដូវកាន់បិណ្ឌភ្ជុំបិណ្ឌនេះ យមរាជតែងបានដោះលែងព្រលឹងអ្នកដែលស្លាប់ទៅ ជាពិសេសព្រលឹង អ្នកដែល ស្លាប់រសាត់អណ្តែត ពោលគឺមនុស្សទុគ៌ត ក្មេងកំព្រា មនុស្សគ្មានទីពឹង ឬមនុស្សដែលស្លាប់ក្នុងសង្គ្រាម ដែល គេមិនបានធ្វើបុណ្យឱ្យ មកជួបជុំឪពុក-ម្តាយ បងប្អូន សាច់ញាតិ ។ ដូច្នេះ« ការពិតន័យសំខាន់របស់ភ្ជុំបិណ្ឌ គឺ ត្រូវជួយព្រលឹងតែលតោលឲ្យចាប់ជាតិ ហើយមិនទុកឲ្យនៅតែលតោលគ្មានទីបញ្ចប់នោះទេ» ប្រសិនបើព្រលឹង ខ្មោចមករកឪពុក-ម្តាយ បងប្អូន សាច់ញាតិ ក្នុងរយៈពេល ៧វត្ត មិនឃើញទេ ព្រលឹងខ្មោចនោះ នឹងដាក់ បណ្តា សារឱ្យយើងរកស៊ីមិនមានបានដូចគេដូចឯង ។ ហេតុនេះហើយបានជារយៈពេល១៤ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ ប្រជា ជនខ្មែរកាន់សាសនាព្រះពុទ្ធ តែងមកជួបជុំគ្នា នៅតាមវត្តអារាមមុនពេលថ្ងៃរះ នៅតាមវត្តអារាមនានា ក្នុងបំណង ដើរប្រទក្សិណបីជុំ ដោយស្ងៀមស្ងាត់ជុំវិញព្រះវិហារ ដើម្បីបោះបាយបិណ្ឌ ដែលបកប្រែជាភាសាខ្មែរថា “ភ្ជុំបិណ្ឌ” ដើម្បីផ្តល់អាហារដល់ព្រលឹងដែលវិលវល់ ដើម្បីឲ្យពួកគេអាចទៅចាប់ជាតិបាន ។

 “ពិធីបុណ្យនេះតាមពិតមានទស្សនីយភាពល្អអស្ចារ្យ ពីព្រោះគេធ្វើឡើងនៅពេលយប់ ក្នុងចំណោមមនុស្ស ស្ងៀមស្ងាត់នៅមុនពេលថ្ងៃរះ ហើយគេធ្វើពិធីនេះជាទៀងទាត់រៀងរាល់ឆ្នាំតាំងពីដូនតាមក ដោយប្រគេនចង្ហាន់ ដល់ព្រះសង្ឃនៅពេលថ្ងៃ ដើម្បីឧទ្ធិសកុសលផលបុណ្យឱ្យបានដល់វិញ្ញាណក្ខន្ធឪពុក-ម្តាយ បងប្អូន ញាតិកាទាំង ៧សន្តាន ដែលបានស្លាប់បានទៅសោយសុខក្នុងឋានសុគតិភព ហើយឆាប់បានចាប់ជាតិកំណើតមកវិញ។

ភ្ជុំបិណ្ឌបញ្ចប់នៅថ្ងៃទី១៥ ជាមួយនឹងពិធីសាសនាដ៏ធំនៅតាមវត្ត ដែលបញ្ចប់នៅពេលថ្ងៃត្រង់ ប៉ុន្តែ ព្រះសង្ឃនៅ ធ្វើពិធីសូត្រធម៌ពេញមួយថ្ងៃ នៅវត្តនីមួយៗរបស់ពួកគេ ៕

សម្តេចប្រធានរដ្ឋសភា កាន់បិណ្ឌទី១២ នៅវត្តថ្កូវ

សម្តេចប្រធានរដ្ឋសភា កាន់បិណ្ឌទី១២ នៅវត្តថ្កូវ