បទ​វិភាគ៖ តើ​កម្ពុជា​ដល់​ពេល​​ធ្វើ​សមាហរណកម្ម​ក្នុង​ប្លុក​ពាណិជ្ជ​​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឬ​នៅ?

កិច្ច​ព្រមព្រៀង​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ត្រូវ​បាន​បង្កើត​ឡើង ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​សេរី​ជាមួយ​បណ្ដា​ប្រទេស​​ក្នុង​តំបន់​ជាប់​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក។

មាន​មតិ​ខ្លះ​យល់​ឃើញ​ថា ការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​នេះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ទប់​ទល់​នឹង​មហាអំណាច​ចិន នៅ​អាស៊ី​តែ​ប៉ុណ្ណោះ។ តើ​ប្លុក​ពាណិជ្ជកម្ម​នេះ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​ប្រទេស​កម្ពុជា? តើ​កម្ពុជា ដល់​ពេល​ហើយ ឬ​នៅ ដើម្បី​សម្លឹង​ឆ្ពោះ​ទៅ​សមាហរណកម្ម​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក?

កិច្ច​ព្រមព្រៀង​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក គឺ​ជា​ប្លុក​ពាណិជ្ជកម្ម​សេរី​រវាង​បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​គោល​បំណង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ជា​ហត្ថលេខី តាម​រយៈ​ការ​កាត់​បន្ថយ​រនាំង​ពាណិជ្ជកម្ម​ ដូចជា ការ​អនុគ្រោះ ឬ​ការ​បន្ធូរបន្ថយ​ពន្ធអាករ ការ​កំណត់​បទដ្ឋាន​ពលកម្ម​ ការ​ពង្រឹង​និយាម​ច្បាប់​ការងារ​ និង​បរិស្ថាន ការ​បង្កើត​យន្តការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម និង​ការ​បង្កើត​ក្របខ័ណ្ឌ​រួម​ក្នុង​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ជាដើម។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្លុក​ពាណិជ្ជកម្ម «កិច្ច​ព្រមព្រៀង​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក» មាន​ផលិត​ផល​សរុប (GDP) ជិត ៦០​ភាគរយ នៃ​ផលិត​ផល​សរុប​ពិភពលោក​ និង​មាន​សមាជិក​ជា​ហត្ថលេខី​ចំនួន ១២​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ ម៉ិកស៊ីកូ ប៉េរូ កាណាដា​ ឈីលី​ ជប៉ុន នូវែលហ្សេឡង់ ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន ៤​ប្រទេស​ផង​ដែរ​ គឺ ​ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម​ និង​ សិង្ហបុរី។

មាន​មតិ​ខ្លះ​យល់​ឃើញ​ថា ការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​នេះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ទប់​ទល់​នឹង​មហា​អំណាច​ចិន នៅ​អាស៊ី​តែ​ប៉ុណ្ណោះ។ ខណៈ​ដែល​មហា​យក្ស​អាស៊ី​មួយ​នេះ​ បាន​សម្រេច​ដោយ​ជោគជ័យ​ក្នុង​ការ​​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ក្នុង​តំបន់ គឺ​កិច្ច​ព្រមព្រៀង​នៃ​ការ​រៀបចំ​ដៃគូ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership) ហៅ​កាត់​ថា (RCEP) កាល​ពី​ឆ្នាំ​២០១២។

សម្រាប់​ប្រទេស​កម្ពុជា ការ​ធ្វើ​សមាហរណកម្ម​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម «កិច្ច​ព្រមព្រៀង​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក» នេះ នឹង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគទុន​បរទេស សាជីវកម្ម​ពហុជាតិ​ធំៗ អោយ​មក​​បណ្ដាក់​ទុន​នៅ​ក្នុង​ប្រទេស​កាន់​តែ​ច្រើន​ដោយ​ហេតុ​ថា តម្លៃ​ពលកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​តម្លៃ​ទាប​ ដែល​ជា​កត្តា​ជួយ​បង្កើន​ទីផ្សារ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ កាត់​បន្ថយ​បញ្ហា​ចំណាក​ស្រុក​ និង​លើក​ស្ទួយ​សេដ្ឋកិច្ច​កម្ពុជា។

ប្រសិនបើ​កម្ពុជា ក្លាយ​ទៅ​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ ព្រំដែន​ពន្ធ​គយ នឹង​ត្រូវ​បាន​លុប​ចោល ឬ​បន្ធូរបន្ថយ ដែល​កត្តា​នេះ​នឹង​អំណោយ​ផល​ដល់​រោងចក្រ សហគ្រាស​ក្នុង​ស្រុក ក្នុង​ការ​បង្កើន​​សង្វាក់​ផលិតកម្ម​នាំ​ចេញ​ទៅ​បណ្ដា​ប្រទេស​សមាជិក​ផ្សេង​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​មិន​ត្រឹមតែ​លើ​​វិស័យ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​វិស័យ​ការទូត​ និង​កិត្យានុភាព​កម្ពុជា នៅ​ក្នុង​ឆាក​អន្តរជាតិ​ថែម​ទៀត​ផង។

យ៉ាង​ណា​មិញ កម្ពុជា​នឹង​ជួប​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​ដំណើរ​សមាហរណកម្ម​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ ដោយ​ហេតុ​ថា កម្ពុជា​នឹង​ខាត​បង់​ចំណូល​រដ្ឋ​លើ​ពន្ធ​អាករ ធនធាន​មនុស្ស​កម្ពុជា នៅ​មាន​កម្រិត បរិមាណ​និង​គុណភាព​នៃ​ទំនិញ​សម្រាប់​នាំចេញ​នៅ​មាន​កម្រិត​ទាប​ ការ​ពុំ​ទាន់​ពង្រឹង​ការ​ទុក​ចិត្ត​ដល់​​អ្នក​វិនិយោគទុន​បរទេស បញ្ហា​អំពើ​ពុករលួយ និង​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​បទដ្ឋាន​​គតិយុត្តិ​ជាដើម។ លើស​ពី​នេះ​ទៅ​ទៀត កម្ពុជា​នឹង​អាច​ធ្លាក់​ជា​ចំណុះ និង​គ្រប​ដណ្ដប់​សេដ្ឋកិច្ច​ដោយ​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ផ្សេង​ទៀត។

ក្នុង​បរិបទ​បច្ចុប្បន្ន​ ដើម្បី​សម្រេច​តាម​បទដ្ឋាន​ផលិតភាព និង​លក្ខខណ្ឌ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ កម្ពុជា​ហាក់​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នៅ​ឡើយ។ ជាក់ស្ដែង ​កម្ពុជា​នៅ​មាន​បញ្ហា​ជា​ច្រើន​កំពុង​ប្រឈម​ដូចជា​ បញ្ហា​បទដ្ឋាន​ផលិតភាព​ទាប អំពើ​ពុករលួយ ការ​ខ្វះ​កម្លាំង​ពលកម្ម​មាន​ជំនាញ លក្ខខណ្ឌ​ការងារ​ គុណភាព​សេវាកម្ម ​និង​កម្មសិទ្ធិ​បញ្ញា ជាដើម។

យ៉ាងណាមិញ​ ការ​យក​ចិត្ត​ទុកដាក់​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ និង​ពង្រីក​ទំនាក់​ទំនង​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន​អោយ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ជាង​មុន​ជាមួយ​ដៃគូ​ក្នុង​តំបន់​ដែល​មាន​ស្រាប់ តួ​យ៉ាង​ដូចជា​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចុង​ឆ្នាំ​២០១៥ គួរ​ជា​​អាទិភាព​ក្នុង​ពេល​បច្ចុប្បន្ន ប្រសើរ​ជាង​ការ​សម្លឹង​ឆ្ពោះ​ទៅ​រក​ប្លុក​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ខណៈ​ដែល​កម្ពុជា មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។