បុណ្យ​ភ្ជុំ​៖ ទូត​អាមេរិក William Heidt នាំ​ភរិយា​ទៅ​វត្ត​ឧណ្ណាឡោម

ភ្នំពេញ: ​លោក William Heidt ឯកអគ្គរដ្ឋទូត​ថ្មី របស់​អាមេរិក ប្រចាំ​កម្ពុជា បាន​នាំ​ភរិយា លោកស្រី មនោ​សុធី (  Sotie Heidt ) ដែលជា​ជនជាតិខ្មែរ ទៅ​វត្ត​ឧណ្ណាឡោម ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៩​តុលា​នេះ​។ ភ្ជាប់​នឹង​រូបថត​ជាច្រើន​ប៉ុស្តិ៍​របស់​ឯកអគ្គរដ្ឋទូត​ថ្មី និង​ភរិយា ដែលជា​ជនជាតិខ្មែរ ស្ថានទូត​អាមេរិក បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​ជួបប្រទះ​តែ​នឹង​សុវត្ថិភាព​ក្នុងពេល​ឈប់សម្រាក សាទរ​បុណ្យ​ភ្ជុំបិណ្ឌ ពេលនេះ​។​

​សូម​រម្លឹកថា លោក William A. Heidt ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មកដល់​កម្ពុជា កាលពី​ចុងខែ​កញ្ញា ដើម្បី​បំពេញ​បេសក​កម្ម​​ការ​ទូត​របស់ខ្លួន​។​

​មុនពេល​មកដល់​កម្ពុ​ជា ស្ថានទូត​អាមេរិក បាន​ផ្សព្វផ្សាយ​នូវ​វិ​ដេ​អូ រយៈពេល​ជិត ២ នាទី របស់លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា រួមជាមួយ​ភរិយា ដែលជា​ជនជាតិខ្មែរ​។ លោក​ឯកអគ្គរដ្ឋទូត បាន​និយាយ ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ បង្ហាញ​ពី​ចំណាប់អារម្មណ៍ នៅពេលដែល​លោក​បានមក​បំពេញការងា​រ​នៅ​កម្ពុជា​។​

​ដោយនិយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់​នោះ លោក​ទូត​អាមេរិក​ថ្មី រំពឹងថា ក្នុង​អាណត្តិ​ការទូត​របស់លោក​រយៈ​ពេល ៣ ឆ្នាំ នឹង​នាំ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក កាន់តែ​រឹងមាំ​ថែមទៀត​។​

​ក្នុង​អាជីព​ជា​អ្នកការទូត លោក William A. Heidt បាន​លើកឡើងថា លោក​បានធ្វើការ​នៅ​អឺរ៉ុប អាស៊ី​បូព៌ា ទីក្រុង​ញូវយ៉ក និង​ទីក្រុង​វ៉ា​ស៊ីន​តុ​ន​។ ប៉ុន្តែ​លោក​ឯកអគ្គរដ្ឋទូត បាន​អះអាងថា ប្រទេស​កម្ពុជា គឺជា​កន្លែង​ពិសេស​ក្នុង​បេះដូង​របស់លោក​៕​

បុណ្យ​ភ្ជុំ​៖ ទូត​អាមេរិក William Heidt នាំ​ភរិយា​ទៅ​វត្ត​ឧណ្ណាឡោម

បុណ្យ​ភ្ជុំ​៖ ទូត​អាមេរិក William Heidt នាំ​ភរិយា​ទៅ​វត្ត​ឧណ្ណាឡោម

បុណ្យ​ភ្ជុំ​៖ ទូត​អាមេរិក William Heidt នាំ​ភរិយា​ទៅ​វត្ត​ឧណ្ណាឡោម

បុណ្យ​ភ្ជុំ​៖ ទូត​អាមេរិក William Heidt នាំ​ភរិយា​ទៅ​វត្ត​ឧណ្ណាឡោម
​លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា និង​ភរិយា លោកស្រី មនោ​សុធី នៅវត្តឧណ្ណាឡោម កាលពីព្រឹកថ្ងៃទី៩តុលា ( រូបភាពទូតអាមេរិក )