ពលរដ្ឋ​នៅ​ស្រុក​មេមត់​ថា​ការ​បោះ​បង្គោល​រណប​ព្រំដែន​មិន​មាន​តម្លាភាព

អាជ្ញាធរ​ព្រំដែន​វៀតណាម និង​អាជ្ញាធរ​ព្រំដែន​ដែន​ខ្មែរ សម្រេច​បោះ​បង្គោល​រណប​នៅ​ក្បែរ​តំបន់​ដី​ជម្លោះ ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ការ​សម្រេច​បោះ​បង្គោល​នោះ គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​ពេញ​ចិត្ត​ឡើយ ព្រោះ​ពួកគេ​យល់​ថា ការ​បោះ​បង្គោល​គឺ​ធ្វើ​ឡើង​ដោយ​លួច​លាក់ និង​មិន​មាន​តម្លាភាព។

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ជាំ ស្រុក​មេមត់ ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា បង្គោល​រណប​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៤ និង ៩៥ ចំនួន​ពីរ ត្រូវ​បាន​បោះ​រួចរាល់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា។ ការ​បោះ​បង្គោល​នោះ អាជ្ញាធរ​ឃុំ​មិន​ដឹង​ថា មាន​នរណា​ខ្លះ​ចូល​រួម​ផង ពីព្រោះ​គ្មាន​នរណា​ជូន​ដំណឹង​សោះ។

មេ​ឃុំ​ជាំ ស្ដីទី លោក អួច អឿន មាន​ប្រសាសន៍​ថា បង្គោល​រណប​ចំនួន​ពីរ ដោយ​មាន​លេខ​សំគាល់ លេខ​១ និង លេខ​២ បាន​បោះ​ជា​ស្ថាពរ ទើប​ខាង​ប៉ូលិស​ទូរស័ព្ទ​មក​ប្រាប់​អាជ្ញាធរ​ឃុំ​តាម​ក្រោយ។ ទង្វើ​នេះ លោក​ថា គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​មិន​ត្រឹមត្រូវ ពីព្រោះ​របៀប​ធ្វើ​ការងារ​របស់​អាជ្ញាធរ​ព្រំដែន ហាក់​ចាត់​ទុក​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ទីងមោង ដែល​មិន​ដឹង​ខ្យល់​អ្វី​ទាំង​អស់៖ «ដល់​ពេល​គាត់​មក​បោះ មក​បោះ​របៀប​លួចលាក់។ ដល់​អ៊ីចឹង​ខ្ញុំ​អត់​ទទួល​យក​ទេ»

បង្គោល​រណប​នោះ គឺ​បោះ​នៅ​ក្បែរ​របង​វត្ត​បឹងជ្រោង ដែល​ជា​កន្លែង​មាន​ភាព​ចម្រូងចម្រាស​កាល​ពី​ពេល​មុន ប៉ុន្តែ​អាជ្ញាធរ​ព្រំដែន​វៀតណាម អះអាង​ថា ជា​ដី​របស់​ពួកគេ។

ពលរដ្ឋ​នៅ​ឃុំ​ជាំ មួយ​រូប លោក គរ ស្ងួន មាន​ប្រសាសន៍​ថា ស្រប​ពេល​ដី​នៅ​តំបន់​នោះ​កំពុង​មាន​វិវាទ ស្រាប់តែ​អាជ្ញាធរ​ព្រំដែន​នាំ​គ្នា​ទៅ​បោះ​ស្ងាត់ៗ​បែប​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​យល់​ថា ជា​សកម្មភាព​រំលោភ​ដីធ្លី​របស់​ពួកគាត់​តែម្ដង៖ «ខ្ញុំ​យល់​ឃើញ​ថា គេ​មិន​ឱ្យ​យើង​ចូលរួម គឺ​គេ​ចង់​រំលោភ​យក​ដី​យើង​តែម្ដង។ បើ​ឱ្យ​យើង​ចូលរួម បាន​ទៅ​ខាង​ណា​បាន​ទៅ បោះ​ឱ្យ​ស្មើភាព​គ្នា»

វិទ្យុ​អាស៊ីសេរី មិន​ទាក់ទង​មេ​ប៉ុស្តិ៍​ព្រំដែន​បឹងជ្រោង លោក ធាម ដែន និង​មន្ត្រី​ប៉ុស្តិ៍​ផ្សេង​ទៀត រួម​នឹង​មន្ត្រី​ទទួល​បន្ទុក​ការងារ​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ បាន​ទេ​នៅ​ថ្ងៃ​ទី​៩ តុលា។

យ៉ាង​ណា កាល​ពី​ពេល​កន្លង​ទៅ អនុ​ប្រធាន​គណៈកម្មការ​ព្រំដែន អ្នកស្រី កុយ ពិសី មាន​ប្រសាសន៍​ថា រាល់​ការ​បោះ​បង្គោល​ព្រំដែន គឺ​ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​ភាគី​ទាំង​ពីរ។ អ្នកស្រី​ថា ប្រសិនបើ​មាន​ភាគី​ណា​បោះ​ដោយ​ឯកតោ គឺ​ជា​បង្គោល​ដែល​ខុស​ច្បាប់ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា កន្លង​មក សកម្មភាព​បោះ​បង្គោល​ព្រំដែន គឺ​តែងតែ​ចូលរួម​ពី​ភាគី​ទាំង​ពីរ​ជានិច្ច ហើយ​បច្ចុប្បន្ន គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​សម្រេច​បាន ៨៣% ហើយ។

ការ​បោះ​បង្គោល​រណប​នៅ​ស្រុក​មេមត់ ជា​បន្តបន្ទាប់​នេះ គឺ​ស្រប​ពេល​វិបត្តិ​ផែនទី និង​ព្រំដែន​កម្ពុជា-​វៀតណាម កំពុង​ឡើង​កម្ដៅ​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន។ ជាមួយ​គ្នា​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន លោក អ៊ុំ សំអាន នៅ​ពេល​ថ្មីៗ នេះ​បញ្ជាក់​ថា លោក​ទើប​រក​ឃើញ​ផែនទី បោន (Bonne) ពិត​ប្រាកដ​ខ្នាត ១/១០០.០០ ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​អង្គការ​សហប្រជាជាតិ ហើយ​លោក​ក៏​ចង់​ឱ្យ​រដ្ឋាភិបាល​ខ្មែរ ស្នើ​ផែនទី​នោះ​យក​មក​ប្រើប្រាស់​ទៀត​ផង។ មិន​តែប៉ុណ្ណោះ ខាង​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ធ្លាប់​លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​កម្ពុជា មិន​ទាន់​ឯកភាព​រឿង​ផែនទី និង​ព្រំដែន ភាគី​ទាំង​ពីរ​មិន​គួរ​បន្ត​បោះ​បង្គោល​ណា​មួយ​ទៀត​ឡើយ។

ទាក់ទិន​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត កត់សម្គាល់​ឃើញ​ថា ដោយសារតែ​មន្ត្រី​កិច្ចការ​ព្រំដែន​ប្រទេស​កម្ពុជា កន្លង​មក​ធ្វើ​ការងារ​មិន​មាន​តម្លាភាព ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត៖ «គាត់​តែង​តែ​រអ៊ូរទាំ​អ៊ីចឹង​ហើយ បាន​យើង​ថា វា​មាន​បញ្ហា​អី​បាន​ជា​គេ​មិន​ឱ្យ​យើង​ដឹង»

លោក​បន្ថែម​ថា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ឬ​អាជ្ញាធរ​មូលដ្ឋាន​ស្ងប់​ចិត្ត រាជរដ្ឋាភិបាល​ត្រូវ​បង្ហាញ​ពី​តម្លាភាព ពោល​គឺ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​ពួកគេ​បាន​ដឹង​ជា​មុន ឬ​ចូល​រួម​ជាដើម ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​លាក់លៀម​ទៀត ពលរដ្ឋ​នៅតែ​បន្ត​សង្ស័យ និង​ចោទ​ប្រកាន់​ទៅ​រាជរដ្ឋាភិបាល​ថា មិន​ស្មោះត្រង់​នឹង​ជាតិ​រហូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។