​រថយន្ត​កាមរី​បា​ឡែ​ន ​បុក​​ពីក្រោយរ៉ឺម៉ក​គោយន្ត ​ក្នុងស្រុកសំរោង​ទង ស្លាប់៣ ​របួស៣ – សណ្តាប់

កំពង់ស្ពឺ៖ ​រថយន្ត​កាមរី​បា​ឡែ​នរត់តាក់ស៊ីមួយគ្រឿង បើកទៅបុក​ពីក្រោយ​រ៉ឺម៉ក​គោយន្ត​ បណ្តាល​ឲ្យ​មនុស្ស​ប្រុស ​ស្រី​៣នាក់បានស្លាប់ និង​របួសស្រាល​បីនាក់​។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅម៉ោង ១០ៈ២២នាទី យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥ និង​៥៦ ក្នុងភូមិ​អូវែ​ង​ ឃុំ​តា​ហែង ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ទាំង៣នាក់នោះមានឈ្មោះ តេង តឿ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ឈ្មោះ នាង នាត ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​ឈ្មោះ​អា​លីន ភេទ​ស្រី អាយុ​២០​ឆ្នាំ​។ ចំណែក​អ្នករបួស​៣នាក់​ឈ្មោះ​លី ជាតា ភេទ​ស្រី ​អាយុ​៤០​ឆ្នាំ ឈ្មោះ​ឆាយ​ អា​រី​យ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ និង​ឈ្មោះ​ហោ​ ស៊ីវ​ហៀ​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ​។ អ្នករងគ្រោះ​ទាំង​៦​នាក់​ រស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ មាន​រថយន្ត​កាមរី​បា​ឡែ​នរត់តាក់ស៊ី​មួយគ្រឿង ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2S-2655 បើកបរ​លើផ្លូវ​ជាតិ​លេខ​៤ ពី​កើ​តទៅ​លិច​ដំណើរ​ស្រប​ទិស​ជាមួយ​រ៉ឺម៉ក​គោយន្ត គឺ​ក្នុងស្ថានភាព​ល្បឿន​ហួសកំណត់​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​នោះបាន​បុក​ពីក្រោយ​រ៉ឺម៉ក​គោយន្ត​ដែលមាន​ដឹក​កូនឈើ​ផង​នោះ ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ជិះ​នៅលើ​គោយន្ត​ធ្លាក់​រដូករណែល​ពេញ​ផ្លូវ ដែល​បណ្តាល​ឲ្យ​មាន​ស្លាប់ និង​របួស​។ ឯ​រ៉ឺម៉ក​គោយន្ត​បាន​ដាច់​តួ និង​ម៉ាស៊ីន​ចេញពី​គ្នា​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា បន្ទាប់ពី​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​រួចមក ​អ្នកបើកបរ​រថយន្ត​មិនស្គាល់ឈ្មោះ និងទីលំនៅ បាន​រត់​គេចខ្លួនបាត់​។ សមត្ថកិច្ច​ជំនាញ​បាន​នាំយក​មធ្យោបាយ​ប​ន្ក និង​រងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកបើកបរ​មក​ទទួល​ខុសត្រូវ​តាមច្បាប់​៕S-031