សាកសពទាហាន មួកខៀវកម្ពុជាមួយរូប នៅម៉ាលី បានបញ្ជូនមកដល់កម្ពុជា កាលពីយប់មិញ – បូរ៉ា

រាជធានីភ្នំពេញ៖ សាកសពទាហាន មួកខៀវកម្ពុជា មួយរូប ដែលបានស្លាប់ដោយសារ​ជំងឺ​គ្រុន​ចាញ់​ នៅ​ក្នុងប្រទេសម៉ាលី ក្នុងពេលបំពេញបេសកកម្មក្រោមឆ័ត្រ ​អង្គការ​សហ​​​ប្រជា​ជាតិ (អ.ស.ប) ​កាលពីថ្ងៃទី១៤កញ្ញាកន្លងទៅនោះ បានបញ្ជូនមកដល់ កម្ពុជាហើយនៅវេលាម៉ោងជាង១៧យប់ថ្ងៃ​ព្រហស្បតិ៍​ទី០៨តុលា តាម​ជើង​​​យន្ត​ហោះ​​របស់ថៃ។

​មន្រ្តីជាន់ខ្ពស់​ក្រសួងការពារជាតិ បាន​ឲ្យដឹងថា ទាហានមួកខៀវកម្ពុជាមួយរូបដែលបានបាត់បង់ជីវិតនោះមានឈ្មោះ​ សួន សំបូរ មានឋានៈជាអនុសេនីយ៍ត្រី​ ជំនាញ​​​​​ឯកទេស​ជាគ្រូពេទ្យមធ្យម បានទទួលមរណភាព ​ដោយសារ​ជំងឺ​គ្រុន​ចាញ់ ​ប្រភេទ​ធ្ងន់ កាលពីថ្ងៃទី១៤ ​ខែកញ្ញា ​ឆ្នាំ២០១៥ នៅ​ក្នុងប្រទេសម៉ាលី​។ហើយនេះជាលើកទី២ហើយ​ ដែលកាលពីឆ្នាំ២០១៤កន្លងមក​ ទាហានមួកខៀវ​កម្ពុជា​ ដែលបានទទួល​មរណភាព ​ដោយការពុល​អាហារនៅក្នុង​ប្រទេសម៉ាលីផងដែរ៕បូរ៉ាអ.ស.ប